ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ATIC ៖ អំពាវនាវ​សុំ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​ស្មើភាព​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា ហៅ​កាត់​ថា ATIC បន្ដ​អំពាវនាវ​សុំ​ឲ្យ​មានការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា​លើ​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ពោល​គឺ​ការ​អនុវត្ត​បទបញ្ញត្តិ​ស្ដី​ពី​ការ​បោះ​ពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី និង​សុង​ក្នុង​ស្ដង់ដា​តែ​មួយ​ពី​សំណាក់​​ផលិតករ និង​អ្នក​នាំ​ចូល​ចែកចាយ​ផលិតផល​ថ្នាំជក់​ក្នុងស្រុក​ទាំងអស់​។ បន្ទាប់​ពី​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ និង​លើក​ទិស​ដៅ​ថ្មី​កាលពី​ខែ​មុន ATIC…

សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា ហៅ​កាត់​ថា ATIC បន្ដ​អំពាវនាវ​សុំ​ឲ្យ​មានការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា​លើ​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ពោល​គឺ​ការ​អនុវត្ត​បទបញ្ញត្តិ​ស្ដី​ពី​ការ​បោះ​ពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី និង​សុង​ក្នុង​ស្ដង់ដា​តែ​មួយ​ពី​សំណាក់​​ផលិតករ និង​អ្នក​នាំ​ចូល​ចែកចាយ​ផលិតផល​ថ្នាំជក់​ក្នុងស្រុក​ទាំងអស់​។

បន្ទាប់​ពី​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ និង​លើក​ទិស​ដៅ​ថ្មី​កាលពី​ខែ​មុន ATIC នៅ​តែ​បន្ដ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​អនុវត្ត​បាន​ក្នុង​ស្ដង់ដា​តែ​មួយ ពោល​​គឺ​ពួតដៃគ្នា​កម្ចាត់​ចោល​នូវ​រាល់​បញ្ហា​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ដូច​ជា​បារី​ក្លែងក្លាយ បារី​ដែល​គ្មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​បារី​ដែល​គ្មាន​តែមប្រិ៍​អាករ​។

លោម ម៉ា​ធូ ណូ​ម៉ា​ន់ ប្រធាន ATIC បាន​គូសបញ្ជាក់​ថា «​យើង​គឺ​ពិតជា​មាន​ទស្សន​សុទិដ្ឋិនិយម និង​សាទរភាព​ខ្លាំង​មែនទែន​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ពិសេស​​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ទៅ​លើ​រោងចក្រ​ផលិត​បារី​ក្នុងស្រុក​មួយ​ចំនួន​ដែល​ផលិត​បារី​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ត្រឹមត្រូវ​តាម​ច្បាប់ និង​ករណី​រឹបអូស​ផលិតផល​បារី 555 ក្លែងក្លាយ​ពី​អាជីវករ​កាលពី​ថ្មី​ៗ​កន្លង​ទៅ ដែល​ទាំង​នេះ​ គឺ​សុទ្ធតែ​ជា​វិធានការ​ស្រប​ជាមួយនឹង​ទិស​ដៅ​របស់​យើង​ក្នុង​នាម​ជា​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​។

ទោះជា​យ៉ាងនេះ​ក្ដី យើង​ក៏​នៅ​តែ​ស្នើ​សុំ​យ៉ាង​ទទូច​ចំពោះ​រាជរដ្ឋាភិបាល មេត្តា​មាន​វិធានការ​ក្ដៅ​បន្ថែម​ទៀត​ចំពោះ​ក្រុមហ៊ុន​ដែល​បន្ដ​រំលោភ​ច្បាប់​ទាំងឡាយ ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា»។

បើ​ទោះបីជា​ក្នុង​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្ដី​ពី​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​បាន​​កំណត់​ឲ្យ​មានការ​បោះពុម្ព​សារ​ព្រមាន​ជា​រូបភាព និង​អក្សរ​នៅ​លើ​ផ្ទៃ​ទាំង​សងខាង​កញ្ចប់ និង​សុង​បារី​ក្ដី តែ​បច្ចុប្បន្ន​គឺ​នៅ​តែ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​នៅ​តែ​បន្ដ​រំលោភ​​បញ្ញត្តិ​នេះ​ដដែល ដោយ​ជា​ញឹកញយ គេ​សង្កេត​ឃើញ​មាន​ដូច​ជា ក្រុមហ៊ុន វី​នី​តុ​ន គ្រុប (​ផលិតផល​បារី​ម៉ាក Luxury, Angkor Meas, Cambo, Crown, Shuang Xi) និង​ផលិតផល​បារី​ម៉ាក​ផ្សេង​ៗ​ដូច​ជា Goldseal, Lapin, IZA, HERO និង ESSE ជាដើម​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ការ​សុំ​លាលែង​ពី​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​រួច​មក ក្រុមហ៊ុន វី​នី​តុ​ន គ្រុប គឺ​មិន​បន្ទន់ឥរិយាបថ​ត្រឡប់​មក​អនុលោម​ច្បាប់​វិញ​សោះឡើយ បើ​ទោះបីជា​ខ្លួន​បាន​ចុះ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​អាជ្ញាធរ​យ៉ាងណា​ក្ដី ផ្ទុយ​មក​វិញ គឺ​ក្រុមហ៊ុន វី​នី​តុ​ន បាន​ប្រើប្រាស់​ស្ទីក​ឃឺ​ដែល​អាច​បក​ចេញ​បាន បិត​ទៅ​លើ​កញ្ចប់​បារី​ម៉ាក Luxury របស់​ខ្លួន ហើយ​ចំពោះ​បារី​ម៉ាក​ផ្សេង​ដូច​ជា Angkor Meas, Cambo, Crown, Shuang Xi វិញ គឺ​ក្រុមហ៊ុន​នេះ​បោះពុម្ព​ត្រឹមតែ​សារ​ព្រមាន​ជា​អក្សរ​ទំហំ ៣០% ប៉ុណ្ណោះ​។

លោក ម៉ា​ធូ ណូ​ម៉ា​ន់ បាន​គូសបញ្ជាក់​ចុង​ក្រោយ​ថា ATIC ដែល​មាន​សមាសភាព​មក​ពី​ក្រុមហ៊ុន PMI, Huotraco, British American Tobacco Cambodia (BATC) និង JTI (Cambodia) គឺ​តែងតែ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​ទាំងឡាយ​យ៉ាង​ខ្ជាប់ខ្ជួន​។ យើង​ជឿជាក់​ថា ស្រប​តាម​ទិស​ដៅ​របស់​យើង បូក​រួម​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ច្បាប់​គ្រប់គ្រង​ថ្នាំជក់ ច្បាស់​ណាស់​យើង​នឹង​អាច​បង្កើត​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​មួយ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុ​ជានា​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ