រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ មិថុនា សាលាដំបូងរាជធានីបានប្រកាសសាលក្រមផ្តន្ទាទោសគ្រូទាយ និងមើលរាសីម្នាក់ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនារីអាយុក្រោម១៨ឆ្នាំម្នាក់ ដែលមានជំងឺសរសៃប្រសាទ។
ជនដែលតុលាការផ្តន្ទាទោសនេះឈ្មោះគង់ សុខ អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ជាគ្រូទាយនិងមើលរាសី ដែលអ្នកស្គាល់ភាគច្រើននិយាយថា លោកគ្រូស៊ីម២ ឬលោកគ្រូប៉េដេ។ ការប្រកាសសាលក្រមនេះគឺមានលោកស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សា លោកសួន សំណាង និងលោកស្រី គឹម ដានី ចៅក្រមអម ព្រមទាំងតំណាងអយ្យការ គឺលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០០៩ ម្តាយរងគ្រោះបានទៅផ្សារហើយផ្តាំផ្ញើលោកគ្រូគង់ សុខ ឱ្យជួយមើលកូនស្រីម្នាក់ដែលមានជំងឺសរសៃប្រសាទខ្លាចក្រែងនាងដើរចេញពីផ្ទះបាត់។ ពេលម្តាយទៅផ្សារផុត កូនស្រីដែលមានអាយុ១៦ឆ្នាំចេញពីផ្ទះដែរ ឃើញដូច្នោះលោកគ្រូស៊ីម២ បានទៅហៅនាងឱ្យចូលផ្ទះរបស់ខ្លួនដើម្បីជួយមើលការពារទៅតាមបណ្តាំម្តាយនាង។
ពេលក្មេងស្រីចូលផ្ទះ គ្រូទស្សន៍ទាយរូបនេះ បានឱ្យនាងងូតទឹកសម្អាតខ្លួន និងទិញអាហារឱ្យនាងហូប រួចក៏ឱ្យនាងដេកលើគ្រែមុខអាសនៈ និងបានរំលោភនាង។ ក្រោយពីធ្វើសកម្មភាពនោះហើយ គ្រូទស្សន៍ទាយរូបនេះបានគេចខ្លួនបាត់រហូតរយៈពេល១ឆ្នាំ គឺទាល់តែមកដល់ថ្ងៃទី៣០ មីនា ឆ្នាំ២០១១ ទើបវិលចូលផ្ទះវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូង និងបានឃុំខ្លួនចាប់តាំងពីពេលនោះមក។ សំណុំរឿងនេះត្រូវបានតុលាការលើកយកមកបនើកសវនាការជំនុំជម្រះទោសនៅថ្ងៃទី១២ ឧសភា ប៉ុន្តែទើបប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ មិថុនា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះជាទឹកប្រាក់ចំនួន៤លានរៀល។
សាលក្រមនេះត្រូវជនជាប់ចោទជំទាស់ និងបដិសេធ ហើយសម្រេចចិត្តជាមួយមេធាវីប្តឹងទៅសាលាឧទ្ទរណ៍ទៀត។ ការដាក់ពាក្យបណ្តឹងជំទាស់ទៅសាលាឧទ្ទរណ៍នោះ តាមការអះអាងរបស់សាច់ញាតិថា ដោយសារនៅថ្ងៃកើតហេតុ ឈ្មោះគង់ សុខ មិនបាននៅផ្ទះទេ គឺគេទៅប្រទេសថៃ ហើយរឿងថា មានគេប្តឹងចោទប្រកាន់រំលោភកូនគេនោះក៏មិនទាំងដឹងខ្លួនផង លុះពេលវិលចូលស្រុកវិញក៏ត្រូវចាប់ខ្លួនតែម្តង។ សាច់ញាតិជនជាប់ចោទនិយាយទៀតថា គង់ សុខ ជាមនុស្សចរិតស្រី ដែលគេតែងហៅថាប៉េដេ មិនចូលចិត្តមនុស្សស្រីទេ គេស្រឡាញ់មនុស្សប្រុសដូចគ្នា ចូលចិត្តដើរលេងទៅណាមកណាជាមួយមនុស្សប្រុស។
អ្នកច្បាប់និយាយថា បើទោះជាការដោះសាយ៉ាងណាក៏ដោយ ក៏ការស៊ើបអង្កេតរបស់សមត្ថកិច្ច ក៏ដូចជាតំណាងអយ្យការ និងតុលាការ បានរកឃើញពិតប្រាកដនូវទោសកំហុសរបស់ជនជាប់ចោទ ទើបបានជាសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឈ្មោះគង់ សុខ រយៈពេល១០ឆ្នាំ ពីបទរំលោភសេពសន្ថវៈតាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ គឺមិនអាចមានសាលក្រមណាមួយដាក់ទោសជនដែលគ្មានកំហុសនោះទេ៕
ចែករំលែកព័តមាននេះ