ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​​យីង​ឡាក់​ ស៊ី​ណាវ៉ាត្រា​ ​ត្រូវ​បាន​​ជ្រើស​តាំង​ជា​​នាយក​​រដ្ឋ​មន្ត្រី​ថ្មី​ថៃ

13 ឆ្នាំ មុន

លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ាត្រា ប្អូន​ស្រី​ពៅ​របស់​អតីត​ប្រមុខ​រដ្ឋា​ភិ​បាល​ថៃ​ដែល​រស់​នៅ​នីរទេស​លោក​ថាក់​ស៊ីន ស៊ី​ណាវ៉ាត្រា​ ត្រូវ​បាន​ជ្រើស​តាំង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៥ សីហា ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ដោយ​សភា​ថៃ​ថ្មី​ដែល​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​នារី​ដំបូង​គេ​កាន់​តំណែង​នេះ​។

អតីត​អ្នក​ជំនួញ​អាយុ​៤៤​ឆ្នាំ​ រូប​នេះ​ជា​បេក្ខ​នារី​តែម្នាក់​គត់​ដែល​ទទួល​ការ​គាំទ្រ​ពីសមា​ជិក​សភា​ដល់​ទៅ​២៩០​រូប​ក្នុង​ចំណោម​សមា​ជិក​សភា​ថ្មី​ទាំង​៤៩៦​រូប​ដែល​ចូល​រួម​បោះ​ឆ្នោត​អនុ​ម័ត។ នេះ​ជាការ​ប្រកាស​របស់​ប្រធាន​សភា​ថ្មី​ថៃ។ តួ​លេខ​នេះ​គឺ​ជិត​ស្មើ​នឹង​ចំនួន​សមា​ជិក​សភា​នៃ​ក្រុម​ចម្រុះ​មាន​សមា​ជិក​សភា​៣០០​រូប​ដែល​គណ​បក្សភឿ​ថៃ​ជា​អ្នក​ឈ្នះ​ឆ្នោត​សភា​​​បង្កើត​ឡើង​ជា​មួយ​គណ​បក្ស​៥​ទៀត​។

បណ្តា​សមា​ជិក​សភា​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​របស់​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា ដែល​ក្លាយ​ជា​គណ​បក្ស​ប្រឆាំង​បាន​បោះ​ឆ្នោត​អនុប្ប​វាទ​យ៉ាងច្រើន។  លោក​ស្រី​យីង​ឡាក់​ មាន​អ្នក​បោះ​ឆ្នោត​ប្រឆាំង​ជំទាស់​តែ​៣​សម្លេង​ ហើយ​អនុប្ប​វាទ​​មាន​ដល់​១៩៧​សម្លេង​។

លោកស្រី​យីង​ឡាក់​ដែល​​លោក​ស្រី​ក៏​​បោះ​ឆ្នោត​អនុប្បវាទ​ដែរ​នោះ​នៅ​ត្រូវ​ទទួ​ល​ការ​យល់​ព្រម​ពី​ព្រះ​មហា​ក្សត្រ​​ថៃ​ទៀត​ដើម្បី​​អាច​ចូល​កាន់​តំណែង​បាន​។ លោកស្រី​យីង​ឡាក់​បាន​ដឹក​នាំ​គណ​បក្ស​ភឿ​ថៃ​សម្រេច​បាន​ជ័យ​ជំនះ​យ៉ាង​ធំ​ធេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា កន្លង​មក​នេះ​។

ការ​ប្រឈម​សំខាន់​របស់​​នាយក​រដ្ឋ​មន្ត្រី​ថ្មី​រូប​នេះ​នឹង​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​ឡើង​វិញ​ក្នុង​ប្រទេស​ថៃ​ដែល​ជួប​ប្រទះ​នឹង​ការ​ធ្វើ​បាតុ​កម្ម​​ធំៗ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​បង​ប្រុស​លោកស្រី​ ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៦​មក ៕