រាជធានីភ្នំពេញ៖ ជំងឺ Stroke ដែលខ្មែរយើងហៅថា «ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល» គឺជាប្រភេទជំងឺធ្ងន់ធ្ងរ ហើយអាចកើតឡើងភ្លាមៗដោយយើងមិនអាចដឹងមុនទេ ហើយជំងឺនេះអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬក៏ពិការភាពអស់មួយជីវិត។ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺជំងឺ Stroke បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនបាត់បង់ជីវិតនិងធ្លាក់ខ្លួនពិការ ។ នេះគឺជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេសផ្នែកប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត។
លោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា មានប្រសាសន៍ប្រាប់សារព័ត៌មានកោះសន្តិភាពថា ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល គឺជាជំងឺធ្ងន់ធ្ងរ ហេតុដូច្នេះគឺត្រូវឲ្យអ្នកជំងឺដែលមានជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល អញ្ជើញមកមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ ។ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា បច្ចុប្បន្ននេះនៅលើពិភពលោក ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល គឺបង្កឲ្យមានពិការភាពច្រើន ស្ថិតក្នុងលេខរៀងទី១ ហើយនឹងស្ថិតក្នុងលេខរៀងទី៣ ដែលបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិត ។
សម្រាប់កម្ពុជាវិញ បើទោះបីជាមិនទាន់មានការសិក្សាផ្លូវការណាមួយអំពីចំនួនជាក់លាក់នៃប្រជាពលរដ្ឋកើតមានជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលក៏ដោយ តែជំងឺនេះពិតជាដើមហេតុចម្បងដែលបង្កឲ្យមានពិការភាពដល់ប្រជាជនកម្ពុជា ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់នោះ ។
លោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំគិតថា នាពេលបច្ចុប្បន្ននេះវាមិនដូចកាលពីសម័យមុនទេ គឺមិនដូចកាលដែលយើងមានសង្គ្រាមទេ ។ នៅពេលបច្ចុប្បន្ននេះ គឺមូលហេតុដែលធ្វើឲ្យមានពិការភាព ឈរជួរមុខគេនឹងគឺជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល នេះហើយ» ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ភាគច្រើនប្រជាពលរដ្ឋខ្មែរមិនសូវកត់សម្គាល់ថា មានជំងឺអ្វីនោះទេ ជួនកាលឈឺតិចតួចគាត់កោសខ្យល់ ឬក៏ទៅជាវថ្នាំដោយគ្មានវេជ្ជបញ្ជារត្រឹមត្រូវ អញ្ចឹងការដឹងអំពីរោគសញ្ញាថាជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ឬហៅថា Stroke មានរោគសញ្ញាអ្វីខ្លះដែលបងប្អូនអាចកត់សម្គាល់ ដើម្បីបានដឹងមុន និងដើម្បីមកទទួលការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេសផ្នែកប្រសាទសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត្រ ពន្យល់ថា៖ «ព្រោះអាការៈនៃជំងឺ គឺវាមានពេលខ្លះជំងឺស្តែងឡើងដោយធ្ងន់ធ្ងរ ពេលខ្លះស្តែងឡើងលក្ខណៈតិចតួច ដែលអ្នកជំងឺគាត់មិនបានចាប់អារម្មណ៍ គាត់នៅពន្យាពេលក្នុងការមកមន្ទីរពេទ្យ ។ អាការៈដែលមានតិចតួច ពេលខ្លះគាត់គ្រាន់តែមានអារម្មណ៍ថា វិលមុខ ឈឺក្បាល ឬក៏ស្ពឹកស្រពន់ដៃជើង ។
បើអាការៈខ្លាំង ដែលគាត់ឆាប់បានមកមន្ទីរពេទ្យលឿន គឺគាត់ ទន់មួយចំហៀងខ្លួន គាត់កម្រើកមួយចំហៀងខ្លួនមិនកើត ឬក៏គាត់មានបញ្ហានិយាយមិនចេញ ឬមិនច្បាស់ ឬអាចដល់វង្វេងវង្វាន់ ភ្លេចភ្លាំង ឬក៏មានអាការៈប្រកាច់ ឬសន្លប់ជាដើម៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ