រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា កម្ពុជាគ្រោងលក់ថាមពលអគ្គិសនីដល់ប្រទេសថៃនៅពេលអនាគត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣ កំពុងសិក្សាលទ្ធភាពសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តកោះកុង ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងក្នុងជំនួបពិភាក្សាជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៦ មិថុនា ថា បន្ទាប់ពីកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣ ដែលទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលទ្ធភាពរបស់ខ្លួន ដើម្បីសាងសង់រោងចក្រដើរដោយធ្យូងថ្ម នៅក្នុងទឹកដីខេត្តកោះកុងបន្ថែមទៀត ។
ក្រុមហ៊ុនទាំង៣នោះរួមមាន ៖ ១-ក្រុមហ៊ុន Smart Coppertion ប្រទេសថៃ គ្រោងសាងសង់រោងចក្រមានកម្លាំង២ពាន់មេហ្គាវ៉ាត់ ។ ២-ក្រុមហ៊ុន Samphon Thavy Road and Bridge Contruction ប្រទេសឡាវ គ្រោងសាងសង់រោងចក្រមានកម្លាំង១.២០០មេហ្គាវ៉ាត់ និង៣-ក្រុមហ៊ុន Koh Kong Octility Co., Ltd. គ្រោងសាងសង់រោងចក្រមានកម្លាំង៤ពាន់មេហ្គាវ៉ាត់ ដើម្បីលក់ថាមពលអគ្គិសនីទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការប្រើប្រាស់នៅក្នុងស្រុកគ្រប់គ្រាន់ ។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានបន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងការចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេស កិច្ចសហប្រតិបត្តិការចែកចាយថាមពលអគ្គិសនី នៅក្នុងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែន ទទួលបានប្រភពថាមពលសម្រាប់បម្រើតាមសេចក្តីត្រូវការរបស់ពួកគេ ។
លោក Panyarak Poolthup ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ខណៈប្រទេសយើងទាំងពីរកម្ពុជា-ថៃ គឺជាមិត្តដ៏ជិតស្និទ្ធជាយូរលង់ណាស់មកហើយ និងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាសឹងតែគ្រប់វិស័យ ដោយបានពង្រីកកិច្ចសហប្រតិបត្តិការនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការជំរុញតបណ្តាញចែកចាយអគ្គិសនី តាមរយៈកិច្ចសន្យារវាងប្រទេសទាំងពីរ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែន ទទួលបានថាមពលសម្រាប់ការរស់នៅ និងការប្រកបមុខរបរក្នុងអាជីវកម្មផ្សេងៗ ។
បច្ចុប្បន្ន ភូមិចំនួនជាង៨០%ទូទាំងប្រទេសកំពុងមានការតភ្ជាប់បណ្តាញអគ្គិសនីរួចហើយ ក្នុងនោះរាជធានី-ខេត្តចំនួន១៩ បានតភ្ជាប់បណ្តាញអគ្គិសនីជាតិ និងបណ្តាខេត្តមួយចំនួនទៀតប្រើប្រាស់បណ្តាញអគ្គិសនីឯកជន ៕
ចែករំលែកព័តមាននេះ