ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ័រកៅស៊ូ​បន្ត​ស្ទុះ​ងើបឡើង​វិញ​ប្រកបដោយ​លំនឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត តម្លៃ​ជ័រកៅស៊ូ​បាន​ស្ទុះ​ឡើង​វិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​នេះ​ប្រកបដោយ​លំនឹង ខណៈ​តម្រូវការ​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ងើបឡើង​វិញ​ដំណាលគ្នា ។

រាជធានី​ភ្នំពេញ ៖ ទីបំផុត តម្លៃ​ជ័រកៅស៊ូ​បាន​ស្ទុះ​ឡើង​វិញ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​នេះ​ប្រកបដោយ​លំនឹង ខណៈ​តម្រូវការ​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ងើបឡើង​វិញ​ដំណាលគ្នា ។

លោក ធី សំបូរ ប្រធាន​សមាគម​កៅស៊ូ​គ្រួសារ​ត្បូងឃ្មុំ ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​មក​ថា តម្លៃ​ជ័រកៅស៊ូ​បាន​ស្ទុះ​ងើប​ឡើង​​វិញ​ហើយ ដោយ​ជ័រ​ប្រភេទ​ដេ​អា​សេ​បាន​ឡើងថ្លៃ​ចន្លោះ​ពី​៥.៧០០​ទៅ​៦.០០០​រៀល​ក្នុង​១​គីឡូក្រាម បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត គឺ​តម្លៃ​ត្រឹម​៣.០០០​រៀល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ការ​ឡើងថ្លៃ​ជ័រកៅស៊ូ បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​កៅស៊ូ​មាន​ទំនុកចិត្ត​ឡើង​វិញ​ច្រើន ដោយសារ​តម្លៃ​ជ័រ​ធៀប​នឹង​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​អាច​រក​ផល​ចំណេញ​បាន ។ លោក​និយាយ​ថា ៖ « នៅ​ពេល​តម្លៃ​ជ័រកៅស៊ូ​ឡើងថ្លៃ តម្លៃ​ដី​ដាំ​កៅស៊ូ​បាន​កើន​ឡើងជា​ស្វ័យប្រវត្តិ​ផង​ដែរ​។ ជាក់ស្តែង ដី​សម្រាប់​ដាំ​កៅស៊ូ​មាន​តម្លៃ
ប្រមាណ​​១​ម៉ឺន​ដុល្លារ​, ដី​ដាំ​កៅស៊ូ​មិន​ទាន់​ចៀរ​ជ័រ​មាន​តម្លៃ​១២.០០០​ដុល្លារ និង​ដី​កៅស៊ូ​អាច​ចៀរ​ជ័រ​បាន មាន​តម្លៃ​១៥.០០០​ដុល្លារ​ក្នុង​១​ហិ​កតា » ។

លោក​បន្ត​ថា អ្វី​ដែល​លោក​កត់សម្គាល់​បច្ចុប្បន្ន គឺ​មាន​ចលនា​ទិញ​ជ័រកៅស៊ូ​ពី​ឈ្មួញកណ្តាល​ច្រើន ដែល​ធ្វើ​ឲ្យ​តម្លៃ​កៅស៊ូ​ឡើងថ្លៃ ព្រោះ​មានការ​ប្រកួតប្រជែង​គ្នា ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​មាន​ឈ្មួញ​ទិញ​តិច តម្លៃ​កៅស៊ូ​នឹង​ធ្លាក់​ថ្លៃ​មិន​ខាន ដោយសារ​ឈ្មួញ​ក្រឡុក​តម្លៃ ។

លោក ជា សា​យិ​ន ប្រធាន​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​ស្រុក​មេមត់ ឱ្យ​ដឹង​ថា តម្លៃ​កៅស៊ូ​បាន​ស្ទុះ​ងើប​គួរសម ដោយ​ជ័រ​បង្កក​ចាន​បាន​កើន​ពី​១.៣០០​រៀល​កាលពី​៣​ឆ្នាំ​មុន ដល់​២.៩០០​ទៅ​៣.០០០​រៀល​នៅ​ពេល​នេះ​។ ចំណែក​ជ័រ​ប្រភេទ​ដេ​អា​សេ​មាន​តម្លៃ​៦.០០០​រៀល​ក្នុង​១​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​ដាំ​កៅស៊ូ​ចាប់ផ្តើម​រីកមុខ​មាត់​ឡើង​វិញ ។ គេ​រំពឹង​ថា តម្លៃ​កៅស៊ូ​នឹង​ស្ទុះ​ងើបឡើង​វិញ​ប្រកបដោយ​និរន្តរភាព ប្រសិនជា​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ត្រូវការ​ច្រើន ។ លោក​និយាយ​ថា ៖ « ពី​មុន​កសិករ​ចង់​កាប់​ដើម​កៅស៊ូ​ចោល​ដើម្បី​ដាំ​ម្រេច ប៉ុន្តែ​ពេល​នេះ ពួក​គេ​បាន​ងាក​មក​ថែទាំ​កៅស៊ូ​វិញ​ហើយ ហើយ​តម្លៃ​ដី​ដាំ​កៅស៊ូ ក៏​បាន​ឡើងថ្លៃ​ផង​ដែរ » ។

លោក​បន្ត​ថា ដោយសារ​តម្លៃ​ជ័រកៅស៊ូ​កើនឡើង ក៏​បាន​រួមចំណែក​ធ្វើ​ឲ្យ​សិប្បកម្ម​ផលិត​ជ័រ​សន្លឹក​អាច​ដំណើរការ​ឡើង​វិញ ។ សិប្បកម្ម​ទាំងនោះ​បាន​ទិញ​កៅស៊ូ​ប្រភេទ​ដេ​អា​សេ​តម្លៃ​៦.០០០​រៀល​ក្នុង​១​គីឡូក្រាម ដើម្បី​ផលិត​ជ័រ​សន្លឹក​នាំ​ចេញ​ទៅ​បរទេស ។

ជ័រកៅស៊ូ​ដេ​អា​សេ ជា​ប្រភេទ​ជ័រ​មានគុណ​ភាពល្អ ធៀប​នឹង​ជ័រ​បង្កក​ចាន និង​មាន​កំហាប់​ជាង ។ ជ័រ​បង្កក​ចាន​២​គីឡូក្រាម ទើប​ផលិត​បាន​ជ័រ​ដេ​អា​សេ​១​គីឡូក្រាម ។

លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី​គ្រុប ដែល​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​២.៥០០​ហិ​កតា​នៅ​ខេត្ត​ព្រះ​សីហ​នុ ថ្លែង​ថា ជ័រកៅស៊ូ​ជា​មធ្យម​បច្ចុប្បន្ន​មាន​តម្លៃ​២.០០០​ដុល្លារ​ក្នុង​១​តោន ជា​តម្លៃ​មួយ​អាច​ទទួលយក​បាន បន្ទាប់​ពី​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​។ ការ​ធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​បាន​ទុំ​ជោរ វា​ល្មម​ដល់​ពេល​កើនឡើង​ហើយ អ្នក​ដាំ​កៅស៊ូ​មានទឹក មាត់​លេប​ឡើង​វិញ ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « ចម្ការ​កៅស៊ូ​របស់​យើង​មាន​ជាង​៤០​ម៉ឺន​ហិ​កតា តែបើ​មិនចៀរ​ជ័រ​មាន​កៅស៊ូ​ឯណា​នាំ​ចេញ ព្រោះ​ពេល​នេះ បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ត្រូវការ​ជ័រកៅស៊ូ​ច្រើន​ពី​យើង ។ យើង​មាន​ប៉ុន្មាន គេ​យក​ប៉ុណ្ណឹង តែ​សំខាន់​អ្នក​ដាំ​កៅស៊ូ​ត្រូវ​ថែទាំ ដាក់​ជី ទើប​អាច​ចៀរ​ជ័រ​បាន ព្រោះ​កន្លង​មក​មាន​អ្នក​ទុក​កៅស៊ូ​ចោល​ច្រើន និង​កាប់​ចោល​ដោយសារ​តម្លៃ​ធ្លាក់​ចុះ » ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ថ្លែង​ថា កសិករ​បច្ចុប្បន្ន​កំពុង​សប្បាយចិត្ត និង​រីកមុខ​រីក​មាត់​សម្បើម​ណាស់ ដោយសារ​ជ័រកៅស៊ូ​ឡើងថ្លៃ ព្រោះ​តម្រូវការ​ជ័រកៅស៊ូ​ពី​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ។ បច្ចុប្បន្ន ផ្ទៃដី​ដាំ​កៅស៊ូ​បាន​កើនឡើង​រហូត​ដល់​៤០២.១៤០​ហិ​កតា និង​គ្របដណ្តប់​លើ​ខេត្ត​-​ក្រុង​ជា​ច្រើន​នៅ​កម្ពុជា ៕