ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចងគំនុំ​ជាមួយ​ឡានធំ ក្រឡេកឃើញភ្លាម រត់ទៅគប់​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រត់​ចូល​ទៅ​គប់​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ហើយ​ក៏​ត្រូវ​រថយន្ត​នោះ​បុកបណ្ដាល​​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥ និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា នៅ​លើ​កំណាត់​ផ្លូវ​ចោម​ចៅ មុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មិនដឹង​ថា​មាន​ទីលំនៅ​នៅឯណា​ទេ បាន​រត់​ចូល​ទៅ​គប់​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៣៧០៧ ។

ប្រភព​ដដែល​បន្ត​ថា យុវជន​រូប​នេះ​ត្រូវ​គេសង្ស័យ​ថា បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​បែកថ្នាំ​លែង​ដឹង​ខុស​ត្រូវ ។ មុន​ពេល​កើត​ហេតុ រូបគេ​កាន់​ដុំ​ថ្ម​១​ដុំ​ឈរ​នៅ​តាម​ចិញ្ចើម​ផ្លូវ បម្រុង​រត់​ចូល​ឲ្យ​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ​បុក​ថែម​ទៀត​ផង ។ ប៉ុន្តែ​ពេល​នោះ​រថយន្ត​ដែល​បើក​ឆ្លងកាត់​សុទ្ធតែ​ធុន​តូច ហើយ​យុវជន​នេះ​មិន​បាន​រត់​ចូល​ឡើយ ។ លុះ​មួយសន្ទុះ​ក្រោយមក​ គ្រាន់តែ​ឃើញ​រថយន្ត​បែន​ដឹក​ដី​ធុន​យក្ស​១​គ្រឿង​ខាងលើ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​ភ្លាម ស្រាប់តែ​យុវជន​រូប​នេះ​ស្ទុះ​រត់​វឹង​ចូល​ទៅ​គប់​ហាក់ដូចជា​ធ្លាប់​មាន​គំនុំ និង​ស្អប់​រថយន្ត​នោះ​ខ្លាំង​ណាស់ ។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា គ្រាន់តែ​រត់​ចូល​ទៅ​ដល់​ក៏​ត្រូវ​រថយន្ត​នេះ​បុក បណ្ដាល​ឲ្យ​ដួល​រង​របួស​យ៉ាង​ធ្ងន់​តែ​ម្ដង ព្រោះ​រថយន្ត​មិន​អាច​ជាន់​ហ្វ្រាំង​ឈប់​ទាន់​ទេ​ពេល​ប្រថុចញ៉ុច​បែប​នេះ ។ ក្រោយ​ពេល​បុក​បណ្ដាល​ឲ្យ​យុវជន​នោះ ដួល​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​ទើប​ឈប់ ហើយ​អ្នកបើកបរ​ក៏​ដាក់​មេ​ប្រូច​បាត់ ៕