ខេត្តព្រះសីហនុ ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នឹងប្រែក្លាយជាទីក្រុងសិនជិននៃប្រទេសកម្ពុជា ដែលមានលក្ខណៈជឿនលឿន មានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ។ នេះបើតាមការឲ្យដឹងពីលោក Jack Chen អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ។
លោក Jack Chen បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានផ្ទៃដី១.១១៣ហិកតា ឆ្លងកាត់ការអភិវឌ្ឍរយៈពេល៨ឆ្នាំ បានបង្កើតជាសួនឧស្សាហកម្មអន្តរជាតិ ស្រូបយកសហគ្រាសចូលមកវិនិយោគ និងមានវិនិយោគិនមកពីប្រទេសចិន ជប៉ុន បារាំង កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ជាដើម ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសមួយនេះមានសហគ្រាស១០៣ ក្នុងនោះ៨៨សហគ្រាសកំពុងដំណើរការ និងដោះស្រាយជីវភាពការងារជូនកម្មករ កម្មការិនីបានជាង១៦ម៉ឺននាក់ ។
លោកបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីងពីង មកកម្ពុជាកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ក៏បានលើកឡើងពីការរីកចម្រើនយ៉ាងពិតប្រាកដនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ព្រមទាំងបានចង្អុលបង្ហាញពីគម្រោងអនុវត្តកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់សេដ្ឋកិច្ច ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ដោយផ្តើមពីគំនិតបង្កើតកិច្ចសហប្រតិបត្តិការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ (ខ្សែក្រវាត់មួយ ផ្លូវមួយ) ។
ជាមួយគ្នានេះ លោកបានថ្លែងថា ៖ « ទិសដៅខាងមុខ តំបន់សេដ្ឋកិច្ចពិសេសនឹងសម្រេចឲ្យបាននូវរោងចក្រចំនួន៣០០សហគ្រាស មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមាននិយោជិតធ្វើការចំនួន១០ម៉ឺននាក់ និងអាចស្រូបយកកម្លាំងពលកម្មចំនួន២០ម៉ឺននាក់ » ។
ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ (ខ្សែក្រវាត់មួយ ផ្លូវមួយ) ដើម្បីប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងសិនជិននៃប្រទេសកម្ពុជា ។ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង និងបំពេញតួនាទីយ៉ាងសកម្មជូនសង្គមជាតិ ។
ក្រៅពីផ្តល់ឱកាសការងារធ្វើជូនប្រជាពលរដ្ឋ តំបន់សេដ្ឋកិច្ចពិសេសបានជួយបណ្តុះបណ្តាលភាសាចិនដល់កម្មករ កម្មការិនី សិស្សានុសិស្ស និងជួយសាងសង់សាលារៀនក្នុងឃុំបិតត្រាំង ហើយនៅថ្ងៃខាងមុខ តំបន់សេដ្ឋកិច្ចពិសេស នឹងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្ហាត់បង្រៀនជំនាញជូនប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែច្រើនដើម្បីប្រកួតប្រជែងសមាហរណកម្មក្នុងតំបន់អាស៊ាន ។ ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសនឹងសាងសង់មន្ទីរពេទ្យមានស្តង់ដាដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ដោយបន្តអនុវត្តសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូលឱ្យមានជីវភាពកាន់តែប្រសើរឡើង ៕
ចែករំលែកព័តមាននេះ