ខេត្តកំពង់ចាម ៖ ណាហ្គាវើលបេះដូងសប្បុរសបានអញ្ជើញកីឡាករបាល់ទះដែលមានជំនាញច្បាស់លាស់មកចែករំលែកនូវបទពិសោធន៍របស់ពួកគេជាមួយសិស្សអនុវិទ្យាល័យខ្យោង និងសិស្សអនុវិទ្យាល័យជ័យធំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៦ ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើលមានប្រសាសន៍ថា អស់រយៈពេល២០ឆ្នាំចាប់តាំងពីការកកើតរបស់ខ្លួន ក្រុមហ៊ុនណាហ្គាវើលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជាដូចជាកីឡាបាល់ទាត់ កីឡាវាយកូនបាល់ កីឡាអាស៊ានហ្គេម និងកីឡាអូឡាំពិកជាដើម ។ ណាហ្គាវើលផ្តួចផ្តើមបង្កើតកម្មវិធីបណ្តុះបណ្តាលបាល់ទាត់ និងបាល់ទះសម្រាប់កុមារកម្ពុជាក្នុងគោលបំណងដើម្បីផ្តល់ឱ្យពួកគេនូវជំនាញជាមូលដ្ឋានក្នុងការលេងបាល់ទាត់ និងបាល់ទះ ។ កម្មវិធីបណ្តុះបណ្តាលនេះ គឺមានសារសំខាន់ក្នុងការអភិវឌ្ឍជំនាញជាមូលដ្ឋានក្នុងការលេងបាល់ទាត់និងបាល់ទះ ហើយថែមទាំងបង្កើតវិន័យការធ្វើការងារជាក្រុម ធ្វើឱ្យមានឥរិយាបថល្អ និងរាងកាយរបស់សិស្សមានសុខភាពល្អ ។ តាមរយៈកម្មវិធីកីឡារបស់យើង វាបានកសាងនូវទំនុកចិត្តក្នុងចំណោមកីឡាករវ័យក្មេងរបស់កម្ពុជា ។ រហូតមកដល់បច្ចុប្បន្ននេះ កុមារកម្ពុជាជាង៦០០នាក់បានទទួលផលប្រយោជន៍ពីកម្មវិធីកីឡាដែលបានរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។
លោក វឿន នាយកអនុវិទ្យាល័យហ៊ុនសែន ជ័យធំ មានប្រសាសន៍ថា នេះជាលើកទី២ហើយដែលណាហ្គាវើលបេះដូងសប្បុរសបានរៀបចំការបណ្តុះបណ្តាលកីឡាបាល់ទះ និងការប្រកួតបាល់ទះមិត្តភាពសម្រាប់សិស្សរបស់យើង ។ លោកបាននិងកំពុងរង់ចាំឱកាសនេះអស់រយៈពេលជាយូរមកហើយ ។ ពិតណាស់ បន្ទាប់ពីការបណ្តុះបណ្តាលបាល់ទះលើកដំបូងសិស្សរបស់យើងបានខិតខំប្រឹងប្រែងអនុវត្តដើម្បីពង្រឹងជំនាញរបស់ពួកគេ ។ កម្មវិធីបណ្តុះបណ្តាលនេះមានន័យយ៉ាងខ្លាំងដល់សិស្សរបស់យើងក្នុងការអភិវឌ្ឍជំនាញបាល់ទះរបស់ពួកគេ ។ តាងនាមឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ លោកសូមថ្លែងអំណរគុណដល់ណាហ្គាវើលសម្រាប់ការឧបត្ថម្ភសម្ភារកីឡា និងការបណ្តុះបណ្តាលនេះ ។ ណាហ្គាវើល គឺជាក្រុមហ៊ុនឈានមុខគេដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្ត។
លោកស្រី មួន រ៉ានី ជាគ្រូកីឡានៃអនុវិទ្យាល័យខ្យោង មានប្រសាសន៍ថា ណាហ្គាវើលបេះដូងសប្បុរស បានដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍កម្ពុជារបស់យើងដែលមានយើងទាំងអស់គ្នាជាសាក្សីស្រាប់ ។ ថ្ងៃនេះយើងសប្បាយរីករាយក្រៃលែងដោយបុគ្គលិកណាហ្គាវើលបានស្កាត់ពីរាជធានីភ្នំពេញមកទីនេះ ហើយបានចែករំលែកនូវជំនាញនិងបទពិសោធន៍បាល់ទះរបស់ពួកគេជាមួយសិស្សរបស់យើង ។ នេះជាលើកដំបូងសម្រាប់អនុវិទ្យាល័យខ្យោងដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពីវិស័យឯកជនលើវិស័យកីឡា។
មុក ធារិទ្ធ ជាប្រធានក្រុមសិស្សខ្យោងបាននិយាយថា យើងសប្បាយចិត្តខ្លាំងណាស់ដែលឃើញបុគ្គលិកណាហ្គាវើលមកទីនេះដើម្បីចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍របស់ពួកគេជាមួយយើង ។ ការបណ្តុះបណ្តាលបាល់ទះនិងការប្រកួតនឹងជួយបង្កើននូវជំនាញបាល់ទះរបស់យើង និងរឹតបន្តឹងនូវទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងបុគ្គលិកណាហ្គាវើល និងពួកយើងទាំងអស់គ្នា ។ យើងសង្ឃឹមថា យើងនឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិនៅថ្ងៃណាមួយជាមិនខាន៕
ចែករំលែកព័តមាននេះ