រាជធានីភ្នំពេញ ៖ កំពុងចែងចាំងពន្លឺក្នុងពិភពសិល្បៈ តែជីវភាពលោកនី រតនា លំបាកនៅឡើយ ។ តារាចម្រៀងរះថ្មីរូបនេះកំពុងព្យាយាមសន្សំប្រាក់ទិញផ្ទះនាពេលខាងមុខ។
ទោះជានៅមិនទាន់មានផ្ទះផ្ទាល់ខ្លួនដោយស្នាក់នៅផ្ទះជួលគេក៏ដោយ នី រតនា ហាក់មិនពិបាកចិត្តដូចគ្រាមិនទាន់ល្បីឈ្មោះឡើយ ព្រោះមានការងារធ្វើច្រើន ។ នី រតនា កំពុងសន្សំប្រាក់ដោយប្រាថ្នាទិញផ្ទះថ្មីមួយនាពេលខាងមុខ។ ក្នុងជំនួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក នី រតនា ឱ្យដឹងថា ឥឡូវនេះលោកមានការងារច្រើនជាងមុនស្ទើរតែរកកម្លាំងទៅសម្តែងមិនបាន ។ ក្រោយជាប់ជ័យលាភីមក លោកនី រតនា បានចុះកិច្ចសន្យាជាមួយផលិតកម្មរស្មីហង្សមាស រយៈពេល១០ឆ្នាំ។ ដ្បិតតែរយៈពេលវែង ប៉ុន្តែលោករតនាអត់ខ្វល់ទេ ព្រោះជាបំណងរបស់លោកចង់បានកន្លែងធ្វើការត្រឹមត្រូវច្បាស់លាស់តាមជំនាញ ។
នៅផលិតកម្មហង្សមាស លោកនី រតនា បានថតបទចម្រៀងចំនួនជាង១០បទ ក្នុងនោះបទចម្រៀងលេចធ្លោមានដូចជាបទ «អាណែតមាសបង» «ថ្នម» និងបទ «ចិញ្ចើមស្លុយ» ជាដើម ។ «យ៉ាងណាខ្ញុំមិនហ៊ានសន្និដ្ឋានថាប្រជាប្រិយភាពយើងកើនឡើងកម្រិតណាឡើយ វាស្ថិតនៅលើទស្សនិកជនគាត់ជាអ្នកឱ្យតម្លៃ ។ បើនិយាយពីក្រោយពេលមានឈ្មោះ គឺប្លែកពីមុនដោយពីមុនខ្ញុំគ្រាន់តែជាអ្នករកស៊ី ហើយដើរច្រៀងតាមហាងមួយចំនួនយកប្រាក់កម្រៃតិចតួចដោយផ្គត់ផ្គង់ជីវភាពពិបាកណាស់ ។ ប៉ុន្តែក្រោយជាប់កម្មវិធីប្រឡងមក គឺមានការងារច្រើនចេញសម្តែងតាមខេត្ត ដោយអាចមានលទ្ធភាពទប់ទល់ជីវភាពគ្រួសារក៏ដូចជាជីវភាពខ្លួនឯងបាន ។ ពីមុនវិញច្រៀងបានក្នុងតម្លៃតែ៧ដុល្លារក្នុងមួយយប់ប៉ុណ្ណោះ ពេលនេះហក់ឡើងជាងមុន ប៉ុន្តែខ្ញុំសុំមិនបញ្ជាក់ជូនឡើយ» ។
តារាវ័យ២៣ឆ្នាំនេះ និយាយថា ពេលនេះលោកជួយផ្គត់ផ្គង់ ប្អូនៗសិក្សារៀនសូត្រចំនួន៣នាក់ និងជួយឪពុកម្តាយមួយចំណែកទៀត។ ដ្បិតតែរតនា រីកលូតលាស់ក្នុងពិភពសិល្បៈ ប៉ុន្តែលោកស្នាក់នៅផ្ទះជួលគេនៅឡើយ ដោយមិនទាន់់ទិញផ្ទះបានទេ ។ ទោះជាយ៉ាងណាក្តី នី រតនា ជួលខុនដូស្នាក់នៅខុសពីមុនជួលផ្ទះសាមញ្ញ ។ ក្រុមហ៊ុនណែនាំឱ្យរតនារស់នៅសមរម្យជាងមុនបន្តិចទៅ ព្រោះមានឈ្មោះល្បីមិនដូចពីមុនទេ ។
នី រតនា រំពឹងថា រយៈពេល១ឆ្នាំ ឬ២ឆ្នាំទៀតអាចមានឱកាសទិញផ្ទះមិនខានគ្រាដែលលោកកំពុងខិតខំសន្សំប្រាក់ ហើយស៊ូទ្រាំជាមួយការងារ ។ ពីមុនរតនាជិះម៉ូតូវ៉េវ ប៉ុន្តែអាជីពសិល្បៈរីកចម្រើនបានទិញរថយន្តជិះម្តង ៕
ចែករំលែកព័តមាននេះ