រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានបង្ហោះសារសម្តែងការព្រួយបារម្ភរឿងបាត់បង់កម្មវិធីសម្តែងនោះមក តារាកំប្លែងនាយកុយ បានចេញវីដេអូឃ្លីបថ្មីមួយទៀតទទូចសូមឱ្យបណ្តាស្ថានីយទូរទស្សន៍នានាកុំបំបាត់សិល្បៈកំប្លែងចោល ដោយគួរបង្កើតឲ្យមាននៅក្នុងកម្មវិធីណាមួយ ។
នាយកុយអះអាងថា «ក្នុងនាមជាអ្នកសិល្បៈដែលបានចូលរួមសម្តែងតាំងពីឆ្នាំ៨០មក ខ្ញុំបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបម្រើទស្សនិកជនគ្រប់ស្រទាប់ឱ្យបានសប្បាយរីករាយ បើទោះបីជាពេលសម្តែងខ្លះខ្ញុំមានការលើសលស់ពាក្យសម្តីបន្តិបន្តួចក៏ដោយ ។ បន្ទាប់ពីបញ្ចប់ការសម្តែងកំប្លែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣មក ខ្ញុំបានមកចូលលែងកំប្លែងជាប្រចាំនៅស្ថានីយទូរទស្សន៍CTNរហូតមកដល់បច្ចុប្បន្នដើម្បីបម្រើអារម្មណ៍ទស្សនិកជនរៀងរាល់ចុងសប្តាហ៍ ។ ប៉ុន្តែពេលនេះការសម្តែងនៅស្ថានីយទូរទស្សន៍មួយនេះប្រហែលជាត្រូវបាត់ទៅវិញ ដោយសារកម្មវិធីមន្តស្នេហ៍សំនៀង ដែលក្រុមកំប្លែងរបស់ខ្ញុំត្រូវសម្តែងរាល់សប្តាហ៍នោះនឹងត្រូវបិទនៅដំណាច់ខែនេះ» ។
នាយកុយ បានស្នើសុំដល់អគ្គនាយកស្ថានីយទូរទស្សន៍នានា បង្កើតកម្មវិធីសម្តែងកំប្លែងនៅក្នុងកម្មវិធីណាមួយ ដ្បិតការសម្តែងរបស់ក្រុមនាយ ផ្តល់កម្រៃឲ្យត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ។ សម្រាប់ទឹកប្រាក់នេះនាយត្រូវចែកឲ្យសមាជិកសម្តែង១០នាក់ឯណោះ ។
បន្ទាប់ពីតារាកំប្លែងនាយកុយ បានត្អូញត្អែរពីការបាត់ឱកាសសម្តែងតាមបណ្តាទូរទស្សន៍នានាមក អ្នកនាងខាត់ សុឃីម បានសម្តែងការឈឺចាប់ជំនួសតារាកំប្លែងរូបនេះ ប្រសិនបើបញ្ហានោះពិតជាដូចការលើកឡើងមែន ។
អ្នកនាងខាត់ សុឃីម បានសម្តែងការខកចិតក្នុងពេលដែលបានទទួលដំណឹងនោះពីនាយកុយ ហើយនាងចាត់ទុកវាគឺជាការបោះបង់ចោលអ្នកសិល្បៈជើងចាស់មួយរូបដែលធ្លាប់មានស្នាដៃរាប់មិនអស់ឱ្យនៅឯកា ។
តាមរយៈសារបង្ហោះតាមហ្វេសប៊ុកអ្នកនាងខាត់ សុឃីម រៀបរាប់ថា៖ «បើសិនជាខ្ញុំនិយាយថា គេមិនសូវឲ្យតម្លៃលើសិល្បៈបុរាណ ឬក៏សិល្បៈ ចាស់ៗ អ្នកខ្លះថាខ្ញុំច្រណែន ឬក៏ថាខ្ញុំធ្វើដើម្បីប្រយោជន៍ខ្លួនឯង ។ ខ្ញុំនិយាយហ្នឹងធ្វើដើម្បីប្រយោជន៍រួមទេ ដូចជាបងកុយគាត់មានការសម្តែងយូរឆ្នាំ និងមានស្នាដៃជូនមហាជនមិនតិចទេ តើពិតជាត្រូវបាត់អាជីពនេះតើមែនទេ ? កាលពីមុនម៉េចត្រូវការគាត់ ? ចុះពេលនេះម៉េចក៏ចេះតែបំបាត់សិល្បៈ ចាស់ៗអ៊ីចឹង ? តើខ្ញុំគួរតែឈឺចិត្តជំនួសគាត់ដែរទេ» ។
អ្នកនាងខាត់ សុឃីម បានទម្លាយរឿងពិតមួយក្នុងអាជីពសិល្បៈរបស់នាយកុយថា «ព្រឹកមិញខ្ញុំកាត់សក់ជាមួយគាត់ តែខ្ញុំចាំគាត់យ៉ាងយូរ ។ ខលតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៩គឺគាត់មិនបានលើកទេ ។ ក្រោយមកបានខ្ញុំឃើញគាត់ខលមកខ្ញុំ ។ ខ្ញុំពិតជាអរខ្លាំងដោយបានឮសំឡេងគាត់ ។ គាត់ប្រាប់ខ្ញុំ គាត់ឈឺហើយ ។
គាត់ប្រឹងសម្តែងទាល់តែចប ់នេះហើយជីវិតអ្នកសិល្បៈ ពិបាកស្រណុកទុកមួយដុំ សំខាន់សម្តែងឱ្យចប់ គាត់មកទាំងឈឺ អាណិតគាត់ខ្លោចចិត្តតើគួរតែត្រូវបំភ្លេចពួកគាត់មែនឬ»៕
ចែករំលែកព័តមាននេះ