ជំងឺរលាកទងសួត គឺជាជំងឺញឹកញាប់មួយដែលកើតឡើងនៅលើផ្លូវដង្ហើម ។ ជំងឺនេះបង្កឡើងដោយការបង្ករោគ។ នៅពេលផ្លូវដង្ហើមនេះរងការរលាក វានឹងទៅជាហើម ហើយចេញជាតិរំអិលច្រើន រហូតដល់ពិបាកដកដង្ហើម ។
ជំងឺរលាកទងសួតច្រើនតែគើតឡើងលើទារកទើបនឹងកើត និងកុមារ តូចៗ ដោយសារតែច្រមុះ និងផ្លូវដង្ហើមពួកគេងាយនឹងស្ទះជាងមនុស្សធំ ។ ជាធម្មតាជំងឺនេះកើតឡើងក្នុងរយៈពេល២ឆ្នាំដំបូងនៃជីវិត ហើយភាគច្រើនប្រហែល៣ ទៅ៦ខែនៃជីវិត ។ ជំងឺរលាកទងសួតក៏កើតមានជាញឹកញាប់លើមនុស្សប្រុស ទារកទើបនឹងកើត ក្មេងដែលមិនបៅទឹកដោះម្តាយ និងអ្នកដែលរស់នៅក្នុងកន្លែងមានមនុស្សរស់នៅច្រើន ។ ជំងឺរលាកទងសួតច្រើនតែបង្កឡើងដោយវីរុស ហើយភាគច្រើនជាវីរុសឈ្មោះ Respiratory Synscytial Virus (RSV)។ វីរុស ផ្សេងៗទៀតក៏មានដែរដូចជា Rhinovirus (បង្កជំងឺផ្តាសាយ), Influenza, Metabpneumovirus Adenovirus, Coronavirus និង Parainfluenza ។ កុមារដែលប៉ះពាល់នឹងផ្សែងបារីច្រើនក៏ងាយនឹងកើតជំងឺរលាកទងសួតផងដែរ ។ ថ្វីបើជំងឺនេះមានលក្ខណៈតិចតួច តែទារកមួយចំនួនគឺងាយប្រឈមការរលាកសួតធ្ងន់ណាស់ ជាពិសេសក្មេងកើតមិនគ្រប់ខែ មានជំងឺសួត ឬបេះដូង ឬប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារជំងឺ ឬថ្នាំព្យាបាល ។ ក្មេងទាំងនេះត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។
ក្មេងដែលរលាកទងសួតប្រហែលជាងាយនឹងកើតជំងឺហឺតនៅថ្ងៃក្រោយដែរ ។ វានៅមិនទាន់ច្បាស់ថា តើជំងឺនេះបង្កជាជំងឺហឺត ឬអត់ទេ ។ អ្នកជំនាញបានបន្តការសិក្សាទៅលើការទាក់ទងរវាងជំងឺរលាកទងសួត និងការកើតជំងឺហឺតនៅថ្ងៃក្រោយទៀត ។
រោគសញ្ញា ៖ សញ្ញាដំបូងនៃជំងឺរលាកទងសួតច្រើនតែស្រដៀងគ្នានឹងជំងឺផ្តាសាយដែរដូចជា •តឹងច្រមុះ •ហៀរសម្បោរ •ក្អក •ក្តៅខ្លួន។ រោគសញ្ញាទាំងនេះអាចមានរយៈពេលយូរបំផុតមួយថ្ងៃ ឬពីរថ្ងៃ ហើយបន្តជាមួយនឹងភាពធ្ងន់នៃការក្អក និងដកដង្ហើមលឺដូចហួច ។ ពេលខ្លះ ការពិបាកផ្លូវដង្ហើមធ្ងន់កើតឡើង បន្តិចម្តងៗ ។
រោគសញ្ញាដែលត្រូវតាមដានខ្លាំងនោះមានដូចជា៖ •ដកដង្ហើមញាប់ •បេះដូងដើរញាប់
•ដកដង្ហើមចូលឃើញមានទាញស្បែកនៅចន្លោះឆ្អឹងជំនីរ •ក្អួត ក្រោយពីក្អករួច •មិនញ៉ាំអាហារ ដែលនាំឲ្យថយចុះទឹកនោម។ ពេលខ្លះរោគសញ្ញាទាំងនេះអាចនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួនបាន ។ អ្វីដែលមិនសូវកើតឡើងនោះគឺថា ទារកប្រហែលជាអាចបាត់ដង្ហើមរយៈពេលខ្លីមុនពេលកើតជារោគសញ្ញាណាផ្សេងទៀត ។ ករណីធ្ងន់រោគសញ្ញាអាចនឹងធ្ងន់ ភ្លាមៗ ។ ក្មេងដែលរលាកទងសួតធ្ងន់ប្រហែលជាអស់កម្លាំងខ្លាំងដោយសារតែចលនានៃការដកដង្ហើមមានភាពខ្សោយ និងអាចស្ទះក្នុងផ្លូវដង្ហើមផង ។ ស្បែកអាចប្រែទៅជាស្វាយដែលយើងអាចសម្គាល់ដឹងជាពិសេសនៅលើបបូរមាត់ និងក្រចកដៃ ។
ភាពឆ្លង ៖ ការបង្ករោគដែលធ្វើឲ្យមានជំងឺរលាកទងសួតគឺអាចឆ្លងទៅអ្នកដទៃបាន ។ មេរោគអាចរាលដាលទៅអ្នកដទៃតាមដុំតំណក់ទឹកមាត់ដែលចេញពីមាត់ និងច្រមុះរបស់អ្នកជំងឺ ដែលវាអាចអណ្តែតនៅលើបរិយាកាក្រោយពីកណ្តាស ក្អក ឬសើច ហើយក៏អាចឆ្លងបានដែរនៅពេល តំណក់ទឹកមាត់នេះប៉ះពាល់ទៅនឹងរបស់លេង ។ សម្រាប់ទារកទើបនឹងកើតនៅក្នុងពេទ្យវិញគឺមានការប្រឈមកាន់តែខ្ពស់នឹងការឆ្លងជំងឺនេះ ហើយក៏ទៅជារលាកទងសួតបានដែរដោយសារតែពួកគេមានការប៉ះពាល់នឹងក្មេង ធំៗច្រើន ។
ការបង្ការ ៖ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការភាពឆ្លងវីរុសនេះ គឺលាងសម្អាតដៃឲ្យបានស្អាត និងញឹកញាប់ ។ វាប្រហែលជាជួួយថែរក្សាទារកទើបនឹងកើតមិនឲ្យឆ្លងជំងឺពីអ្នកដែលក្អក ឬផ្តាសាយផងដែរ ។ ទារកដែលប៉ះពាល់នឹងផ្សែងបារីទំនងជាងាយមានជំងឺរលាកទងសួតធ្ងន់ជាងទារកដែលរស់នៅមិនប៉ះពាលផ្សែងបារី ។ រឿងនេះត្រូវបានណែនាំតែលើទារកទើបនឹងកើតដែលប្រឈមខ្ពស់នឹងជំងឺធ្ងន់ប៉ុណ្ណោះដូចជា ទារកកើតមិនគ្រប់ខែ ឬទារកដែលមានជំងឺសួត ឬបេះដូងរ៉ាំរ៉ៃ ។
រយៈពេលសម្ងំ ៖ រយៈពេលសង្ងំអាចប្រែប្រួលពីច្រើនថ្ងៃទៅមួយសប្តាហ៍ អាស្រ័យទៅលើការបង្ករោគដែលកំពុងតែធ្វើឲ្យមានជំងឺរលាកទងសួតដែរ ។
រយៈពេលមានជំងឺ ៖ ករណីជំងឺរលាកទងសួតច្រើនតែមានរយៈពេលយូរបំផុតប្រហែល១២ថ្ងៃ ប៉ុន្តែទារកដែលមានជំងឺរលាកទងសួតធ្ងន់អាចធ្វើឲ្យក្អក និងដកដង្ហើមលឺសូរដូចហួចរយៈពេលច្រើនសប្តាហ៍។ ជាទូទៅ ជំងឺនេះនឹងមានភាពខ្លាំងបំផុតនៅថ្ងៃទីពីរ ឬទីបីក្រោយពីចាប់ផ្តើមក្អក និងពិបាកដកដង្ហើមមុនពេលស្រួលបួលមកវិញ ។
ការព្យាបាលជាមួយគ្រូពេទ្យ ៖ សំណាងដែរ ករណីជំងឺរលាកទងសួតភាគច្រើនគឺតិចតួច ហើយក៏មិនត្រូវការព្យាបាលជាមួយគ្រូពេទ្យជំនាញដែរ ។ ការប្រើថ្នាំផ្សះមិនមែនជារឿងមានប្រយោជន៍ឡើយ ដោយសារតែជំងឺនេះបង្កឡើងដោយវីរុស ហើយថ្នាំផ្សះអាចមានប្រសិទ្ធភាពតែលើករណីការបង្ករោគដោយបាក់តេរីប៉ុណ្ណោះ ។ ពេលខ្លះថ្នាំប្រហែលជាត្រូវឲ្យលេបដើម្បីជួយផ្លូវដង្ហើមក្មេងបើកបានល្អឡើងវិញ ។ ទារកទើបនឹងកើតដែលពិបាកដកដង្ហើម ខ្សោយជាតិតឹក ឬអស់កម្លាំង គួរតែនាំទៅជួបពេទ្យ ។ ទារកដែលមានអាការជំងឺមធ្យម ឬធ្ងន់ក៏ប្រហែលជាត្រូវការសម្រាកក្នុងមន្ទីរពេទ្យ និងចាក់សេរ៉ូម និងដាក់អុកស៊ីសែនដែរ ។ អ្វីដែលកម្រនោះគឺថា ករណីធ្ងន់បំផុត ទារកខ្លះត្រូវការដាក់ម៉ាស៊ីនជួយដកដង្ហើម ។
ការព្យាបាលដោយខ្លួនឯងនៅផ្ទះ ៖ ការព្យាបាលដ៏ល្អបំផុតសម្រាប់ក្មេងភាគច្រើនគឺឲ្យគេញ៉ាំទឹកឲ្យបានច្រើន ។ ដោយសារតែជំងឺរលាកទងសួតច្រើនតែធ្វើឲ្យក្មេងមិនមានអារម្មណ៍ចូលចិត្តញ៉ាំទឹក ដូច្នេះចូរប្រាកដថាអ្នកបានឲ្យគេញ៉ាំទឹកគ្រប់គ្រាន់ហើយ ។ គួរតែញ៉ាំតឹង បន្តិចៗតែច្រើនដង ។ ដើម្បីសម្អាតផ្លូវដង្ហើមនៅច្រមុះដែលកំពុងតែស្ទះ ចូរព្យាយាមប្រើសឺរ៉ាង និងទឹកសេរ៉ូមប្រៃបាញ់ក្នុងច្រមុះ ។ រឿងនេះមានប្រយោជន៍ជាពិសេសមុនពេលឲ្យគេញ៉ាំអាហារ និងគេង ។ ពេលខ្លះការដែលដាក់កូនឲ្យគេងក្បាលខ្ពស់ ក៏ស្រួលដល់ការដកដង្ហើមដែរ ។ ថ្នាំ Acetaminophen អាចឲ្យកូនញ៉ាំបានដើម្បីជួយបញ្ចុះកម្តៅ និងធ្វើឲ្យគេកាន់តែស្រួលក្នុងខ្លួន ។ ចូរប្រាកដថា អ្នកបានឲ្យគេញ៉ាំក្នុងកម្រិតដែលត្រឹមត្រូវហើយ ។
ពេលដែលត្រូវទាក់ទងគ្រូពេទ្យ ៖ ចូរទាក់ទងគ្រូពេទញយបើសិនជាកូនអ្នក •ដកដង្ហើមញ៉ាប់ ជាពិសេសមានផតទ្រូង ឬដកដង្ហើមលឺសូរដូចហួច •អាចខ្សោះជាតិទឹកដោយសារតែក្អត ឬរបបអាហារមិនគ្រប់គ្រាន់ •ងងុយគេងច្រើនជាងធម្មតា •ក្តៅខ្លួនខ្លាំង
•ក្អកកាន់តែខ្លាំង •អស់កម្លាំងខ្លាំង ។ ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកយល់ថា កូនកំពុងតែពិបាកដកដង្ហើម ក្អក ផតទ្រូង ឬដកដង្ហើមលឺសូរដូចហួចកាន់តែ ធ្ងន់ទៅៗ ឬបបូរមាត់ និងក្រចកដៃទៅជាពណ៌ស្វាយ ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ