រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់វិនិយោគិន ធុរជនទាំងថ្នាក់ជាតិ ក្នុងតំបន់ និបណ្តាប្រទេសនានានៅជុំវិញពិភពលោកដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០១៧ នៅសណ្ឋាគារអាំទែរកុងទីណង់ តាល់ នាព្រឹកថ្ងៃទី១៥ កុម្ភៈ ម្សិលមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យមានការចូលរួមជាដៃគូនៅក្នុងកិច្ចការរៀបចំអនាគតកម្ពុជាឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ កម្ពុជានៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចឹត្តចំពោះបណ្ដាគម្រោងវិនិយោគបរទេសនានាមកកម្ពុជា ហើយរាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបើកទូលាយ ព្រមទាំងការបង្កើតនូវបរិយាកាសវិនិយោគឲ្យកាន់តែល្អប្រសើរ កាន់តែមានភាពទាក់ទាញ មានលក្ខណៈទុកចឹត្តបានសម្រាប់វិនិយោគិន និងធុរជនទាំងអស់ ។
សម្តេចតេជោថ្លែងបន្ដថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនថ្មី គឺជាផែនទីបង្ហាញផ្លូវសម្រាប់កសាងមូលដ្ឋានផលិតកម្មដែលមានតម្លៃខ្ពស់ជាងមុន ហើយមានលក្ខណៈសមាហរណកម្មជាមួយនឹងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក ។ ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស គឺជាចំណុចគន្លឹះនៃគោលនយោបាយនេះ ដែលបានផ្តោតការយកចឹត្តទុកដាក់លើចង្កោមនៃវិស័យអាទីភាព ដូចជា ឧស្សាហកម្មកម្មន្តសាលថ្មីៗសម្រាប់បើកច្រកចូលទីផ្សារផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងការប្រកួត ប្រជែងខ្ពស់ ។ សហគ្រាសធុនតូច និងមធ្យមដែលពាក់ព័ន្ធនឹងការផលិតកម្មឧសថ និងបរិក្ខារពេទ្យ សម្ភារសំណង់ សម្ភារដំណើរការវេចខ្ចប់ ការនាំចេញ គ្រឿងសង្ហារិម និងឧបករណ៍សម្ភារបម្រើឲ្យឧស្សាហកម្ម កសិឧស្សាហកម្មដែលបម្រើឲ្យការនាំចេញ និងទីផ្សារក្នុងស្រុក ប្រភេទឧស្សាហកម្មដែលគាំទ្រដល់កសិកម្ម ទេសចរណ៍ និងវាយនភណ្ឌ ក៏ដូចជាខ្សែបម្រើឲ្យសង្វាក់ផលិតកម្មតំបន់ និងសង្វាក់តម្លៃពិភពលោក។ ប្រភេទឧស្សាហកម្មបម្រើឲ្យខ្សែសង្វាក់ផលិតកម្មតំបន់ ដែលមានចរិតជាយុទ្ធសាស្ត្រដូចជា បច្ចេកវិទ្យាព័ត៌មាន និងទូរសារគមនាគមន៍ ថាមពល ឧស្សាហកម្មធុនធ្ងន់ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងបច្ចេកវិទ្យាបៃតង ។
ជាមួយនឹងកិច្ចខិខំប្រឹងប្រែងនេះ សម្តេចតេជោបានគូសបពា្ជក់ថា ក្នុងក្របខណ្ឌគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំសម្រេចឲ្យបាននូវចំណុចគន្លឹះចំនួន៤គឺ៖
១-ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្ម រួមទាំងវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី និងភាពជឿទុកចិត្តនៃការផ្គត់ផ្គង់ចរន្តអគ្គិសនី។
២-រៀបចំ និងអនុវត្តន៍ផែនការមេសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកពហុនយោបាយ ។
៣-ពង្រឹង និងអភិវឌ្ឍន៍យន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ ។
៤-អភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែងព្រមទាំងកិច្ចសហការល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក គួបផ្សំនឹងវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗធំៗជាច្រើនក្នុងពេលកន្លងមក ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពប្រកដនិយម ប៉ុន្តែមានមហិច្ឆតាខ្ពស់ មានគោលនយោបាយត្រឹមត្រូវមានយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ ក៏ដូចជាឆន្ទៈមុតស្រួចឥតរាថយក្នុងការអនុវត្ត ។ ក្នុងនោះដែរ កម្ពុជាកំពុងតែចូលរួមយ៉ាងសកម្មជាមួយអាស៊ានសំដៅប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ឲ្យទៅជាកាតាលីករ ឬផ្កាយកំពុងរះមួយឌួង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក ។
ផ្អែកលើមូលដ្ឋាននេះ សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ៖« ខ្ញុំសូមអញ្ជើញអស់លោកទាំងអស់គ្នាចូលរួមជាដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានានៅក្នុងកិច្ចការរៀបចំអនាគតកាន់តែល្អប្រសើរឡើងសម្រាប់កម្ពុជា ។ រាជរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបើកទូលាយ ព្រមទាំងការបង្កើតនូវបរិយាកាសវិនិយោគឲ្យកាន់តែល្អប្រសើរកាន់តែមានភាពទាក់ទាញ មានលក្ខណៈទុកចិត្តបានសម្រាប់វិនិយោគិន និងធុរជនទាំងអស់ » ៕
ចែករំលែកព័តមាននេះ