រាជធានីភ្នំពេញ ៖ ខេត្តនៅតាមតំបន់ភូមិភាគឦសានបាននិងកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅចុងសប្តាហ៍នេះ ។
លោក រ៉ុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មេសាថា មន្ទីរកំពុងរៀបចំ និងផ្សព្វផ្សាយពីការពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍តាមរមណីយដ្ឋាននានា ដែលមានទាំងអស់១៧កន្លែងនៅក្នុងខេត្ត ដោយមានមន្ត្រីមន្ទីរទេសចរណ៍ប្រមាណ៣០រូបនឹងចូលរួមត្រួតពិនិត្យពីសុវត្ថិភាពភ្ញៀវ អនាម័យ និងសេវាកម្មលក់ម្ហូបអាហារនានាកុំឲ្យដំឡើងថ្លៃ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ។
លោកបន្តថា ៖ « មន្ទីរទេសចរណ៍សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត នឹងរៀបចំសកម្មភាពលេងល្បែងប្រជាប្រិយនៅតាមរមណីយដ្ឋានគោលដៅនានាដើម្បីបង្កភាពសប្បាយរីករាយ ក៏ដូចជាចូលរួមលើកស្ទួយវប្បធម៌ជាតិ » ។ លោកបន្តថា ៖ « ខេត្តក្រចេះ កាលពីឆ្នាំមុន ទទួលបានភ្ញៀវទេសចរ១០ម៉ឺននាក់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កើនឡើង៥% ធៀបនឹងឆ្នាំ២០១៥ ហើយរំពឹងថា នឹងទទួលបានភ្ញៀវទេសចរកើនឡើងបន្ថែមទៀត » ។
ខេត្តក្រចេះ មានសណ្ឋាគារចំនួន១៣ ផ្ទះសំណាក់៣៤កន្លែង និងមានបន្ទប់សរុបជាង១ពាន់បន្ទប់ ព្រមទាំងមានរមណីយដ្ឋានទេសចរណ៍១៧កន្លែង (អន្លង់ផ្សោត, ព្រែកកាំពី, វិហារសសរ១០០ និងភ្នំសំបុកជាដើម) ក្នុងនោះសហគមន៍ទេសចរណ៍ធម្មជាតិ១០កន្លែង ។
លោក គង់ វិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តបាននិងកំពុងរៀបចំសោភ័ណភាពកាន់តែប្រសើរជាងមុន តាមរយៈការបំពាក់ភ្លើងនាពេលរាត្រីនៅតាមផ្លូវភ្លោះរបស់ខេត្ត និងជំរុញឲ្យមន្ទីរនានារៀបចំតុបតែងលម្អសម្រាប់អបអរចូលឆ្នាំថ្មី ។ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ អាជ្ញាធរខេត្តនឹងប្រគំតន្ត្រី លេងល្បែងប្រជាប្រិយនៅក្នុងខេត្ត ដោយមានការចែកបបរ និងភេសជ្ជៈដល់អ្នកចូលរួមកម្សាន្តទទួលទានផងដែរ ។
លោកបន្តថា ៖ « រហូតមកទល់ពេលនេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជាង១ពាន់បន្ទប់ក្នុងខេត្តបានទទួលការកក់ពេញបណ្តើរៗហើយ និងមួយចំនួនទៀតមិនទទួលការកក់ទេ ដោយពួកគេទុកនៅពេលភ្ញៀវទៅដល់ » ។
លោកបន្ថែមថា ៖ « ខ្ញុំបានធ្វើការណែនាំដល់ម្ចាស់ផ្ទះសំណាក់ និងអូតែល និងអ្នកបម្រើសេវាកម្មនានា កុំឲ្យដំឡើងថ្លៃសេវាកម្មរបស់ពួកគេហួសហេតុផងដែរ » ។
ខេត្តមណ្ឌលគិរីមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា រមណីយដ្ឋានភ្នំដោះក្រមុំ សមុទ្រឈើ ភូមិដាក់ដាំ និងទឹកធ្លាក់រមនាជាដើម ។
រីឯខេត្តរតនគិរីឯណោះវិញ ក៏មានរៀបចំព្រឹត្តិការណ៍ជាពិសេសដែរនៅឆ្នាំនេះ តាមរយៈការរៀបចំសង្ក្រាន្តប្រចាំខេត្ត ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិក្នុងឆ្នាំថ្មីនេះ ខេត្តរតនគិរីនឹងរៀបចំសង្ក្រាន្ត ដោយសហការចូលរួមពីរដ្ឋបាលសាលាខេត្ត មន្ទីរទេសចរណ៍ និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីបង្កភាពសប្បាយរីករាយនៅក្នុងខេត្ត ។ ការរៀបចំសង្ក្រាន្តនេះដែរ នឹងមានការរត់ម៉ារ៉ាតុងចម្ងាយ៥គីឡូម៉ែត្រ ការជិះកង់ប្រណាំងយឺតៗ និងការរៀបចំល្បែងប្រជាប្រិយកម្សាន្តរយៈពេលបីថ្ងៃពេញ ។
លោកបន្តថា ៖ « រហូតមកទល់ពេលនេះ ការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់បានចាប់ផ្តើមបណ្តើរៗហើយ ប៉ុន្តែខ្ញុំមិនទាន់មានតួលេខជាក់លាក់ពីចំនួនបន្ទប់ដែលបានកក់នោះទេ ព្រោះការចុះស្រង់ស្ថិតិនៅធ្វើថ្ងៃស្អែកនេះ » ។
ខេត្តរតនគិរីមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែង ដែលអាចឲ្យភ្ញៀវទៅទស្សនាកម្សាន្តដូចជា ទឹកជ្រោះចាអ៊ុង បឹងយក្សលោម និងទឹកធ្លាក់៧ជាន់អូសៀនលែរជាដើម ។
លោក ង៉ែត ពិទូ មិនទាន់ហ៊ានសន្និដ្ឋានថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តរតនគិរីកើនឡើងឬថយចុះទេ ប៉ុន្តែលោករំពឹងថា ខេត្តនឹងទទួលបានភ្ញៀវទេសចរច្រើនជាងមុន ដោយសារហេដ្ឋារចនាសម្ព័ន្ឋភ្ជាប់មកកាន់ខេត្តកាន់តែងាយស្រួល ៕
ចែករំលែកព័តមាននេះ