ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី១០ មករា លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនថៅកែហាងម៉ាស្សាកោសជប់ និងកូនចៅពីនាក់ពាក់ព័ន្ធរឿងកាប់ភ្ញៀវឱ្យរបួស៤០ថ្នេរពីបទ« ហិង្សាដោយចេតនា និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ(ទៅវិញទៅមក)» ដែលបានប្រព្រឹត្តនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៨ មករា តាមបញ្ញាត្តិមាត្រា ២១៧ , ២១៨ ចំណុច០២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្សយ័ទាំងបីនាក់ទី១-ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី២-ឈ្មោះ ម៉ាច និត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះ តាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សាកោសជប់យីហោ ៣៣៣នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ នួន សុជា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសដេរ៤០ថ្នេរ ។
សូមជម្រាបថា លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា កាលពីវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ មករា ជនរងគ្រោះបានឈ្លោះគ្នាជាមួយនារីម៉ាស្សាម្នាក់ឈ្មោះ តុង ចំរើន ហៅយូរី អាយុ២៨ឆ្នាំ ហើយជនរងគ្រោះបានទះលើឈ្មោះ តុង ចំរើន មួយកំភ្លៀងហើយដើរមកខាងក្រៅទើបឈ្មោះ តាត ចាន់ធឿន ជាអ្នកគ្រប់គ្រងដើរមកសួរថា អាអូនមានរឿងអីបានជាវាយមនុស្សស្រីហើយកៀក.កឱ្យចូលខាងក្នុងជជែកគ្នា ពេលនោះជនរងគ្រោះមិនព្រមចូលដោយច្រានខ្លួនយ៉ាងខ្លាំងទើបខ្លួនខឹងវាយជនរងគ្រោះមួយដៃ ។ ពេលនោះជនរងគ្រោះទៅបាត់ប្រហែលមួយម៉ោងក្រោយមកជនរងគ្រោះត្រឡប់មកវិញ ។
តាមចម្លើយរបស់ឈ្មោះ តាត ចាន់ធឿន បានឆ្លើយថា ពេលជនរងគ្រោះត្រឡប់មកវិញបានយកដែកថ្នាំងអំពៅមកវាយលើខ្លួនជាច្រើនដែកបណ្តាលឱ្យធ្លាក់ចូលប្រឡាយហើយត្រូវចំខ្នង និងដៃខាងធ្វេង ។ តាមការបំភ្លឺរបស់ជនរងគ្រោះបានឆ្លើយថា ខ្លួនត្រឡប់មកវិញហើយយកដែកថ្នាំអំពៅមកតាមហើយបានវាយទៅលើឈ្មោះ តាត ចាន់ធឿន មែនតែវាយមិនត្រូវទេតែឈ្មោះ តាត ចាន់ធឿន នេះភ័យថយក្រោយធ្លាក់ប្រឡាយទឹក ។
តាមចម្លើយសារភាពរបស់ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ បានសារភាពថា ខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវហើយបោះដាវនោះចោល ។ តាមចម្លើយសារភាពរបស់ ម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ បានសារភាពថាខ្លួនបានកាន់ដែកទីបជ្រុងមែនតែមិនបានវាយទេ ៕
ចែករំលែកព័តមាននេះ