រាជធានីភ្នំពេញ ៖ ស្របពេលការវិវត្តនៃបច្ចេកវិទ្យាកាន់តែជឿនលឿន និងទាន់សម័យ ធ្វើឱ្យរាល់ការងារស្មុគស្មាញ និងពិបាកទាំងឡាយត្រូវបានកាត់បន្ថយ និងសម្រួលឲ្យកាន់តែងាយស្រួល ។ តួយ៉ាង ការប្រាស្រ័យទាក់ទងតាមទូរស័ព្ទ ដែលកាលពីមុនត្រូវបានចំណាយច្រើន តែជម្រើសតិច ប៉ុន្ដែបច្ចុប្បន្ន ចំណាយតិច តែមានជម្រើសច្រើន ។ ចំណែកការចាយវាយទូទាត់សាច់ប្រាក់បច្ចុប្បន្នវិញ ក៏បានវិវត្តន៍គួរឲ្យកត់សម្គាល់ផងដែរ ។
នៅកម្ពុជា កាលពីប៉ុន្មានឆ្នាំមុន ការចាយវាយទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ពុំសូវជាទូលំទាយទេ មានន័យថា ត្រូវដោះដូរភ្លាមៗរវាងសាច់ប្រាក់ និងទំនិញ ដែលគេហៅថា «លុយដល់ដៃ ទំនិញដល់ដៃ» ប៉ុន្ដែបច្ចុប្បន្ននេះ ការចាយវាយហាក់ដូចជាមាននិន្នាការផ្លាស់ប្ដូរជាបន្ដបន្ទាប់ ពីការចាយវាយដោយសាច់ប្រាក់ មកចាយវាយតាមប្រព័ន្ធអេឡិចត្រូនិកវិញ ដោយមិនចាំបាច់ត្រូវការមានលុយជាប់ខ្លួន គ្រាន់មានគណនីក្នុងធនាគារណាមួយ ហើយជ្រើសរើសការប្រើកាតដូចជា Master, Visa, UnionPay ឬក្រុមហ៊ុនផ្ដល់ហិរញ្ញវត្ថុផ្សេងទៀត គឺអាចប្រើប្រាស់បានគ្រប់ទីកន្លែងទាំងក្នុង និងក្រៅស្រុក ។
លោក វ៉ាន់ ចក្រភពវីននើរ បុគ្គលិកក្រុមហ៊ុនផ្សព្វផ្សាយមួយនៅរាជធានីភ្នំពេញ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ e-Banking របស់ធនាគារមួយ បានឱ្យដឹងថា លោកប្រើប្រាស់ Master Card ដែលជួយឲ្យលោកអាចទិញទំនិញពីខាងក្រៅប្រទេស ហើយបង់ប្រាក់តាមប្រព័ន្ធមួយនេះ ។ ដូចនេះ លោកមិនចាំបាច់ធ្វើដំណើរទៅកាន់ទីតាំងទំនិញផ្ទាល់ឡើយ ដោយគ្រាន់តែផ្ញើប្រាក់ពីគណនីធនាគាររបស់លោកទៅកាន់គណនីធនាគាររបស់ក្រុមហ៊ុនលក់ទំនិញនោះជាការស្រេច ។
លោកបន្តថា ៖« សម្រាប់ការចំណាយក្នុងប្រទេសវិញ ខ្ញុំបានប្រើប្រាស់វា (e-Banking) សម្រាប់បង់ថ្លៃទឹក ភ្លើង និងសេវាកម្មផ្សេងៗ។ ម្យ៉ាងទៀត ពេលទូរស័ព្ទរបស់ខ្ញុំអស់លុយ ខ្ញុំក៏អាចទិញកាតទូរស័ព្ទពីក្រុមហ៊ុនទូរស័ព្ទតាមប្រព័ន្ធនេះបានផងដែរ តែចាំបាច់ត្រូវមានអុីនធើរណេតដើម្បីភ្ជាប់មកក្នុងទូរស័ព្ទរបស់យើង » ។
កញ្ញា ស្រុង ចាន់រតនា អ្នកគ្រប់គ្រងក្រុមហ៊ុនFashionមួយ ដែលកំពុងប្រើប្រាស់វីសាកាតរបស់ធនាគារក្នុងស្រុក បានឱ្យដឹងដែរថា ការប្រើប្រាស់ប្រព័ន្ធចាយវាយតាមអេឡិចត្រូនិកនេះ បើសិនជានៅក្នុងស្រុក ហាក់មិនសូវខ្លាចប៉ុន្មានទេ ប៉ុន្តែបើសិនជាការចំណាយនៅក្រៅស្រុកវិញ ហាក់មិនសូវមានទំនុកចិត្តប៉ុន្មានដែរ ក៏ប៉ុន្តែតាមបទពិសោធន៍កន្លងមក មិនដែលមានបញ្ហាបាត់លុយនៅក្នុងគណនីទេ ។
កញ្ញានិយាយថា ៖«ការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់តាមបែបទំនើបដូចនេះ វាងាយស្រួលត្រង់យើងមិនចាំបាច់យកលុយតាមខ្លួនច្រើន និងមិនភ័យព្រួយក្នុងការបាត់លុយ បាត់កាក់ដែរ » ។
កញ្ញាបន្តថា ការប្រើប្រាស់ប្រព័ន្ធ e-Banking ក៏គួរតែមើលទៅលើធនាគារផងដែរថា ធនាគារណាដែលទុកចិត្តបាន និងធានាពីសុវត្ថិភាពសាច់ប្រាក់នៅពេលមានការចាយវាយម្ដងៗ ។
លោក Shuan Ghaidan នាយកផ្នែកផលិតផលរបស់ UnionPay International បានឱ្យដឹងថា វាដល់ពេលដែលប្រទេសកម្ពុជា ត្រូវប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកហើយ គឺដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាប្រទេសជឿនលឿនដទៃទៀត ។
លោកថា ៖« ការប្រើប្រាស់ប្រព័ន្ធនេះ នឹងធ្វើឱ្យកម្ពុជាប្រែក្លាយពីសេដ្ឋកិច្ច ដែលធ្លាប់ប្រើប្រាស់ការទូទាត់ដោយសាច់ប្រាក់ផ្ទាល់ មកប្រើប្រាស់តាមបែបទំនើបវិញ » ។
គួរកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួនបានមកកម្ពុជា ស្វែងរកដៃគូធនាគារដើម្បីបង្កើនប្រតិបត្តិការរបស់ខ្លួន លើការចាយវាយសាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដូចជា វីសាកាត និង UnionPay ជាដើម ។ ជាក់ស្ដែង កាលពីពេលថ្មីនេះ ក្រុមហ៊ុន UnionPay International បានសហការជាមួយធនាគារកាណាឌីយ៉ា ដើម្បីចេញប្រតិបត្តិការប័ណ្ណឥណពន្ធ UnionPay Debit សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជំរុញការប្រើប្រាស់ប័ណ្ណទំនើបកាន់តែច្រើនឡើងៗនៅក្នុងប្រទេសមួយនេះ ៕
ចែករំលែកព័តមាននេះ