ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅនេះ រឿងរ៉ាវគួរឱ្យរន្ធត់មួយបានកើតឡើង ដែលនោះគឺអំពើហិង្សាក្នុងគ្រួសារដែលបុរសជាប្តីដោយសារសុំលុយ២ម៉ឺនរៀលពីប្រពន្ធយកទៅផឹកស្រាមិនបាន ក៏ឈានដល់ការវាយសម្លាប់ប្រពន្ធ ។ ហេតុការណ៍ព្រៃផ្សៃគួរឱ្យថ្កោលទោសនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១១ព្រឹក នៅចំណុចដើមច្រោះជ័រក្នុងព្រៃខាងកើតភូមិអណ្តូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ក្បែរជើងភ្នំត្បែងភាគខាងលិចចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ ។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះតាប់ យុន អាយុ២១ឆ្នាំ ចំណែកប្តីទុរយសឈ្មោះទេស រិត អាយុ២២ឆ្នាំ ។ «សុំលុយប្រពន្ធមិនបានវាយសម្លាប់ដូចសត្វធាតុ »
តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធ នេះ ទើបតែយកគ្នាបានប្រហែល៦ខែប៉ុណ្ណោះ មិនទាន់មានកូននៅឡើយទេ ។ ជុំវិញហេតុការណ៍នេះលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី ២៨ ឧសភា មកម៉្លេះ ប៉ុន្តែសមត្ថកិច្ចបានដាក់ការស៊ើបអង្កេតទៅលើជនដៃដល់មិនទាន់បានច្បាស់លាស់ក្នុងការចោទប្រកាន់ ។ ទោះបីជាបែបណា លោកបានដាក់ចេញបទបញ្ជាយ៉ាងតឹងរ៉ឹងទៅដល់សមត្ថកិច្ចប៉ូលិសអធិការដ្ឋានស្រុកសង្គមថ្មី ត្រូវធ្វើយ៉ាងណាវែកមុខជនដៃដល់ដើម្បីអនុវត្តតាមច្បាប់។ នៅថ្ងៃទី៣០ ឧសភា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះទេស វិត នាំមកសាកសួរ ពេលនោះជនដៃដល់បានសារភាពថា ខ្លួនពិតជាបានវាយទៅលើប្រពន្ធបណ្តាលឱ្យស្លាប់ប្រាកដមែន ។
បុរសជាប្តីអគតិរូបនេះបានសារភាពទៀតថា មុននឹងឈានដល់ការសម្លាប់ប្រពន្ធចោលនោះ គឺដោយសារខ្លួនខឹងប្រពន្ធដែលកាលពីថ្ងៃទី២២ ឧសភា ខ្លួនបានសុំលុយចំនួន២ម៉ឺនរៀល យកទៅផឹកស៊ី តែប្រពន្ធមិនឱ្យ។ លុះដល់ព្រឹកថ្ងៃទី២៨ ឧសភា ប្រពន្ធបានដាំបាយហូបទាំងអស់គ្នារួចហើយប្រពន្ធបានបបួលខ្លួនជាប្តីទៅចងរបងស្រែ តែពេលនោះខ្លួនបានកុហកប្រពន្ធថា មិនបានទៅទេ ទៅម្នាក់ឯងទៅ ព្រោះខ្លួនត្រូវទៅព្រៃរកឆ្លុះសត្វ។ ពេលនោះប្រពន្ធក៏បានទៅចងរបងស្រែតែម្នាក់ឯង។ លុះដល់ម៉ោងប្រហែល១១ព្រឹក ខ្លួនមិនបានទៅឆ្លុះសត្វទេ គឺបានកាន់ពូថៅមួយដើរសំដៅទៅស្រែរកប្រពន្ធ។ ពេលទៅដល់បានឃើញប្រពន្ធ កំពុងដងទឹកក្នុងអូរយកទៅផឹក ខ្លួនក៏បានដើរទៅជិតរួចទះកំភ្លៀងប្រពន្ធ៤-៥ដៃ បណ្តាលឱ្យសន្លប់បាត់ស្មារតី ទើបយកពូថៅវាយបន្ថែម និងច្របាច់.កឱ្យស្លាប់ បន្ទាប់មកលើកសពប្រពន្ធទៅដាក់ចោលនៅក្រោមដើមឈើក្បែរមាត់អូរ មុនពេលត្រឡប់ទៅផ្ទះវិញ។ រហូតដល់ម៉ោង៥ល្ងាច ខណៈប្អូនថ្លៃស្រីឈ្មោះតាប់ សុធី ត្រឡប់មកពីសាលារៀនវិញមិនឃើញបងស្រីមកពីស្រែ ក៏នាំខ្លួនជាបងថ្លៃដើររក។
ស្ត្រីជាប្អូនបានរៀបរាប់ប្រាប់ប៉ូលិសថា នៅពេលទៅដល់ស្រែរូបនាងហាក់មានភាពចម្លែកក្នុងចិត្ត ខណៈឃើញបុរសជាបងថ្លៃរត់រកប្រពន្ធពេញព្រៃមុនរូបនាងជាប្អូន តែក្រោយមកស្រាប់តែបងថ្លៃនេះ បានស្រែកប្រាប់នាងថា បងស្រីស្លាប់បាត់ទៅហើយ។ ពេលនោះគាត់ (បងថ្លៃ) បានស្រែកទ្រហោយំ និងបានលើកបីប្រពន្ធដែលជាបងស្រីរបស់នាងទាំងទឹកភ្នែកយកទៅភូមិដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ប្អូនស្រីជនរងគ្រោះបានបញ្ជាក់ទៀតថា ជនល្មើសជាបងថ្លៃ ខណៈពេលធ្វើបុណ្យសពប្រពន្ធបានធ្វើពុតជាយំសោកខ្លាំងៗរហូតដល់ចប់ពិធី ទើបឃើញប៉ូលិសមកនាំខ្លួនតែម្តង ។ បច្ចុប្បន្នជនល្មើសត្រូវបានប៉ូលិសនៃស្នងការដ្ឋានខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ