រាជធានីភ្នំពេញ ៖ ណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភសៀវភៅប្រមាណជាង៣០០ក្បាល សម្រាប់បណ្ណាល័យក្នុងសាលាបឋមសិក្សាព្រៃវែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះក្នុងគោលបំណងដើម្បីជួយលើកស្ទួយវប្បធម៌នៃការអានដល់កុមារកម្ពុជា ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា «ចំណេះដឹង គឺជាគន្លឹះនៃភាពជោគជ័យសម្រាប់កុមាររបស់យើង។ ការអាន គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ដើម្បីទទួលបានចំណេះដឹង ។ ដោយដឹងច្បាស់ពីសារសំខាន់នៃការអាន យើងបានឧបត្ថម្ភសៀវភៅរាប់ពាន់ក្បាលដល់សាលារៀនដែលមានទីតាំងស្ថិតនៅតាមខេត្ត និងរាជធានីភ្នំពេញ ។ លើសពីនេះទៅទៀត យើងបានជួយបង្កើតបណ្ណាល័យមួយចំនួន ជាពិសេសសាលារៀននៅតាមបណ្តាខេត្ត ។ បណ្ណាល័យ គឺជាកន្លែងសម្រាប់ការសិក្សារៀនសូត្រពេញមួយជីវិត។ កម្មវិធីបណ្ណាល័យរបស់យើង គឺបើកសម្រាប់ទាំងអស់គ្នា។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសហគមន៍មូលដ្ឋានបានស្វាគមន៍យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ ។ យើងសង្ឃឹមថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសហគមន៍មូលដ្ឋាន នឹងអាចបង្កើនចំណេះដឹងរបស់ពួកគេតាមរយៈការអាន » ។
លោក សុជាតិ នាយករងសាលាបឋមសិក្សាព្រៃវែង បានមានប្រសាសន៍ថា «ណាហ្គាវើលបេះដូងសប្បុរសបានយល់យ៉ាងច្បាស់ក្នុងការជួយអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា។ បណ្ណាល័យរបស់យើងបានបង្កើតជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើងមិនមានសៀវភៅច្រើនសម្រាប់សិស្សានុសិស្សរបស់យើងទេ ។ ដោយមានការឧបត្ថម្ភសៀវភៅពីណាហ្គាវើលបេះដូងសប្បុរស សៀវភៅនៅក្នុងបណ្ណាល័យរបស់យើងបានកើនឡើងយ៉ាងច្រើន ។ វាជារឿងដ៏ល្អមួយដែលវាមិនធ្វើឲ្យសិស្សានុសិស្សមានអារម្មណ៍ធុញទ្រាន់ក្នុងការអានសៀវភៅដដែលៗ ។ តាងនាមឲ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសយ៉ាងជ្រាលជ្រៅសម្រាប់ការឧបត្ថម្ភសៀវភៅបណ្ណាល័យនេះ» ។
សូនីតា ជាសិស្សថ្នាក់ទី៥ បាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះណាហ្គាវើលបេះដូងសប្បុរសដែលបាននាំយកនូវសៀវភៅយ៉ាងច្រើនសម្រាប់បណ្ណាល័យរបស់យើង ។ ខ្ញុំនឹងអានសៀវភៅបន្ថែមទៀត ហើយនឹងចូលបណ្ណាល័យអានសៀវភៅឲ្យបានញឹកញាប់ជាងមុន។ ខ្ញុំចង់ប្រាប់ថា មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំ នឹងចាប់ផ្តើមប្រកួតអានសៀវភៅដើម្បីចង់ដឹងថា នរណាអាចអានសៀវភៅអស់មុនគេនៅក្នុងបណ្ណាល័យ ។ ខ្ញុំជឿថា សៀវភៅទាំងនេះ នឹងផ្តល់ជំនួយយ៉ាងច្រើនក្នុងការសិក្សាស្រាវជ្រាវរបស់ខ្ញុំនៅពេលអនាគតផងដែរ ។ សូមអរគុណណាហ្គាវើលបេះដូងសប្បុរស» ៕
ចែករំលែកព័តមាននេះ