ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រឹក្សា​ផ្នែក​អប់រំ និង​ចិត្តសាស្ត្រ រួមចំណែក​លើ​កម្ពស់​ដល់​ការ​សិក្សា​របស់​សិស្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា នៅ​តាម​សាលា​បណ្តុះបណ្តាល​អប់រំ​ដល់​កុមារ និង​កម្រិត​ការ​សិក្សា​ទូទៅ​ពុំ​ទាន់​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​ប្រឹក្សា​ផ្នែក​អប់រំ និង​ចិត្តសាស្ត្រ​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​នៅឡើយ​នោះ​ទេ ខណៈ​ដែល​អ្នក​ផ្តល់​ប្រឹក្សា​យោបល់ យល់​ឃើញ​ថា កម្មវិធី​ប្រឹក្សា​នេះ​បាន​ចូលរួម​ចំណែក​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​សិក្សា​របស់​សិស្សានុសិស្ស​។ កញ្ញា…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា នៅ​តាម​សាលា​បណ្តុះបណ្តាល​អប់រំ​ដល់​កុមារ និង​កម្រិត​ការ​សិក្សា​ទូទៅ​ពុំ​ទាន់​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​ប្រឹក្សា​ផ្នែក​អប់រំ និង​ចិត្តសាស្ត្រ​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​នៅឡើយ​នោះ​ទេ ខណៈ​ដែល​អ្នក​ផ្តល់​ប្រឹក្សា​យោបល់ យល់​ឃើញ​ថា កម្មវិធី​ប្រឹក្សា​នេះ​បាន​ចូលរួម​ចំណែក​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​សិក្សា​របស់​សិស្សានុសិស្ស​។

កញ្ញា ម៉េ​ង សុខ​លី​ន ប្រធាន​ប្រតិបត្តិការ និង​អ្នក​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន Asia House Aide (AHA) បានឱ្យ​ដឹង​ថា​៖  « កម្មវិធី​ប្រឹក្សា​ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ បង្កើត​ឡើង​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បានការ​សិក្សា​មួយ​ល្អ​ប្រសើរ ហើយ​កម្មវិធី​នេះ យើង​រំពឹង​ទុក​ថា អាច​ជួយ​ឱ្យ​សិស្សានុសិស្ស​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ពិសេស​ជាមួយ​ក្រុមគ្រួសារ​»​។

កញ្ញា​លើក​ឡើង​ថា ៖ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ បន្ទាប់​ពី​ប្រឡូក​នៅ​ក្នុង​វិស័យ​ប្រឹក្សា​យោបល់​ផ្នែក​ផ្លូវចិត្ត​សាស្ត្រ​នេះ ខ្ញុំ​សង្កេតឃើញ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​សេវាកម្ម​បែប​ហ្នឹង​ច្រើន​​នៅឡើយ​នោះ​ទេ ។ អ៊ីចឹង​ខ្ញុំ​សុំ​សំណូមពរ​ទៅ​ដល់​ប្រមុខ​រាជរ​ដ្ឋាភិ​បាល ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​អាច​ជួយ​គិតគូរ​បង្កើត​ឱ្យ​មាន​សេវាកម្ម​បែប​នេះ​ឱ្យ​នៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ការ​អប់រំ​ទាំងអស់ នៅ​កម្ពុជា​»​។

អ្នកស្រី គង់ គង្គា ជា​ប្រជាពលរដ្ឋ​ម្នាក់​មានកូន​កំពុង​សិក្សា​នៅ​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ របស់​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​និយាយ​ថា ៖ «​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ បើសិនជា​អ្នកជំនាញ គាត់​មាន​ឯកទេស​ពិតប្រាកដ ខ្ញុំ​ជឿ​ថា អាច​ជួយ​បាន​ច្រើន​ដល់​សិស្សានុសិស្ស ព្រោះ​ក្មេង​ៗ​ឥឡូវ​ភាគច្រើន​ពួក​គាត់​មិនសូវ​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​ការ​សិក្សា​នោះ​ទេ គាត់​ច្រើន​យក​ពេលវេលា​ទៅ​លើ​កាន់​ទូរស័ព្ទ និង​ការ​លេង​ហ្គេ​ម​។ អ៊ីចឹង​ប្រ​សិន​នៅ​តាម​សាលា​មានកម្ម​វិធី​ប្រឹក្សា​ផ្នែក​សិក្សា​អប់រំ និង​ចិត្តសាស្ត្រ​នេះ គឺ​មាតាបិតា​សិស្ស​អាច​ពិភាក្សា​យោបល់​នៅ​ពេល​កូន​មាន​បញ្ហា​ជាមួយ​អ្នកជំនាញ ដើម្បី​ឱ្យ​ការ​សិក្សា​របស់​កូន​ៗ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ​»​។

បើ​តាម​អ្នក​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន AHA វិបត្តិ​ផ្លូវចិត្ត​អាច​កើនឡើង​នៅ​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​មនុស្ស​ចាប់ពី​អាយុ១០​ឆ្នាំ​ដល់​៣៤​ឆ្នាំ ប្រឈម​មុខ​ខ្ពស់​កើត​មាន​បញ្ហា​នេះ ហើយ​បើ​គ្មាន​ដំណោះស្រាយ​ទាន់​ពេល​នោះ​ទេ ក្មេង​ៗ​កើត​មាន​វិបត្តិ​ក្នុង​ការ​ចូលរួម​ទំនាក់ទំនង​ទូទៅ​នៅ​ក្នុង​សង្គម​។ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​សិស្ស ឬ​យុវជន​ជា​ច្រើនបាន​សម្រេចចិត្ត​សម្លាប់​ខ្លួន​ដោយសារ​ការ​មាន​សំពាធ​ខាង​ផ្លូវចិត្ត​។ ដូចនេះ​ត្រូវ​មានការ​ចាប់ផ្តើម​ដោះស្រាយ ឬ​បង្ការ​កុំឱ្យ​មាន​វិបត្តិ​ឈាន​ដល់​កើត​ជំងឺផ្លូវចិត្ត​។

ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន AHA រៀបចំ​កម្មវិធី​នេះ​ជាមួយ​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ​កាលពី​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ដាក់​បញ្ចូល​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​​កម្មវិធី​សិក្សា​របស់​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ ។

ថ្នាក់ដឹកនាំ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​គាំទ្រ និង​លើក​កម្ពស់​ភាព​ជោគជ័យ​ផ្នែក​សិក្សា​អាជីព និង​ការ​រីក​ចម្រើន​ផ្នែក​សង្គម​របស់​សិស្ស វ៉េ​ស្ទ​ឡាញ​ន៍ និង​សិស្ស Northline ទាំងអស់​។ យើង​ផ្ដល់​ការ​ប្រឹក្សា​ដោយ​សម្ងាត់ និង​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ជួយ​ដល់​សិស្ស​ដែល​កំពុង​សិក្សា និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​សាលា​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលា Northline ក្នុង​តំបន់​ផ្ដោត​សំខាន់​ៗ​ចំនួន​បីដូច​ជា ការ​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ​, ប្រឹក្សា​យោបល់​ផ្នែក​សង្គម / ផ្លូវចិត្ត និង​ការពិគ្រោះ​លើ​ការងារ​អាជីព ។

កម្មវិធី​នេះ គឺ​ផ្តល់​នូវ​រចនាសម្ព័ន្ធ​ដើម្បី​ជួយ​បំពេញតម្រូវការ​ណែនាំ និង​ប្រឹក្សា​យោបល់​របស់​សិស្ស​ទាំងអស់​លើកទឹកចិត្ត​ឲ្យ មានការ​គោរព​ចំពោះ​ភាពរឹងមាំ និង​សេចក្តី​ត្រូវការ​របស់​បុគ្គល​ម្នាក់​ៗ ក៏​ដូច​ជា​ជួយ​សិស្ស​ឱ្យ​យល់​ខ្លួនឯង និង​កសាង​ទំនាក់ទំនង​ប្រកប​ដោយ​​ន័យ​ជាមួយ​អ្នក​ដទៃ​។ បន្ថែម​ពីលើ​កម្មវិធី​ក៏​ជួយ​សិស្ស​អោយ​ចេះ​ធ្វើ​ផែនការ និង​សម្រេច​គោលដៅ​អប់រំ និង​ស្វែង​យល់​ពី​ផ្លូវ​អាជីព​ផ្ទាល់ខ្លួន ផ្តល់​សេវា​ពិគ្រោះ​យោបល់ និង​សម្របសម្រួល​ដល់​អ្នក​អប់រំ​ឪពុក​ម្តាយ​ធានា​បាន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ដល់​សិស្ស​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ