ទីក្រុងញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ភូមិសរុបប្រមាណ៦០ម៉ឺនក្នុងប្រទេសឥណ្ឌា ពេលនេះ មានអគ្គិសនីប្រើប្រាស់ហើយ ។ ប៉ុន្តែអ្នកជំនាញថា ប្រជាពលរដ្ឋឥណ្ឌារាប់លាននាក់កំពុងតែរស់នៅក្នុងភាពងងឹតនៅឡើយ ។
លោក Shilan Shah សេដ្ឋវិទូជាន់ខ្ពស់នៅ Capital Economics បានឲ្យដឹងថា ៖« ជាការពិត ប្រជាពលរដ្ឋឥណ្ឌាមួយចំនួនធំនៅតែខ្វះខាតអគ្គិសនីប្រើប្រាស់ ។ រីឯអ្នកដែលមានអគ្គិសនីប្រើប្រាស់ហើយ ក៏នៅតែជួបប្រទះបញ្ហាការផ្គត់ផ្គង់ដែលអាចទុកចិត្តបានដែរ»។
រដ្ឋាភិបាលឥណ្ឌាអះអាងថា ភូមិចំនួន១៨.០០០ មានអគ្គិសនីប្រើប្រាស់ហើយនៅក្នុងរយៈពេល៣ឆ្នាំកន្លងមក ។
យោងតាមភ្នាក់ងារថាមពលអន្តរជាតិឲ្យដឹងថា ប្រជាពលរដ្ឋឥណ្ឌាប្រមាណ២៤០លាននាក់នៅមិនទាន់មានអគ្គិសនីប្រើប្រាស់ទេក្នុងឆ្នាំ២០១៧ កន្លងមកនេះ ។
ក្រុមហ៊ុនផ្តល់សេវារបស់រដ្ឋបានជាប់បំណុលយ៉ាងធ្ងន់ធ្ងរ និងមិនអាចផ្តល់សេវាកម្មស្ថិតស្ថេរបានឡើយ ។ លើសពីនេះ បញ្ហាលួច អំពើពុករលួយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌាជាច្រើនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ទៀងទាត់ឡើយ ។
រដ្ឋាភិបាលឥណ្ឌាក៏ចង់ជំរុញឲ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ផងដែរ តាមរយៈការលើកតម្កើងថាមពលបៃតង ។ យោងតាមភ្នាក់ងារថាមពលអន្តរជាតិឲ្យដឹងថា ប្រទេសឥណ្ឌាពឹងផ្អែកលើធ្យូងថ្ម ស្មើនឹង២ភាគ៣នៃការផលិតអគ្គិសនី ។
ល្បឿននៃការផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេស គឺជាកត្តាយ៉ាងសំខាន់ ដែលជះឥទ្ធិពលលើដំណើរការផលិតកម្ម និងសេដ្ឋកិច្ចឥណ្ឌា ។
សេដ្ឋវិទូ Shah បានបន្តថា ៖« ការផ្គត់ផ្គង់អគ្គិសនីទន់ខ្សោយ នឹងធ្វើឲ្យប្រទេសឥណ្ឌាជួបការលំបាកស្ថាបនាវិស័យផលិតកម្មមានភាពប្រកួតប្រជែង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះគ្មានសក្តានុពល » ៕
ចែករំលែកព័តមាននេះ