ខេត្តក្រចេះ ៖ បុរសម្នាក់រស់នៅតំបន់ដាច់ស្រយាលក្នុងស្រុកចិត្របុរី បានរងការវាយយ៉ាងចាស់ដៃ ទ្រោមខ្លួន ខៀវភ្នែក ពីអ្នកភូមិជាច្រើននាក់ បន្ទាប់ពីជនដៃដល់ប៉ុនប៉ងលួចឡើងលើគ្រែ ដើម្បីចាប់រំលោភស្ត្រីម្នាក់នៅផ្ទះទល់មុខគ្នាតែមិនបានសម្រេច ។
អំពើចាប់រំលោភមិនបានសម្រេចបានត្រឹមតែឈឺខ្លួនឯងនេះ ត្រូវបាននគរបាលស្រុកចិត្របុរី ឲ្យដឹងថា បានកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ទៅលើស្ត្រីរងគ្រោះវ័យ៣៧ឆ្នាំម្នាក់ មានទីលំនៅជិតគ្នា ។ ចំណែកឯជនល្មើសឈ្មោះ ឈីន ម៉ុន អាយុ៣៧ឆ្នាំ ។
តាមនគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនល្មើសត្រូវបានអ្នកភូមិចាប់វាយឡើងទ្រោមខ្លួន ខៀវភ្នែកទាំងសងខាង ហើយនគរបាលក៏ចុះអន្តរាគមន៍ភ្លាមៗផងដែរ ។
នគរបាលបានឲ្យដឹងទៀថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាបង្កហិង្សាឥតស្រាកស្រានទៅលើប្រពន្ធនៅពេលស្រឹងម្តងៗ ។
ហើយនៅយប់ថ្ងៃកើតហេតុ នៅពេលដែលស្ត្រីរងគ្រោះ កំពុងដេកម្នាក់ឯងនៅលើគ្រែក្រោមផ្ទះ ខណៈដែលបុរសជាប្តីបានងើបពីដេករវល់ទៅមើលជ្រូកកើតកូននៅខាងក្រោយផ្ទះ ។ ជនសង្ស័យក៏ឆ្លៀតឱកាសបានឡើងទៅលើគ្រែដេករបស់ស្ត្រីរងគ្រោះ ដែលដេកម្នាក់ឯង និងបានពោបពីលើប៉ុនប៉ងរំលោភ ។
ក្នុងសកម្មភាពដែលជននេះប៉ុនប៉ងរំលោភ គឺស្ត្រីរងគ្រោះបានដេកសម្ងំស្ងៀមដោយនឹកស្មានថាជាប្តីរបស់ខ្លួន ។ តែនៅពេលដែលឮសំឡេងជនល្មើសនិយាយថា «ចែនៅឲ្យស្ងៀមកុំមាត់» ពេលនោះស្ត្រីសង្ស័យក៏ភ្ញាក់ខ្លួន និងបានស្រែកឆោឡោ ធ្វើឲ្យផ្អើលអ្នកភូមិស្មានថាជាចោរ ។
ជនល្មើសក៏ត្រូវអ្នកភូមិលើកគ្នាស្ទាក់ចាប់ និងបានព្រួតវាយម្នាក់មួយដៃធាក់ម្នាក់១ជើងទ្រោមខ្លួន ដេកនៅនឹងដីទើបប្រគល់ឲ្យនគរបាលចាត់ការ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យក៏ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ