ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​សម្រាប់​គម្រោង​លើកកម្ពស់​បន្លែ​ចាប់ផ្តើម​អនុវត្ត​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ជាង​៦១​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជួយ​លើកកម្ពស់​ផលិតភាព​បន្លែ​នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​បាន​និង​កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ ដោយ​គ្របដណ្តប់​

រាជធានី​ភ្នំពេញ ៖ មូលនិធិ​ជាង​៦១​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជួយ​លើកកម្ពស់​ផលិតភាព​បន្លែ​នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​បាន​និង​កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ ដោយ​គ្របដណ្តប់​ប្រជា​កសិករ​ចំនួន​១២​ម៉ឺន​គ្រួសារ ។​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា គម្រោង​ផ្តល់​ឥណទាន និង​ជំនួយ​ឥត​សំណង​ពី​មូលនិធិ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ (IFAD) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​កិច្ច​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​និង​កំពុង​ចាប់ផ្តើម​អនុវត្ត​ហើយ​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត​មួយ​ចំនួន​ទៀត​ដូច​ជា កំពង់ចាម ត្បូងឃ្មុំ កំពត និង​តាកែវ​ជាដើម ។

លោក​បន្ត​ថា ៖ « គម្រោង​នេះ​នឹង​ជួយ​កសិករ​ឲ្យ​គាត់​អាច​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើប និង​ធ្វើ​ជាមួយ​កសិករ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ផលិត ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គាត់ » ។ លោក​បន្ត​ថា ៖ « គម្រោង​នេះ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​កសិករ និង​ផ្សារ​ភ្ជាប់​ទីផ្សារ​របស់​គាត់​ជាមួយ​អ្នកលក់​ដើម្បី​ឲ្យ​ប្រាកដ​ថា ផលិតផល​គាត់​ផលិត​មាន​ទីផ្សារ » ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​៩០% ព្រួយបារម្ភ​ពី​សុវត្ថិភាព​បន្លែ​ដែល​បាន​និង​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ ដោយសារ​បន្លែ​នាំ​ចូល​ពោរពេញ​ដោយ​ជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ ថ្លែង​ថា ការ​អភិវឌ្ឍ​វិស័យ​នេះ​ទាមទារ​ឲ្យ​មានការ​គិត​ស៊ីជម្រៅ និង​មាន​ភាព​ជាក់ស្តែង​ដើម្បី​ចេញ​ជា​លទ្ធផល​បាន ប៉ុន្តែ​ការងារ​នេះ​មិនមែន​របស់​ក្រសួងកសិកម្ម​តែ​ម្នាក់ឯង​ឡើយ វា​ជា​ការងារ​របស់​ក្រសួង​ពាក់ព័ន្ធ​ដែល​ត្រូវ​រួម​គ្នា​ដោះស្រាយ ខណៈ​កម្ពុជា​មាន​បញ្ហា​ដឹក​ជញ្ជូន កង្វះ​បច្ចេកទេស និង​បច្ចេកវិទ្យា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង និង​ចូល​មក​កាន់​ទីក្រុង​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ៖ « យើង​មិន​អាច​អភិវឌ្ឍ​ឲ្យ​ទាន់​ប្រទេស​ថៃ និង​វៀតណាម​ទេ តែ​យើង​ត្រូវ​មាន​ផែនការ​ជាក់លាក់​ថា ត្រូវធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ឃើញ​ថា ៣​ឬ​៥​ឆ្នាំ​ក្រោយ​យើង​ទទួល​បាន​លទ្ធផល​អ្វី​ពិតប្រាកដ » ៕