រាជធានីភ្នំពេញ ៖ កញ្ញាពេជ្រ ចរណៃ មួយរយៈមុនមានជំងឺបេះដូងធ្ងន់ ហើយបានចេញទៅព្យាបាលនៅប្រទេសថៃ ។ បច្ចុប្បន្ននាងបានវិលត្រឡប់ចូលចាប់អាជីពសិល្បៈវិញហើយ ។ ក្នុងស្ថានភាពបែបនេះមានផលិតករ២នាក់ផ្តល់ឱ្យពេជ្រ ចរណៃ ចូលរួមសម្តែងក្នុងខ្សែភាពយន្ត ។ តើនាងព្យាបាលជំងឺបេះដូងជាស្បើយហើយមែនទេ ?
ក្នុងទឹកមុខញញឹមពេជ្រ ចរណៃ ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ជំងឺនាងបានធូរស្បើយស្ទើរតែ១០០%ហើយ តែគ្រូពេទ្យឱ្យនាងថ្នមខ្លួន និងសម្រាកឱ្យបានច្រើន ។
រយៈពេល៦ខែទៀតជំងឺរបស់នាងនឹងជាសះស្បើយទាំងស្រុង ។ «នាងខ្ញុំអាចមកកាន់វិថីសិល្បៈវិញ មកញញឹមឃើញពិភពលោកនេះបាន គឺជាគុណរបស់លោកខៃ ប្រសិដ្ឋ សុទ្ធសាធដែលបានអាណិតស្រឡាញ់នាងខ្ញុំ ឃើញទីទ័ល និងអត់លុយវះកាត់ក៏សុខចិត្តលះបង់ធនធានផ្ទាល់ខ្លួនជិត២ពាន់ដុល្លារជួយនាងខ្ញុំ ។ ទាំងនេះជាមហាគុណមិនអាចកាត់ថ្លៃបាន បើគិតពីមុនវិញជីវិតនាងខ្ញុំគឺអស់សង្ឃឹមបាត់ទៅហើយ ។ នាងខ្ញុំមានតែការអរគុណដល់គាត់ដែលមានចិត្តសន្តោសអត់ស្គាល់នាងខ្ញុំទេ តែដឹងតែតាមព័ត៌មានសុខចិត្តហោះពីអូស្ត្រាលីយកលុយជួយនាងខ្ញុំដល់ថៃ ។ នាងខ្ញុំមិនអាចបំភេ្លចបាន ព្រមទាំងសប្បុរសជននានាទាំងអស់បានជួយសូមជួបតែសេចក្តីសុខតទៅ» ។
ពេជ្រ ចរណៃ ឱ្យដឹងថា លោកខៃ ប្រសិដ្ឋ មិនមែនផ្តល់ប្រាក់ជួយសង្គ្រោះជីវិតរបស់នាងតែម្នាក់ប៉ុណ្ណោះទេ គឺកន្លងមកលោកក៏ជួយបុគ្គលផ្សេងទៀតជាច្រើនផងដែរ ដោយគ្រាន់តែគ្មានការផ្សព្វផ្សាយ ហើយមិនសូវមានការដឹងឮ ។
ពេជ្រ ចរណៃ សប្បាយចិត្តដែលបានវះកាត់ ហើយជាស្បើយ ។ ដូច្នេះហើយនាងប្រកាសទទួលសម្ដែងពេញទំហឹងវិញ ដោយគ្រាន់តែមិនទាន់ហ៊ានទទួលថតរឿងជាប្រភេទវាយតប់ ភ្លាមៗប៉ុណ្ណោះ ។
សុខភាពរបស់ពេជ្រ ចរណៃ ក្រោយការវះកាត់មិនខុសពីមនុស្សដែលមិនធ្លាប់មានជំងឺដាច់សរសៃប្រើសបេះដូង និងប្រហោងបេះដូងទេ ដោយគ្រាន់តែតម្រូវឲ្យតាមដាននៅមន្ទីរពេទ្យថៃជាទៀងទាត់ក្នុងរយៈពេលកន្លះឆ្នាំទៀត។ បន្ទាប់ពីនោះទៅត្រូវទៅពិនិត្យមួយដងទៀតគឺជាការស្រេច ។
ពេជ្រ ចរណៃ ជាតារាថ្មីមានទេពកោសល្យល្អត្រូវចិត្តផលិតករ ៕
ចែករំលែកព័តមាននេះ