ត្រាក់ទ័រដឹកដើមដំឡូងមីពីមុខ មើលផ្លូវមិនឃើញបុកអ្នកជិះម៉ូតូរបួសធ្ងន់
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីស្រុកភ្នំព្រឹកបានឲ្យដឹងថា ស្ត្រីម្នាក់បានរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀតរងរបួសស្រាល ដោយសារត្រាក់ទ័របើកបុកពីក្រោយ
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីស្រុកភ្នំព្រឹកបានឲ្យដឹងថា ស្ត្រីម្នាក់បានរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀតរងរបួសស្រាល ដោយសារត្រាក់ទ័របើកបុកពីក្រោយ
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីស្រុកភ្នំព្រឹកបានឲ្យដឹងថា ស្ត្រីម្នាក់បានរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀតរងរបួសស្រាល ដោយសារត្រាក់ទ័របើកបុកពីក្រោយ ពេលកំពុងជិះម៉ូតូស្របទិសគ្នា លើផ្លូវជាតិលេខ៥៩ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។ មន្ត្រីមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ហ៊ឹម ស៊ីម ភេទស្រី អាយុ៣១ឆ្នាំ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ប៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ របួសស្រាល ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ដោយឡែកអ្នកបើកបរត្រាក់ទ័រមិនទាន់ត្រូវបានគេស្គាល់ឈ្មោះទេ ខណៈសមត្ថកិច្ចបានឃាត់ត្រាក់ទ័រទុកនៅកន្លែងកើតហេតុ។ មន្ត្រីដដែលបានបញ្ជាក់ថា ត្រាក់ទ័រម៉ាកហ្វត បានដឹកដើមដំឡូមីយ៉ាងច្រើននៅផ្នែកខាងមុខ ធ្វើឲ្យអ្នកបើកបរមើលអ្នកជិះម៉ូតូមិនឃើញ ក៏បុកពេញទំហឹងតែម្ដង។ អ្នកស្រុកភ្នំព្រឹកបាននិយាយថា ជាទូទៅត្រាក់ទ័រនៅតាមតំបន់ព្រំដែន តែងប្រើប្រាស់ជាមធ្យោបាយដ៏សំខាន់ សម្រាប់ដឹកជញ្ជូនកសិផល ដោយគេមិនសូវប្រើរ៉ឺម៉កសណ្ដោងទេ។
ភាគច្រើនគឺពួកគេ តរ៉ៃនៅខាងមុខ ដើម្បីដឹកកសិផល ប៉ុន្តែពេលបើកបរត្រូវមានមនុស្សជិះនៅខាងមុខ ដើម្បីជួយមើលផ្លូវ ស៊ីញ៉ូប្រាប់អ្នកបើកបរ។ ប្រភពដដែលបញ្ជាក់ថា ចំពោះត្រាក់ទ័រដឹកដើមដំឡូងមីខាងលើនេះ មានតែតៃកុង គ្មានអ្នកជិះខាងមុខជួយស៊ីញ៉ូផ្លូវទេ ទើបតៃកុងមើលមិនឃើញបុកអ្នកជិះម៉ូតូបែបនេះ។ នេះជាការធ្វេសប្រហែលរបស់អ្នកបើកបរត្រាក់ទ័រ ដែលសមត្ថកិច្ចគួរតែចាត់វិធានការឲ្យបានធ្ងន់ធ្ងរ ទៅលើអ្នកប្រើប្រាស់ត្រាក់ទ័រដឹកកសិផលខុសបច្ចេកទេស បង្កឲ្យមានគ្រោះថ្នាក់បែបនេះ។ មន្ត្រីម្នាក់បានបង្ហាញពីការព្រួយបារម្ភថា ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីនានា ហាក់កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការប្រើប្រាស់ត្រាក់ទ័រដឹកកសិផលគ្មានលក្ខណៈត្រឹមត្រូវលើផ្លូវជាតិរាល់ថ្ងៃ។ ជាពិសេសការរៀបចំដឹកកសិផលនានា នៅផ្នែកខាងមុខក្បាលត្រាក់ទ័រតែម្ដង ដែលមើលទៅប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងដល់អ្នកដំណើរទូទៅ។
មន្ត្រីដដែលនិយាយថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺបណ្ដាលមកពីការដឹកសំពីងសំពោងខាងមុខត្រាក់ទ័រ ទើបអ្នកបើកបរមើលផ្លូវមិនឃើញ ក៏បុកអ្នកជិះម៉ូតូយ៉ាងដូច្នេះ។ ដូច្នេះសមត្ថកិច្ចឬអាជ្ញាធរ គួរតែមានវិធានការចំពោះបញ្ហានេះ ចៀសវាងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ថែមទៀត មិនត្រូវឲ្យអ្នកមានត្រាក់ទ័រ ដឹកកសិផលគ្មានរបៀបបែបនេះតទៅទៀតទេ។ យ៉ាងនេះក្ដីបើតាមសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនភ្លាមៗដែរ។ រីឯម៉ូតូ និងត្រាក់ទ័របង្កហេតុ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលភ្នំព្រឹក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ