រាជធានីភ្នំពេញ ៖ នាង«មួយមួយ»ជាតារាសម្តែង និងបង្ហាញម៉ូដបានប្រកាសដើរចេញពីទីលានសិល្បៈហើយ ។ «មួយមួយ»ជាតារាសម្តែងក្នុងបទចម្រៀង ល្បីៗជាច្រើននៅផលិតកម្មហង្សមាសកាលពីបីបួនឆ្នាំមុនរំលេចរូបសម្រស់សិចស៊ីឆើយឆាយ ។ មួយមួយ ក្រៅពីជាតារាសម្តែង ក៏ជាពិធីការិនីនៅទូរទស្សន៍ស៊ីធីអិន ព្រមទាំងជាតារានៅក្រុមបង្ហាញម៉ូដរបស់កញ្ញាឌួង ហ្សូរីដាផងដែរ ។
កាលពីពេល ថ្មីៗកន្លងមកនាងមួយមួយនិយាយថា«សិល្បៈដែលនាងខ្ញុំស្រឡាញ់កាលពីមួយរយៈមុនប្រហែលជាមិនអាចតតាំងទៅមុខទៀតនោះទេ បន្ទាប់ពីនាងខ្ញុំបានផ្តល់កំណើតដល់ក្មេងស្រីម្នាក់ដែលត្រូវមើលថែមិនអាចទៅណាចោលបាន ។ អំឡុងពេលនេះកូនស្រីនាងខ្ញុំមានអាយុជាង៨ខែមកហើយ ដោយក្រៅពីមើលថែទាំកូនស្រី នាងខ្ញុំក៏មានមុខរបរប្រចាំថ្ងៃរកស៊ីផ្ទាល់ខ្លួនកំពុងមមាញឹកមិនអាចទៅថតសម្តែងបានដូចពីមុន ដូច្នេះមានតែឈប់តែម្តង។ បើទោះជាស្តាយក៏នាងខ្ញុំមិនដឹងធ្វើដូចម្តេចដែរ ណាមួយយើងមានកូន មានមុខរបររឹតតែមិនអាចទៅណាចោលកូន ចោលផ្ទះសម្បែងក្នុងនាមជាស្ត្រីមេផ្ទះបានដែរ »។
តារាទឹកមុខស្រស់រាងខ្ពស់នាងមួយមួយអះអាងថា នាងលាឈប់ពីសិល្បៈមិនមែនមានសម្ពាធពីអ្នកណាពីបុរសណាទេ ។ នាងប្រាប់តាមត្រង់ថាពេលនេះនាងជាស្ត្រីមេម៉ាយកូនមួយ ។ ដូចមហាជនមួយចំនួនបានដឹងហើយថាស្នេហារបស់នាងជាមួយបុរសម្នាក់មានចាស់ទុំដឹងលឺ ហើយថែមទាំងមានកូនជាមួយគ្នាទៀតផង ។ ទោះជាយ៉ាងណាក្តីខណៈនាងគ្រប់ខែដល់ថ្ងៃសម្រាលកូន បុរសជាទីស្រឡាញ់របស់នាងមិននៅក្បែរនាងទេ គេធ្វើមិនដឹង ។ មានតែអ្នកជិតដិត និងអ្នកសិល្បៈមួយចំនួនប៉ុណ្ណោះជួយមើលថែនាង ។ «ម្ល៉ោះហើយនាងខ្ញុំរឹតតែរឹងមាំ សុខចិត្តផ្តាច់ការទាក់ទងគ្នា ហើយតាំងជំហររស់នៅតែម្នាក់ឯង មើលថែកូនទោះជាលំបាកក៏នាងខ្ញុំស៊ូទ្រាំដើម្បីកូន ។ ត្រង់ចំណុចនេះដែលក្នុងពេលនាងខ្ញុំពិបាកចិត្តតែងតែគិតថាបើនាងខ្ញុំគិតអ្វីផ្តេសផ្តាសព្រោះតែបុរសម្នាក់ ហើយសុខចិត្តស្លាប់ចោលកូន ចោលបងប្អូន តើសមដែរ ឬទេ ព្រោះអ្នកនៅជុំវិញយើងជាមនុស្សសំខាន់។ ម្ល៉ោះហើយនាងខ្ញុំសោកស្តាយចំពោះមរណភាពរបស់បងស្រីកែវ សុរិយាដែលរងវិបត្តិក្នុងចិត្ត ហើយសុខចិត្តផ្តាច់ជីវិតខ្លួនឯង នាងខ្ញុំតក់ស្លុតណាស់មិនគួរគិតបែបនេះឡើយ ។
ដូចនេះនាងខ្ញុំសុំផ្តាំដល់ស្ត្រីទាំងឡាយដែលមានវិបត្តិផ្លូវចិត្តចូរកុំគិតខ្លីនៅតែឯងគួររកមិត្តជិតដិត និងមនុស្សសំខាន់ណាមួយនិយាយពិភាក្សាលើកទឹកចិត្តជាប្រចាំដើម្បីរកដំណោះស្រាយចៀសវាងនៅស្លុងតែឯងកាន់តែឯកោអាចនឹងគិតអ្វីមិនចេញ» ៕
ចែករំលែកព័តមាននេះ