ប្រទេសប៉េរូ ៖ អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច៤៤នាក់ស្លាប់ កាលពីថ្ងៃទី២១ កុម្ភៈ ដោយសាររថយន្តបឺសមួយក្រឡាប់ធ្លាក់ពីទីខ្ពស់កម្ពស់ប្រមាណ៨០ម៉ែត្រពីផ្លូវថ្នល់មួយនៅជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ។
ឧត្តមសេនីយ៍ WALTER ORTIZ ប្រមុខប៉ូលិសតំបន់ AREQUIPA ដែលកើតមានគ្រោះថ្នាក់នោះអះអាងពីមនុស្សស្លាប់៤៤នាក់ ។ មនុស្ស១១នាក់រងរបួសត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង AREQUIPA ទីប្រជុំជនតំបន់មានឈ្មោះដូចគ្នានេះ ដើម្បីទទួលការព្យាបាល ។ ចំនួនសរុបនៃអ្នករបួសនៅពុំទាន់ត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយ ។
គ្រោះថ្នាក់នេះកើតមាននាវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រម៉ោងក្នុងស្រុកនៅត្រង់គីឡូម៉ែត្រលេខ៧៨០នៃផ្លូវថ្នល់ PANAMERICAINE ក្នុងតំបន់ AREQUIPA ភាគខាងត្បូងប៉េរូ ។
បណ្តារូបភាពផ្សាយដោយទីភ្នាក់ងារព័ត៌មាន ANDINA បង្ហាញរថយន្តបឺសមាន២ជាន់នេះធ្លាក់ចូលជ្រោះជ្រៅដោយមានសម្លៀកបំពាក់ និងរបស់របរពួកអ្នកដំណើររាយប៉ាយជុំវិញ ។
រថយន្តបឺសនេះចាកចេញពីទីក្រុងឆ្នេរសមុទ្រ CHALA ជាប់មាត់សមុទ្រប៉ាស៊ីហ្វិកមកកាន់ទីក្រុង AREQUIPA ។ នេះជាគ្រោះថ្នាក់ធំទី២ ប្រចាំឆ្នាំតាមផ្លូវថ្នល់ប៉េរូ ។ កាលពីថ្ងៃទី២ មករា រថយន្តបឺសមួយក្រឡាប់ធ្លាក់ពីទីខ្ពស់កម្ពស់១០០ម៉ែត្រ ក្រោយពីបុកជាមួយរថយន្តកាំមីញ៉ុងមួយតាមផ្លូវថ្នល់ PANAMERICAINE នេះដែរ បណ្តាលឱ្យមនុស្សស្លាប់៥២នាក់ ៕
ចែករំលែកព័តមាននេះ