ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ស្នើ​ឱ្យ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទប់ស្កាត់​ការ​នាំ​ចូល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិតខាង ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ការ​ប្រឈម​រ៉ាំរ៉ៃ​ក្នុង​វិស័យ​កសិកម្ម ។

រាជធានី​ភ្នំពេញ ៖ វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិតខាង ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ការ​ប្រឈម​រ៉ាំរ៉ៃ​ក្នុង​វិស័យ​កសិកម្ម ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សមាគម​សម្ព័ន្ធ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ បាន​ថ្លែង​តាម​ទូរស័ព្ទ បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម នា​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ថា ប្រសិនជា​ចង់​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​អំណាច​ដល់​ក្រុមការងារ​រដ្ឋ និង​វិស័យ​ឯកជន ទើប​អាច​ដោះស្រាយ​បញ្ហា​បាន ប៉ុន្តែ​ការ​ផ្តល់​អំណាច​នេះ មិនមែន​ជា​ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « បញ្ហា​ប្រឈម​របស់​យើង គឺ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃ​អគ្គិសនី ថ្លៃ​ដឹក​ជញ្ជូន និង​ការ​លុប​បំបាត់​កុងត្រូលជជុះ​តាម​ដងផ្លូវ ដើម្បី​ជួយ​អ្នក​ផលិត​ក្នុងស្រុក​ឲ្យ​កាត់​បន្ថយ​ថ្លៃដើម​ក្នុង​ការ​ផលិត ។ យើង​ត្រូវ​បង្កើត​ទីផ្សារ​សម្រាប់​ប្រជា​កសិករ និង​មិន​គួរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ផលិតផល​ដែល​យើង​ដាំ​ដុះ​បាន​នោះ​ទេ  » ។ លោក​បន្ត​ថា ៖ « ទោះជា​ទីផ្សារ​អាស៊ាន​បើកចំហ​ក្តី ក៏​ប៉ុន្តែ​យើង​ក៏​គួរ​មាន​របាំង យើង​គួរ​មាន​កំហិត​អ្វី​គួរ​នាំ​ចូល និង​អ្វី​មិន​គួរ​នាំ​ចូល ដើម្បី​ជួយ​ផលិតផល​ក្នុងស្រុក មិនមែន​ជំរុញ​ឲ្យ​កសិករ​ដាំ​ដុះ​ហើយ​ខាតបង់ នាំ​តែ​ឲ្យ​ពួក​គាត់​រង​ទុក្ខ​ទេ»។​

លោក​បន្ថែម​ថា រីឯ​បញ្ហា​ដំឡូង​មី និង​ពោត​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន គួរ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​សម្រួល​តម្លៃ និង​ចរចា​យក​ប្រទេស​ថៃ ដឹក​ជញ្ជូន​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​ទី​៣ ដើម្បី​សម្រួល​បញ្ហា​ប្រឈម​ទាំងនេះ ។ បើ​មិន​ដូច្នេះ​ទេ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​ដដែល​ៗ​ទេ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ទទួលស្គាល់​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​នេះ ដោយ​លោក​លើក​ឡើង​ថា ឧបសគ្គ​សំខាន់​ៗ​ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម រួម​មាន ផលិតភាព​ទាប​, ការ​ប្រកួតប្រជែង​ទីផ្សារ​មាន​កម្រិត​ទាប​, ថ្លៃដើម​ផលិតកម្ម​ខ្ពស់​, សុវត្ថិភាព​ចំណីអាហារ​នៅ​តែ​ជា​បញ្ហា​សំខាន់​,ការ​ផលិត​តាម​គោលការណ៍​កសិកម្ម​ល្អ​នៅ​មាន​កម្រិត​, បញ្ហា​ការ​ផ្តុំ​កម្លាំង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​មិន​ទាន់​សម​ស្រប​, យន្តការ​ផលិតកម្ម​តាម​កិច្ចសន្យា​នៅ​ខ្សោយ​, ការ​ភ្ជាប់​ទីផ្សារ​រវាង​តួអង្គ​អ្នក​ផលិត​កសិករ​ជាមួយ​អ្នក​ប្រមូល​ទិញ​, ការ​កែ​ច្នៃ​នាំ​ចេញ​នៅ​មិន​ទាន់​ឆ្លើយ​តប​បាន​ក្នុង​សង្វា​ក់​តម្លៃ​, ការ​វិនិយោគឯកជន​មាន​កម្រិត​តិចតួច និង​ការ​អនុវត្ត​តាម​គោលការណ៍​មិន​ទាន់​ដំណើរការ​ធំដុំ​នៅឡើយ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​ថា បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ គឺជា​គោលដៅ​ទីផ្សារ ដែល​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នាំមុខ មិនមែន​រាជ​រដ្ឋា​ភិបាល​ទេ ។ លោក​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​វិនិយោគិន​បរទេស​មិន​មក​វិនិយោគ​លើ​ការ​កែ​ច្នៃ​នាំ​ចេញ គឺ​មក​ពី​តម្លៃ​អគ្គិសនី និង​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ថ្លៃ ។ យោង​តាម​ការ​សិក្សា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បង្ហាញ​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​១​តោន ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​នៅ​កម្ពុជា ត្រូវ​ចំណាយ​១៥​ដុល្លារ ខណៈ​ឡាវ​១០​ដុល្លារ វៀតណាម​៨​ដុល្លារ និង​ថៃ​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ៖ « អ្វី​ដែល​យើង​ចង់បាន គឺ​ធ្វើ​យ៉ាងណា ឲ្យ​កសិករ​ផលិត និង​អាច​វេច​ខ្ចប់​ដឹក​ជញ្ជូន​មក​កាន់​ទីផ្សារ​បាន​ដោយ​ខ្លួនឯង ដោយ​ឲ្យ​ប្រព័ន្ធ​ស្រោចស្រព​ចំណាយ​ប្រាក់​តិច មានទឹក​ហូរ​បញ្ចូល​ស្រែ​ដូច​នៅ​ប្រទេស​វៀតណាម មិនមែន​មាន​តែ​ទឹក​ក្នុង​ប្រឡាយ ត្រូវ​បូម​បន្ត​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ការ​ចំណាយ​កើនឡើង »​។ លោក​បន្ត​ថា ៖ « ក្រសួង​សេដ្ឋកិច្ច​ថា បាន​ឲ្យ​ក្រសួង​ធនធានទឹក​ធ្វើ​ហើយ តែ​មិន​ស៊ីជម្រៅ​ទេ និង​ថា បាន​ផ្តល់​ថវិកា​ដល់​ក្រសួង​ច្រើន​ហើយ ប៉ុន្តែ​ការ​ពិត ក្រសួង​ទទួល​ថវិកា​តែ​១%​ប៉ុណ្ណោះ​នៃ​ការ​ចំណាយ​សរុប​របស់​ជាតិ » ។

លោក​បន្ថែម​ថា កិច្ចប្រជុំ​នេះ ជា​ការ​ប្រមូល​មតិយោបល់​ផ្សេង​ៗ​ដើម្បី​រៀបចំ​ជា​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០១៨-២០៣០ ខាង​មុខ ៕