ខេត្តបន្ទាយមានជ័យ ៖ អតីតជាសង្ឃបានល្បួងក្មេងស្រីអាយុ៨ឆ្នាំម្នាក់រំលោភសេពសន្ថវៈនៅក្នុងប្រាង្គ «វត្តសាមគ្គីរាមអូរជ្រៅ» ស្ថិតក្នុងភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ហើយត្រូវបានគណៈកម្មាការចាប់ផ្សឹក រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាប់ខ្លួន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៨ មេសា ២០១៦ ។
លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ឱ្យដឹងថា ក្រោយពីធ្វើការចាប់ផ្សឹក កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះលឿន ឡៃ អាយុ៦២ឆ្នាំ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ ។
បើតាមបណ្តឹងរបស់ជីដូនរបស់កុមារីរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី២៨ មីនា ២០១៦ ជនសង្ស័យឈ្មោះលឿន ឡៃ នៅជាសង្ឈ បានល្បូងក្មេងស្រីរងគ្រោះចំនួន២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៦ឆ្នាំ ឱ្យចូលក្នុងប្រាង្គរួចបិទទ្វារ ហើយធ្វើសកម្មភាពចាប់អោបថើបកុមារីអាយុ៨ឆ្នាំ រំលោភរហូតបានសម្រេច ។ បន្ទាប់មកក៏បានចាប់កុមារីអាយុ៦ឆ្នាំអោបថើប តែមិនបានរំលោភទេហើយជនសង្ស័យ ក៏បាននិយាយថា ហាមមិនឱ្យកុមារីទាំង២នាក់ដើរនិយាយប្រាប់តាយាយ និងឪពុកម្តាយរបស់ពួកគេទេ ។
បន្ទាប់មកជនសង្ស័យរូបនេះ បានឲ្យលុយក្មេងស្រីទាំង២នាក់ ម្នាក់៣រយរៀលឱ្យត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី៣០ មីនា ទើបក្មេងស្រីរងគ្រោះបាននិយាយប្រាប់បងស្រីរបស់គេ និងជីដូន ពីដំណើររឿងព្រះសង្ឃព្រះនាមលឿន ឡៃ ចាប់នាងរំលោភ។
បន្ទាប់មកនៅថ្ងៃទី២៥ មេសា ២០១៦ ឈ្មោះឃឹម សំអឿន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូន បានមកដាក់ពាក្សបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលកូប និងថ្ងៃទី២៧ មេសាឆ្នាំ២០១៦ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានធ្វើការចាប់ឃាត់ខ្លួន។
ចែករំលែកព័តមាននេះ