ខេត្តក្រចេះ ៖ ផ្សារក្រចេះដែលជាផ្សារធំជាងគេក្នុងខេត្តក្រចេះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះផងខ្ជាក់ផ្សែងខ្មួលខ្មាញ់និងអណ្តាតភ្លើងក្រហមច្រាលជ្រែកស្បៃរាត្រីបង្កឱ្យម្ចាស់តូបលក់ដូរ និងអ្នករស់នៅក្បែរផ្សារនោះតក់ស្លុត និងស្លន់ស្លោពន់ពេកប្រមាណ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ មិថុនា ២០១១។ ផ្សារក្រចេះនេះស្ថិតក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ មានតូបលក់ដូរ៥២១តូប ពេលនេះត្រូវបានអណ្តាតភ្លើងលេបត្របាក់ស្ទើរទាំងស្រុង គឺឆេះប្រមាណជិត៤០០តូប នៅសល់តែតូបថ្មជុំវិញប៉ុណ្ណោះ ។
ព័ត៌មានជំហានដំបូង គេមិនទាន់ដឹងថា តើមូលហេតុអ្វីទើបបណ្តាលឱ្យផ្សារនេះឆេះសន្ធោសន្ធៅនោះទេ? គេគ្រាន់តែដឹងថា វាចាប់ផ្តើមឆេះដំបូងចេញពីតូបលក់ចានឆ្នាំងដែលស្ថិតនៅខាងត្បូងឆៀងខាងកើត ដោយបានប្រើពេលប្រមាណ៣ម៉ោង ទើបស្ងប់អំណាចភ្លើង បើទោះណារថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ។
រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន២គ្រឿង បានបាញ់ទឹកភ្លាមៗផងដែរ ប៉ុន្តែមិនអាចបង្ក្រាបភ្លើងឈ្នះ គឺរហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ទើបអណ្តាតភ្លើងលែងមានអំណាច ប៉ុន្តែវានៅមានរងើក និងហុយផ្សែងចំហេះរហូតទល់ភ្លឺ ហើយមកដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែលផ្សែងនៅតែហុយ។ គេមិនទាន់វាយតម្លៃអំពីការខូចខាតនោះទេ បន្តនៅព្រឹកនេះ គឺមន្ត្រីអាជ្ញាធរ និងប៉ូលិសកំពុងតែធ្វើការស្រង់ទិន្នន័យ និងស្រាវជ្រាវអំពីមូលហេតុ ៕
ចែករំលែកព័តមាននេះ