ខេត្តកណ្តាល ៖ កម្លាំងប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនចំណីសត្វស៊ីភីចំនួន៣នាក់ ក្នុងចំណោមបក្សពួក៤នាក់ តាមបណ្ដឹងប្រធានក្រុមហ៊ុនខាងលើ ដែលបានប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពលួចចំណីសត្វពីក្រុមហ៊ុនយកទៅលក់ជាបន្តបន្ទាប់ចំនួន៣លើក ត្រូវបានក្រុមហ៊ុនដឹងតាមរយៈម៉ាស៊ីនតាមដានGPS កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចក្រផលិតចំណីសត្វCP នៅក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ។
ជនសង្ស័យទាំង៤នាក់ មាន ១-ឈ្មោះ ហង់ សុភារ៉ា អាយុ៣៤ឆ្នាំ ជាបុគ្គលិកផ្នែកគ្រប់គ្រងចំណីសត្វ ស្នាក់នៅក្នុងភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ២-ឈ្មោះ ទឹម ដែន អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្តដឹកចំណីសត្វ ស្នាក់នៅក្នុងភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ៣-ឈ្មោះ ខុន សុខន អាយុ៣៤ឆ្នាំ ជាអ្នកមើលការខុសត្រូវកន្លែងនាំចេញចំណីសត្វ ស្នាក់នៅក្នុងភូមិព្រៃផ្ចឹកទី១ ឃុំសំរោងលើ ស្រុកអង្គស្នួល និង៤-ឈ្មោះ ម៉ក់ វុទ្ធី អាយុ៣៥ឆ្នាំ ជាអ្នកទទួលចំណីសត្វយកទៅលក់ ស្នាក់នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល (កំពុងរត់គេចខ្លួន) ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន កម្លាំងដកហូតបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-8907 មួយគ្រឿង ។ ចំណែកអ្នកចេញមុខប្ដឹងឲ្យឃាត់ខ្លួន ឈ្មោះ សំ សៅឌី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអនុប្រធានក្រុមហ៊ុនផលិតចំណីសត្វCP មានទីលំនៅក្នុង ភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នៅវេលាកើតហេតុខាងលើ តំណាងក្រុមហ៊ុនបានត្រួតពិនិត្យមើលចំណីសត្វក្នុងឃ្លាំងឃើញបាត់អស់មួយចំនួន មានការសង្ស័យ ក៏ឆែកកាមេរ៉ាសុវត្ថិភាពឃើញរថយន្តខាងលើបើកចូលទៅដឹកចំណីសត្វនៅក្នុងឃ្លាំងខុសវេន ទើបបានដឹងថាក្រុមជនសង្ស័យជាអ្នកលួច បន្ទាប់មកបានតាមដានតាមប្រព័ន្ធម៉ាស៊ីនGPSទៀត ទើបបានដឹងពីទីតាំងដែលរថយន្តនោះកំពុងដឹកចំណីសត្វយកទៅលាក់ទុក ហើយក៏ប្តឹងប៉ូលិសឲ្យឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្ដង ៕
ចែករំលែកព័តមាននេះ