ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

(​ត​ពី​លេខ​មុន​)ស្នាដៃ​សម្តែង​ភាពយន្ត លោក​ណុ​ប ណែម និង​លោក​គង់ សំ​អឿ​ន គឺជា​ដៃគូ​សម្តែង​ភាពយន្ត​ដ៏​ល្អ​សក្តិ​សម​របស់​អ្នកស្រី​វី​រៈ តារា ក្នុង​បណ្តា​ខ្សែភាពយន្ត​ទាំងឡាយ​ដែល​អ្នកស្រី​ចូលរួម​សម្តែង ។ អំឡុង​ទស​វត្ស​ទី​៦០​និង​៧០​នៃ​សតវត្ស​ទី​២០​នោះ…

(​ត​ពី​លេខ​មុន​)ស្នាដៃ​សម្តែង​ភាពយន្ត

លោក​ណុ​ប ណែម និង​លោក​គង់ សំ​អឿ​ន គឺជា​ដៃគូ​សម្តែង​ភាពយន្ត​ដ៏​ល្អ​សក្តិ​សម​របស់​អ្នកស្រី​វី​រៈ តារា ក្នុង​បណ្តា​ខ្សែភាពយន្ត​ទាំងឡាយ​ដែល​អ្នកស្រី​ចូលរួម​សម្តែង ។ អំឡុង​ទស​វត្ស​ទី​៦០​និង​៧០​នៃ​សតវត្ស​ទី​២០​នោះ ប្រទេស​កម្ពុជា​មាន​ផលិតកម្ម​ភាពយន្ត​ច្រើន ប៉ុន្តែ​អ្នកស្រី​វី​រៈ តារា សម្តែង​ឱ្យ​តែ​ផលិតកម្ម «​រន្ទះ​ពេជ្រ​ភាពយន្ត​» របស់​ស្វាមី​អ្នកស្រី​មួយ​ប៉ុណ្ណោះ ។

អ្នកស្រី​វី​រៈ តារា ចូលរួម​សម្តែង​បាន​ជាង​១០​រឿង មាន​ដូច​ជា​រឿង «​សព្វ​សិទ្ធិ​» ផលិត​ឆ្នាំ​១៩៦៥​។ រឿង «​ពុទ្ធិ​សែន​នាង​ក​ង្រី​» ផលិត​ឆ្នាំ​១៩៦៧ ។ រឿង​អដ្ឋិ​សុវណ្ណ ចន្ទ​កេសរ​» ផលិត​ឆ្នាំ​១៩៦៩ ។ រឿង «​សំគម​បាញ់​លលក​» ផលិត​ឆ្នាំ​១៩៧០ ។ រឿង «​អន​អើយ​ស្រី​អន​» ផលិត​ឆ្នាំ​១៩៧២ ។ រឿង «​ចំណងដៃ​ទឹកភ្នែក​» ផលិត​ឆ្នាំ​១៩៧៤ ។ រឿង «​ឯណា​ប្រពន្ធ​ខ្ញុំ​» ផលិត​ឆ្នាំ​១៩៧៥ ។ រឿង «​ភ្នំ​ពកូន​» ផលិត​ឆ្នាំ​១៩៧៥ ។ រឿង «​សេះ​សមុទ្រ​» ផលិត​ឆ្នាំ​១៩៧៥ ។

ខ្សែភាពយន្ត​រឿង «​សព្វ​សិទ្ធិ​» «​ពុទ្ធ​សែន​នាង​ក​ង្រី​» និង​រឿង «​អន​អើយ​ស្រី​អន​» មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​បើ​ប្រៀបធៀប​នឹង​ខ្សែ​រឿង​ទាំង​ប៉ុន្មាន​ដែល​អ្នកស្រី​វី​រៈ តារា ចូលរួម​សម្តែង​នោះ ។

ដោយសារ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ខ្សែភាពយន្ត​ចំនួន​៣​រឿង​របស់​អ្នកស្រី​វី​រៈ តារា គឺ​រឿង «​ឯណា​ប្រពន្ធ​ខ្ញុំ​», រឿង «​ភ្នំ​ពកូន​» និង​រឿង «សេះ​សមុទ្រ​» មិន​បាន​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​ទេ ។

ពេល​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភ្នំពេញ​នា​ឆ្នាំ​១៩៧៥ គូ​ស្វាមី​-​ភរិយា​លោក​លី ប៊ុ​ន​យី​ម និង​អ្នកស្រី​វី​រៈ តារា ចាកចេញ​ទៅ​តែ​ខ្លួន​ទទេ ដូច្នេះ​ហើយ​ដុំ​ហ្វ៊ីល​ភាពយន្ត​ទាំងនោះ​បាត់បង់​អស់ ។

គូព្រេង​គូ​ព្រាត់
នា​ពេល​មួយ​លោក​លី ប៊ុ​ន​យី​ម បាន​ទៅ​កំពត ហើយ​ឃើញ​អ្នកស្រី​វី​រៈ តារា ។ សម្រស់​សោភា​ក្នុង​វ័យ​ក្រពុំ​១៨​ឆ្នាំ​របស់​អ្នកស្រី​វី​រៈ តារា ទាក់ភ្នែក ទាក់ចិត្ត​ផលិតករ​ភាពយន្ត​លោក​លី ប៊ុ​ន​យី​ម​។ ដោយ​សេចក្តី​ស្នេហា​ចំពោះ​អ្នកស្រី​វី​រៈ តារា ជា​ស្នេហា​ដែល​ប្រាថ្នា​ជា​គូ​អនាគត​នោះ ស្រប​តាម​ប្រពៃណី​លោក​លី ប៊ុ​ន​យី​ម បាន​ចូល​ស្តីដណ្តឹង ។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៦៤ ។

គូ​អាពាហ៍ពិពាហ៍​នេះ​ប្រកប​របរ​ផលិតភាព​យន្ត ដោយ​លោក​លី ប៊ុ​ន​យី​ម ជា​ចាងហ្វាង​ផលិតកម្ម និង​អ្នកស្រី​វី​រៈ តារា ក្លាយជា​តួឯក​ស្រី​ឆ្នើម​របស់​ផលិតកម្ម​នេះ ។

មិនតែប៉ុណ្ណោះ​កូនប្រុស​ឈ្មោះ​លី រតនៈ របស់​លោក​លី ប៊ុ​ន​យី​ម និង​អ្នកស្រី​វី​រៈ តារា បាន​ចូលរួម​សម្តែង​ជាមួយ​ម្តាយ​ផង​ដែរ ក្នុង​រឿង «​អន​អើយ​ស្រី​អន​» ។

កូន​សុទ្ធតែ​ប្រុស​ចំនួន​៥​នាក់ ប៉ុន្តែ​ពួក​គេ​ពុំ​បានឃើញ​ឪពុក​ម្តាយ គឺ​លោក​លី ប៊ុ​ន​យី​ម និង​អ្នកស្រី​វី​រៈ តារា នៅ​រួម​លំនៅ​ដល់​វ័យ​ចំណាស់ និង​បន្ត​ដល់​គ្រា​អវសាន​ជីវិត​ទេ ដោយសារ​តែ​ការ​លែងលះ​បែក​ព្រាត់​គ្នា ។

ដោយ​មិន​អាច​រួមរស់​នឹង​គ្នា​បាន​តទៅ​ទៀត ចំណងអាពាហ៍ពិពាហ៍​ក៏​ដាច់​ដោយ អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម បាន​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន ។ ការ​បែក​ព្រាត់​នៃ​គូ​អាពាហ៍ពិពាហ៍​នេះ​នៅ​ឆ្នាំ​១៩៨៦ ។

ដំណើរ​គេច​ចេញពី​របប​ប្រល័យពូជសាសន៍
ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គ្មាន​នរណា​អាច​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ទៀត​ទេ ដោយ​ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញ​ទាំងអស់ ក្នុង​នោះ​មាន​ទាំង​ក្រុម​គ្រួសារ​របស់​អ្នកស្រី​វី​រៈ តារា ផង​ដែរ ។ អ្នកស្រី​វី​រៈ តារា និង​លោក​លី ប៊ុ​ន​យី​ម ជា​ស្វាមី​ចាក​ចេញពី​ភ្នំពេញ តាម​ទិស​ដែល​គេ​ជម្លៀស​ទៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។

(​សូម​តាមដាន​ភាគ​បន្ត​លេខ​ក្រោយ​ទៀត)

នេះ​ជា​ភាគ​ទី​១

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ