ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ ពេជ្រ ខេន​ឌី ​ចំណាយ​ប្រាក់​ជាង​10​ម៉ឺន​ដុល្លារ​បើក​ភោជនីយដ្ឋាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បើក​របរ​រកស៊ី​មាន​ប្រាក់​ចំណេញ ប៉ុន្តែ​តារា​សម្តែង​ពេជ្រ ខេន​ឌី មិន​បោះបង់​ចោល​វិស័យ​កីឡា ឬ​ក្បាច់គុន​ល្បុក្កតោ​ទេ ។ ខេន​ឌី ត្រៀម​បញ្ចូល​កម្មវិធី​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​ក្រោយ​ពេល​

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បើក​របរ​រកស៊ី​មាន​ប្រាក់​ចំណេញ ប៉ុន្តែ​តារា​សម្តែង​ពេជ្រ ខេន​ឌី មិន​បោះបង់​ចោល​វិស័យ​កីឡា ឬ​ក្បាច់គុន​ល្បុក្កតោ​ទេ ។ ខេន​ឌី ត្រៀម​បញ្ចូល​កម្មវិធី​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ​ក្រោយ​ពេល​ភោជនីយដ្ឋាន​របស់​នាង​ចាប់ផ្តើម​បើក​ដំណើរការ​នា​អំឡុង​ខែមេសា​នៅ​ខេត្តសៀមរាប ។

តារាភាពយន្ត​អ្នក​នាង​ពេជ្រ ខេន​ឌី ខណៈ​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ​នោះ​ស្រាប់តែ​បោះទុន​១៥​ម៉ឺន​ដុល្លារ បើក​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្តសៀមរាប​ក្នុង​នោះ​មាន​គោលដៅ​ជួយ​លើក​ស្ទួយ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ផង​ដែរ ។ អ្នក​នាង​ពេជ្រ ខេន​ឌី ឲ្យ​ដឹង​ថា​ភោជនីយដ្ឋាន​របស់​នាង​កំពុង​តែ​ដំណើរការ​សាងសង់​ហើយ​គ្រោង​បើក​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៧ ។ ភោជនីយដ្ឋាន​នោះ​ដាក់​ឈ្មោះ​ថា «​ល្បុក្កតោ​ក្លឹ​ប​» បម្រើ​ម្ហូបអាហារ និង​តន្ត្រី​កំដរ​អារម្មណ៍​ដូច​ហាង​ដទៃ​ដែរ គ្រាន់តែ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​គេ​ដោយ​រៀបចំ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ប្រចាំ​ថ្ងៃ គឺ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​សម្ដែង​៣​ដង​សម្រាប់​អតិថិជន​ទស្សនា​កម្សាន្ត ។

មូលហេតុ​ដែល​អ្នក​នាង​ពេជ្រ ខេន​ឌី សម្រេចចិត្ត​បោះទុន​បើក​ភោជនីយដ្ឋាន​នៅ​ខេត្តសៀមរាប​ហើយ​បញ្ចូល​ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ ព្រោះនាង​ចង់​លើក​ស្ទួយ​ឲ្យ​ពិភព​លោក​​កាន់តែ​ស្គាល់​ច្បាស់​ពី​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ដែល​មានកំណើត​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ម្យ៉ាង​នាង​យល់​ថា​ខេត្តសៀមរាប​ជា​តំបន់​មាន​សក្តានុពល​ទេស​ចរណ៍​ខ្លាំង មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដូច្នេះ​ត្រូវ​តែ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ឱ្យ​គេ​ស្គាល់ ។

ខេន​ឌី ឲ្យ​ដឹង​ថា​លោក​សាន គឹ​ម​ស៊ា​ន ជីតា របស់​នាង​ជា​អ្នក​ចងក្រង​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ហេតុ​ដូច្នេះ​ហើយ​កាន់តែ​ជំរុញ​ទឹកចិត្ត​នាង ក្នុង​ការ​បើកហាង​ដែល​លើក​ស្ទួយ​ក្បាច់គុន​ល្បុក្កតោ ។ ចាយ​ទុន​រហូត​១៥​ម៉ឺន​ដុល្លារ​អ្នក​នាង​ខេន​ឌី ចង់​រចនា​ភោជនីយដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដោយ​បំពាក់​គ្រឿងសង្ហារិម​ប្រណីត​ៗ ។  ខេន​ឌី រំពឹង​ថា​នឹង​ទាញ​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ទៅ​លេង​សៀមរាប​អង្គរ ។

ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ អ្នក​នាង​ពេជ្រ ខេន​ឌី ថា​ដោយសារ​តែ​នាង​មមាញឹក​លើ​មុខ​ជំនួញ ។ បច្ចុប្បន្ន​នេះ​ក្រៅពី​ត្រៀម​បើក​ភោជនីយដ្ឋាន នាង​មានមុខ​ជំនួញ​២​ផ្សេង​ទៀត គឺ​ក្រុមហ៊ុន​ទទួល​បញ្ចាំ​របស់ទ្រព្យ ដីធ្លី និង​រថយន្ត​ជាដើម ។ ក្រុមហ៊ុន​១​ទៀត​បម្រើ​លើ​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​ចេញចូល​ក្រៅប្រទេស ។

ពេជ្រ ខេន​ឌី តារា​ជិះ​រថយន្ត​BMW តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​រូប​នេះ​អះអាង​ថា​នាង​មិន​បោះបង់​សិល្បៈ​ចោល​ទេ គឺ​ពេល​ណា​អាច​ដកឃ្លា​ពីមុខ​ជំនួញ​បាន នាង​នឹង​ទទួល​សម្ដែង​បន្ត​ទៀត ។

តាម​រយៈ​ការ​បង្កើត​កម្មវិធី​សម្តែង​ក្បាច់គុន​ល្បុក្កតោ​នៅ​ភោជនីយដ្ឋាន​របស់​អ្នក​នាង​ពេជ្រ ខេន​ឌី នោះ ចំពោះ​កីឡាករ​ល្បុក្កតោ​នឹង​មាន​កន្លែង​បញ្ចេញ​ទេព​កោសល្យ​ជា​ប្រចាំ ព្រមទាំង​បាន​ប្រាក់​កម្រៃ ៕