FASMEC គ្រោងបង្កើតការិយាល័យ SME ឱ្យបានគ្រប់រាជធានី-ខេត្ត
រាជធានីភ្នំពេញ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា FASMEC គ្រោងនឹងបើកការិយាល័យគ្រប់បណ្តារាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស …
រាជធានីភ្នំពេញ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា FASMEC គ្រោងនឹងបើកការិយាល័យគ្រប់បណ្តារាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស …
រាជធានីភ្នំពេញ ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា FASMEC គ្រោងនឹងបើកការិយាល័យគ្រប់បណ្តារាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេស មុនខែមេសា ខាងមុខ ។
លោកឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២១ កុម្ភៈ កន្លងមកថា រហូតមកទល់ពេលនេះ FASMEC បានបើកការិយាល័យចំនួន១៨រាជធានី-ខេត្តហើយ និងគ្រោងពង្រីកឲ្យបានគ្រប់រាជធានី-ខេត្តនៅមុនខែមេសា មុនពេលពួកគេជួបជុំទទួលទានអាហារសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលគ្រោងរៀបចំនៅក្នុងអំឡុងខែមេសា ខាងមុខ ។
លោកបន្តថា ៖ « FASMEC ចង់ឲ្យមានសហគ្រាសគ្រប់រាជធានី-ខេត្ត ដើម្បីអាចផ្តល់ព័ត៌មានទាក់ទងនឹងវិស័យនេះ ។ ពួកគេអាចបង្កើតសួនឧស្សាហកម្មនៅតាមបណ្តាខេត្តរបស់ខ្លួន អនុលោមតាមធនធាន និងផលិតផលកសិកម្ម ដែលមានសក្តានុពលសម្រាប់ខេត្តនីមួយៗ » ។ លោកបន្តថា ៖ « ខេត្តខ្លះមានពោត ដំឡូងមី ស្រូវ និងល្ង ជាដើម ។ ដូច្នេះ អ្នកនៅក្នុងវិស័យនេះអាចកែច្នៃនៅតាមបណ្តាខេត្តរបស់ខ្លួន មិនចាំបាច់មកបង្កើតនៅរាជធានីភ្នំពេញនោះទេ » ។
លោកឧកញ៉ា តែ តាំងប៉ បន្ថែមថា អ្វីដែលលោកបាននិងកំពុងខិតខំធ្វើ គឺធ្វើដោយកម្លាំងកាយចិត្ត ហើយរាជរដ្ឋាភិបាលជាអ្នកគាំទ្រគោលនយោបាយ ។ ចំណែក FASMEC អាចជួយផ្តល់ទុនបាន មិនអាចជួយអ្វីលើសពីនេះដល់សហគ្រាសធុនតូច និងមធ្យមបានទេ ។
យោងតាមការអង្កេតរបស់ក្រសួងផែនការរកឃើញថា កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន៦៣ម៉ឺនកន្លែងនៅទូទាំងប្រទេស ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ថ្លែងថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានការរីកចម្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឲ្យវាស់វែងថា រីកចម្រើនកម្រិតណា លោកមិនអត្ថាធិប្បាយនោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់របស់លោក គឺ SME នាំចូលផលិតផលពីបរទេសច្រើន ជាជាងការផលិតក្នុងស្រុក ។ នៅប្រទេសម៉ាឡេស៊ី និងថៃ វិស័យ SME មានការរីកចម្រើន ដោយសារមានស្ថាប័នធំៗរបស់ពួកគេជួយជាបច្ចេកទេស ជួយជាទុន និងការគាំទ្រផ្សេងៗទៀត ។
លោកបន្តថា កន្លងមក មានមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ជួយវិស័យនេះដែរ ប៉ុន្តែការនិយាយឬធ្វើមានលក្ខណៈសើៗ មិនមានការគិតប្រកបដោយភាពស៊ីជម្រៅថា ត្រូវធ្វើអ្វីឲ្យពិតប្រាកដ និង SME ខ្លួនឯងត្រូវធ្វើអ្វីឲ្យបានច្បាស់លាស់ឡើយ ។ ប្រសិនបើនិយាយពីរឿងទុន គឺជារឿងទុន វាដូចជាការលើកឡើងដដែលៗ និងដូចជាការសុំទាន ។ ដូច្នេះ SME ខ្លួនឯងត្រូវគិតអ្វី ចង់បានអ្វីឲ្យបានច្បាស់លាស់ និងត្រូវធ្វើអ្វីពិតប្រាកដ ។
កន្លងមក ម្ចាស់សហគ្រាសធុនតូច និងមធ្យមតែងតែលើកឡើងជារឿយៗពីកង្វះទុនសម្រាប់ពង្រីកផលិតកម្មរបស់ខ្លួន និងបានស្នើសុំឲ្យធនាគារជួយបន្ធូរបន្ថយលក្ខខណ្ឌក្នុងការផ្តល់ឥណទានដល់សហគ្រាសផងដែរ ។
ប៉ុន្តែលោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ថ្លែងថា ធនាគារនឹងផ្តល់ទុនដល់វិស័យសហគ្រាសធុនតូច និងមធ្យម មិនមានបញ្ហាអ្វីទេ ។ អ្វីសំខាន់ គឺម្ចាស់សហគ្រាសធុនតូច និងមធ្យមនានាត្រូវមានបញ្ជីគណនេយ្យ ចំណូលចំណាយឲ្យបានច្បាស់លាស់ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់សហគ្រាសទាំងនោះគ្មានឯកសារបញ្ជីចំណូល ចំណាយច្បាស់លាស់ទេ ជាមូលហេតុធ្វើឲ្យធនាគារមិនអាចផ្តល់ទុនបាន ៕
ចែករំលែកព័តមាននេះ