ប្រទេសតួកគី ៖ មន្ត្រីជាង១៨០០០នាក់ត្រូវបានដកហូតតំណែងនៅតួកគី តាមរយៈក្រិតមួយចេញផ្សាយដោយកាសែតផ្លូវការ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងនោះជាច្រើននាក់ជាសមាជិកកងកម្លាំងប៉ូលិស តែក៏មានបណ្ដាគ្រូបង្រៀន និងបណ្ដាសាស្ត្រាចារ្យសាកលវិទ្យាល័យផងដែរ។
មនុស្សសរុប១៨៦៣២នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសជាង៩០០០នាក់ និងសមាជិកកងទ័ព៦០០០នាក់ ត្រូវបានគេឃើញឈ្មោះក្នុងបញ្ជីមនុស្សដែលត្រូវដកចេញ តាមរយៈក្រិតនេះ ដែលការដកតំណែងនោះត្រូវបានបណ្ដាសារព័ត៌មានចាត់ទុកថា ជាការដកហូតតំណែងលើកចុងក្រោយ មុនពេលលុបចោលការប្រកាសអាសន្នក្នុងប្រទេសនាថ្ងៃទី៩ កក្កដា។
ម្យ៉ាងវិញទៀតនិយោជិតប្រមាណជា១០០០នាក់នៃក្រសួងយុត្តិធម៌ និង៦៥០នាក់នៃក្រសួងអប់រំ ក៏ត្រូវដកតំណែងដែរ។ ហើយបណ្ដាសារព័ត៌មានតួកគី បាននិយាយថា អាចលុបចោលការប្រកាសអាសន្នក្នុងប្រទេស ក្រោយរដ្ឋប្រហារមិនសម្រេច នាថ្ងៃទី៩កក្កដា ក្រោយការធ្វើសច្ចាប្រណិធានចូលកាន់តំណែងអាណត្តិថ្មីរបស់ប្រធានាធិបតីលោករីស៊ី បតៃយីបអ័រដូហ្គាន ខណៈការលុបចោយការប្រកាសអាសន្ននេះជាការសន្យាមួយក្នុងចំណោមការសន្យារបស់លោក ពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ហើយនៅថ្ងៃទី៩ កក្កដានោះ ក៏កំណត់ផងដែរពីការចូលជាធរមាននៃប្រព័ន្ធដឹកនាំប្រធានាធិបតីនិយម ដោយយោងតាមការកែប្រែរដ្ឋធម្មនុញ្ញដែលអនុម័តកាលពីខែមេសា ឆ្នាំ២០១៧។ ប្រព័ន្ធនោះលុបចោលតំណែងនាយករដ្ឋមន្ត្រី រួចអំណាចភាគច្រើនស្ថិតលើប្រធានាធិបតី៕
ចែករំលែកព័តមាននេះ