ប្រទេសម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ដែលសង្ស័យថា លួចពង្វាងយកប្រាក់ជាច្រើនលានអឺរ៉ូពីមូលនិធិមួយដែលលោកបង្កើតឡើង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រូវគេដាក់ការចោទប្រកាន់ហើយ ក្រោយពេលចាប់ខ្លួនលោក ក្នុងក្របខណ្ឌនៃរឿងអាស្រូវហិរញ្ញវត្ថុ ដែលរុញច្រានលោកឲ្យខ្ទាតចេញពីតំណែង។
លោកណាជីប បានទៅបង្ហាញខ្លួនក្នុងតុលាការក្រុងគូឡាឡាំពួរមួយ ដែលនៅទីនោះរដ្ឋអាជ្ញាបានស្នើឲ្យផ្ទេរសំណុំរឿងនេះ ទៅតុលាការជាន់ខ្ពស់មួយ ដោយគិតដល់ទំហំនៃសំណុំរឿង។ លោកណាជីបទទួលការចោទប្រកាន់៤ករណី គឺ៣ករណីពីបទរំលោភបំពានសេចក្ដីទុកចិត្ត ហើយបទចោទប្រកាន់ទី៤ លើការទទួលសំណូកមានទឹកប្រាក់៤២លាន រីងហ្គីតប្រមាណ៨,៩លានអឺរ៉ូ។ លោកអាចទទួលការកាត់ទោសដាក់គុកដល់២០ឆ្នាំ។
ការចោទប្រកាន់ទាំងនេះទាក់ទិនដល់ ក្រុមហ៊ុន SRL INTERNATIONAL ជាសាខារបស់ 1MDB ជាមូលនិធិមួយបង្កើតឡើងដោយលោកណាជីប ពេលលោកឡើងកាន់អំណាចកាលពីឆ្នាំ២០០៩ ហើយ 1MDB បច្ចុប្បន្នជំពាក់បំណុលគេដល់ទៅ១០ពាន់លានអឺរ៉ូ។
ក្រោយពីលោកណាជីប ចាកចេញពីអំណាច ប៉ូលិសលាតត្រដាងពីការចាប់រឹបអូសឡាំងជាច្រើនរយ ដែលដាក់កាបូបដៃថ្លៃៗញាត់ប្រាក់ និងគ្រឿងអលង្ការពេញ ពេលធ្វើការឆែកឆេរនានាក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតលើការពង្វាងយកមូលនិធិរបស់លោកណាជីប ដែលកាន់អំណាចពីឆ្នាំ២០០៩ ដល់ខែឧសភា ២០១៨។
រដ្ឋាភិបាលថ្មីចេញពីការបោះឆ្នោតសភាថ្ងៃទី១០ ឧសភា ដឹកនាំដោយនាយករដ្ឋមន្ត្រីលោកមហាធៀរ មហាម៉ាដ អាយុ៩២ឆ្នាំ ធ្លាប់ប្រកាសថា ចង់ឲ្យមានការប្រមូលយកវិញ បណ្ដាមូលនិធិដែលពង្វាងយកពីក្រុមហ៊ុនរដ្ឋនោះ ប្រមាណជា៦៤០លានអឺរ៉ូ។ សំណុំរឿង 1MDB ជាកម្មវត្ថុនៃការស៊ើបអង្កេតក្នុងប្រទេសជាច្រើន ពិសេសសិង្ហបុរី ស្វ៊ីស និងសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ