រាជធានីភ្នំពេញ ៖ ស្ថិតក្រោមគម្រោងលើកកម្ពស់គុណភាព និងនវានុវត្តន៍សាលាជាតិកសិកម្មកំពង់ចាម ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល បានបើកការបណ្ដុះបណ្ដាលតាំងពីឆ្នាំ១៩៩៥មក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ ហៅកាត់ថា KOICA បានសហការជាមួយក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងប្រមូលផ្ដុំគំនិត និងអនុសាសន៍នានាបង្កើតផែនការមេ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអប់រំដែលមានស្រាប់ និងដើម្បីអភិវឌ្ឍន៍សាលានេះឲ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលមានសមត្ថភាព និងមានការទទួលស្គាល់នៅក្នុងតំបន់ និងជាសកល ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារKOICA ។
លោក ចុង យ៉ុនហ្គិល (Jeong Yun Gil) នាយកទីភ្នាក់ងារKOICAប្រចាំនៅកម្ពុជា បានឲ្យដឹងថា ការរៀបចំផែនការមេនេះ មិនត្រឹមតែជាឯកសារគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងឧបសគ្គដែលកំពុងកើតមាននាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងជាផែនទីចង្អុលបង្ហាញផ្លូវចំពោះសាលាជាតិកសិកម្មមួយនេះ ដើម្បីដឹងពីគោលដៅដែលសាលាគួរតែបន្ដដំណើរទៅមុខនៅថ្ងៃអនាគត ។
ថ្លែងបន្ទាប់ពីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលរបាយការណ៍ពាក់កណ្ដាលដំណើរការនៃគម្រោងលើកកម្ពស់គុណភាព និងនវានុវត្តន៍សាលាជាតិកសិកម្មកំពង់ចាម កាលពីព្រឹកថ្ងៃទី៦ កក្កដា លោក ចុង យ៉ុនហ្គិល បានបញ្ជាក់ថា ៖« កសិកម្ម គឺជាវិស័យអាទិភាពមួយស្ថិតនៅក្នុងយុទ្ធសាស្ត្ររបស់KOICAក្នុងការរួមចំណែកអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ហើយសាលាជាតិកសិកម្មកំពង់ចាម គឺជាគោលដៅនៃក្រុមអ្នកទទួលផលរបស់គម្រោងនេះ ។ ដូច្នេះហើយបានជាយើងកំពុងរៀបចំផែនការមេ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលាជាតិមួយនេះ»។ យ៉ាងណាក្ដី ដើម្បីឲ្យផែនការមេនេះដំណើរការ ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសឆន្ទៈរបស់រាជរដ្ឋាភិបាល ។
លោកថ្លែងថា ៖« ការរៀបចំផែនការ វាគ្រាន់តែជាឯកសារ និងគោលនយោបាយតម្រង់ទិសទេ អីចឹង ដើម្បីឲ្យផែនការនេះដំណើរការ លុះត្រាតែមានឆន្ទៈ ឬក៏ការប្ដេជ្ញាខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ហើយKOICAនឹងពិចារណាបន្ដការគាំទ្រ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាពិតជាមានការប្ដេជ្ញាខ្ពស់ក្នុងការអនុត្តផែនការមេនេះ » ។ ស្ថិតក្រោមគម្រោងលើកកម្ពស់គុណភាព និងនវានុវត្តន៍សាលាជាតិកសិកម្មកំពង់ចាមនេះ បច្ចុប្បន្ន មន្ត្រីរបស់សាលាចំនួន៥រូបកំពុងតែបន្ដការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ ហើយពួកគេនឹងត្រឡប់មកវិញនៅចុងឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការមេ ក៏ដូចជាកម្មវិធីសិក្សា និងសៀវភៅសិក្សាថ្មី ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងអ្នកជំនាញការកូរ៉េ និងកម្ពុជា ។
លោក ឱម គឹមស្រ៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ៖« សាលាជាតិកសិកម្មកំពង់ចាមមានបង្រៀនជំនាញឯកទេសចំនួន៥រួមមាន វិទ្យាសាស្ត្រកសិកម្ម, វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ, វិទ្យាសាលជលផល, វិទ្យាសាស្ត្រដំណាំកៅស៊ូ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ » ។ លោកបន្ដថា ៖« ដោយសារតែសាលា ស្ថិតនៅឆ្ងាយពីក្រុងភ្នំពេញ យើងឃើញថា បានជួបការលំបាក ខ្វះមុខ ខ្វះក្រោយដូចជា ខ្វះធនធានមនុស្ស, ថវិកា, សម្ភារសិក្សា និងពិសោធន៍ស្រាវជ្រាវ, ការចូលរួមគាំទ្រពីបណ្ដាអង្គភាពពាក់ព័ន្ធ និងអ្នកជំនាញសំខាន់ៗក្នុងវិស័យកសិកម្ម ដែលជាបញ្ហាដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។ ដោយមើលឃើញបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយពីរដ្ឋាភិបាលនៃប្រទេសកូរ៉េ ដែលមានទីភ្នាក់ងារ KOICA ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន » ។
លោកបន្ថែមថា ៖« ទីភ្នាក់ងារKOICA បានជួយឧបត្ថម្ភនូវស្មារតី, សម្ភារ និងថវិកាដើម្បីបង្កើតបានជាគម្រោងលើកកម្ពស់គុណភាពអប់រំ និងនវានុវត្តន៍សាលាជាតិកសិកម្មកំពង់ចាមនេះ ហើយកំពុងរៀបចំផែនការមេរយៈពេលមធ្យម និងវែង ដើម្បីតម្រង់ទិស និងកែលម្អប្រព័ន្ធគ្រប់គ្រងលក្ខណៈវិទ្យាសាស្ត្រ និងសរសេរសៀវភៅថ្មី ដែលសមសម្របទៅនឹងបរិបទនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្មនេះ ហើយដើម្បីធ្វើយ៉ាងណា ឲ្យការបណ្ដុះបណ្ដាលចេញពីសាលាជាតិកសិកម្មរបស់យើងទាំងអស់មានលក្ខណៈស្ដង់ដាមួយ ដែលសព្វថ្ងៃនេះ យើងកំពុងតែធ្វើសមាហរណកម្មជាមួយអាស៊ាន សមាហរណកម្មក្នុងតំបន់ ក៏ដូចជាពិភពលោក » ។ យោងតាមលោក សួន សេរី នាយកសាលាជាតិកសិកម្មកំពង់ចាម បានឲ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ សាលាជាតិកសិកម្មកំពង់ចាមមានបញ្ហាប្រឈមខ្លាំងជាងគេ គឺធនធានមនុស្សនៅមានកម្រិត ហើយចំនួនដែលមាននេះ ក៏នៅមិនទាន់សមស្របទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាល ។ ដូច្នេះហើយបានជារយៈពេល២ឆ្នាំនេះ សាលាបានបញ្ជូនមន្ត្រី៥នាក់ឲ្យបន្ដការសិក្សានៅប្រទេសកូរ៉េ ដោយមានការគាំទ្រពីគម្រោងរបស់ KOICA ។
លោកនាយកថ្លែងថា ៖« បច្ចុប្បន្ននេះ សាលាមាននិស្សិតចំនួន៦៣៨នាក់កំពុងសិក្សាលើមុខជំនាញចំនួន៥ ហើយក្នុងចំណោមមុខជំនាញទាំង៥នេះ អ្វីដែលថ្មីជាងគេ គឺគោលការណ៍គ្រឹះចលនាភូមិថ្មី ដែលជាសៀវភៅមួយបណ្ដុះឆន្ទៈ បណ្ដុះមនសិការយុវជនជំនាន់ក្រោយឲ្យមានគំនិតក្នុងការអភិវឌ្ឍនៅជនបទ ដែលប្រទេសកូរ៉េបានអនុវត្តទទួលជោគជ័យកន្លងមក ហើយយើងចង់យកទស្សនៈនៅក្នុងគោលការណ៍នេះមួយចំនួនដែលសមស្របនឹងលក្ខខណ្ឌក្នុងប្រទេសយើង យកមកបណ្ដុះមនសិការដល់យុវជនដែលរៀនវិស័យកសិកម្មឲ្យបានយល់ ដើម្បីយកទៅអភិវឌ្ឍន៍នៅជនបទ » ៕
ចែករំលែកព័តមាននេះ