ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារា​ចរ​​ណែ​នាំ​សម្រាប់​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ហាម​ធ្វើ​សកម្ម​ភាព​ប៉ះ​​​ពាល់​​សណ្តាប់​ធ្នាប់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សារា​ចរ​ណែ​នាំ​ចុះ​ថ្ងៃ ទី​១២ មេសា ដែល​ចុះ​ហត្ថ​លេខា​​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​សម្រាប់​ការ​ចាត់​តាំង​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​១២៥ នៃ​ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី១ ឧសភា ឆ្នាំ​២០១១ ។​ សារា​ចរ​​ណែ​នាំ​នេះ​មាន​ខ្លឹម​សារ​ថា ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃ​ទី​១ ឧសភា ​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ចលនា​​កម្ម​ករ​អន្តរ​ជាតិ

រាជធានីភ្នំពេញ ៖ សារា​ចរ​ណែ​នាំ​ចុះ​ថ្ងៃ ទី​១២ មេសា ដែល​ចុះ​ហត្ថ​លេខា​​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​សម្រាប់​ការ​ចាត់​តាំង​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​១២៥ នៃ​ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី១ ឧសភា ឆ្នាំ​២០១១ ។​ សារា​ចរ​​ណែ​នាំ​នេះ​មាន​ខ្លឹម​សារ​ថា ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃ​ទី​១ ឧសភា ​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ចលនា​​កម្ម​ករ​អន្តរ​ជាតិ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ទិវា​ពល​កម្ម​​អន្តរ​ជាតិ​ថ្ងៃទី​១ ឧសភា ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ម​ក​ម៉្លេះ ​ហើយ​បច្ចុ​ប្បន្ន​​​នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​កំណត់​យក​​ថ្ងៃទី​១ ឧសភា ​ជា​ថ្ងៃ​បុណ្យ​​ការ​ងារ​របស់​ពល​ករ​កម្ពុជា​ និង​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រីរាជ​ការ​​ និង​កម្ម​ករ​​និយោ​ជិត​ទាំង​​អស់​ ដូច​ថ្ងៃ​បុណ្យ​ជាតិ បុណ្យ​ប្រពៃណី និង​បុណ្យ​អន្តរ​ជាតិ​នានា​ដែរ ។ ​ទិវា​ពល​​កម្ម​អន្តរ​ជាតិ​នេះ ក៏​ជា​​ព្រឹតិ្ត​ការណ៍​​មួយ​ដែល​យើង​​ត្រូវ​នាំគ្នា​​​ឧទ្ទិស​ចំពោះ​គោល​បំណង​រួម​របស់​យើង គឺ​បន្ត​ខិត​ខំ​បង្កើន​​ផលិត​ភាព​ការ​ងារ គុណ​ភាព ផលិត​ផល​ ដើម្បី​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ ។

​សារា​ចរ​បន្ត​ថា ដើម្បី​​រៀប​ចំ​ការ​ប្រារព្ធ​​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​១២៥ នៃ​ទិវា​​ពល​កម្ម​អន្តរ​ជាតិ​​ថ្ងៃទី​១ ឧសភា ​ឆ្នាំ​២០១១​នេះ ឱ្យ​ប្រព្រឹត្ត​​ទៅ​បាន​ល្អ​ រាជរដ្ឋា​ភិបាល​កម្ពុជា​សូម​ធ្វើ​ការ​ណែ​នាំ​​ដូច​ខាង​ក្រោម​នេះ ៖

១-​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ត្រូវ​ធ្វើ​ជា​ស្ថាប័ន​​ស្នូល​ក្នុង​ការ​រៀប​ចំ​​ទិវា​អន្តរ​ជាតិ​នេះ ដោយ​ចេញ​សេច​ក្តី​ជូន​ដំណឹង​​ដល់​មន្ទីរ​​រាជ​ធានី-ខេត្ត​ក្រោម​​ឱវាទ ​អង្គ​ការ​វិជ្ជា​ជីវៈ​របស់​និយោ​ជក​ ម្ចាស់ និង​នាយក​ក្រុម​ហ៊ុន​ អង្គ​ការ​វិជ្ជា​ជីវៈ​រ​បស់​កម្ម​ករ​និយោ​ជិត ព្រ​មទាំង​កម្ម​ករ​និយោ​ជិត​ទាំង​អស់ ដើម្បីណែ​នាំ​អំពី​ការ​ឈប់​សម្រាក​ និង​កំសាន្ត​សប្បាយ​តាម​លទ្ធ​ផល​រៀង​ៗ​ខ្លួន​របស់​​សហ​គ្រាស គ្រឹះ​​ស្ថាន សំដៅ​បង្ក​បរិ​យា​កាស​យោគ​យល់​គ្នា​​រវាង​កម្ម​ករ​និយោ​ជិត​ និង​និ​យោជក ។ ចៀស​វាង​ដាច់​​ខាត​នូវ​ការ​ប្រើ​ប្រាស់​​រូប​ភាព​ទិវា​ពល​កម្ម​អន្តរ​ជាតិ​នេះ ដើម្បី​ធ្វើ​សកម្ម​ភាព​​ទាំង​ឡាយ​​ណា​ដែល​បណ្តាល​ឱ្យ​មាន​ការ​ប៉ះ​ពាល់​​ដល់​សណ្តាប់​ធ្នាប់​​សាធារ​ណៈ​របស់​សង្គម ។ ​ថ្នាក់ដឹក​នាំ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​ ត្រូវ​ជ្រើស​រើស​សហ​គ្រាស គ្រឹះ​ស្ថាន​​ជា​និមិត្ត​រូប ដើម្បី​ធ្វើ​ការ​សំណេះ​សំណាល​​ជា​មួយ​កម្ម​ករ​និយោ​ជិត ។

២-ក្រសួង​ព័ត៌​មាន​ត្រូវ​ណែ​នាំ​ប្រព័ន្ធ​​ឃោស​នា​របស់​រដ្ឋ និង​ឯក​ជន​ ទទួល​​ផ្សព្វ​ផ្សាយ​សារ​លិខិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ក្នុង​ឱកាស​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​១២៥ ​នៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី​១ ឧសភា ​ឆ្នាំ​២០១១ ​ឱ្យ​បាន​ទូលំ​ទូលាយ ។

៣-​ក្រសួង​មហា​ផ្ទៃ​ អគ្គ​ស្នង​​ការ​ដ្ឋាន​​នគរ​បាល​ជាតិ បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​អាជ្ញា​ធរ​រាជធានី និង​ស្ថាប័ន​ពាក់​ព័ន្ធទាំង​អស់​ ត្រូវ​មាន​វិធាន​ការ​តាម​សមត្ថ​កិច្ច​របស់ខ្លួន​ក្នុង​ការ​​ថែរក្សា​សន្តិ​សុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​​សាធា​រណៈ​ ​ក្នុង​ឱកាស​​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ឆ្នាំ​២០១១ នេះ ។

៤-​នៅ​តាម​របង​ខាង​មុខ​ក្រសួង ​ស្ថាប័ន អង្គ​ភាព​រដ្ឋ និង​សហ​គ្រាស គ្រឹះស្ថាន​ឯក​ជន​ ត្រូវ​មាន​ការ​ចង​បដា​ពាក្យ​ស្លោក​ចំនួន​បី គឺ ៖
-​ជយោ​! ព្រះរាជា​ណា​ចក្រ​កម្ពុជា
-​អប​អរ​សាទរ​ខួប​អនុ​ស្សាវរីយ៍​​​លើក​ទី ១២៥ នៃ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី​១ ឧសភា
-​ខិត​ខំ​បង្កើន​ផលិត​​ភាព​ការ​ងារ​ គុណ​ភាព​ផលិត​ផល ដើម្បី​រួម​ចំណែក​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ ។

​រាជធានីភ្នំពេញ និង​ខេត្តទាំង​អស់​ ត្រូវ​ជ្រើស​រើស​ដង​វិថី​សំខាន់ៗ និង​ទីតាំង​រោង​ចក្រ​សហ​គ្រាស​ ការដ្ឋាន កសិ​ដ្ឋាន ដើម្បី​ធ្វើ​ការ​​ចង​បដា​ពាក្យ​ស្លោក ។ រាជ​រដ្ឋាភិបាល​​កម្ពុជា អំពាវ​នាវ​ដល់​មន្ត្រីរាជ​​ការ​គ្រប់​ជាន់​ថ្នាក់​ កម្ម​ករ​និយោ​ជិត​កម្ពុជា និង​ពល​ករ​បរទេស​ទាំង​អស់​ ចូល​រួម​ប្រារព្ធ និង​អប​អរ​សាទ​រ​ទិវា​ពល​កម្ម​អន្តរ​ជាតិ ថ្ងៃទី​១ ឧសភា ​ឆ្នាំ​២០១១ ក្នុង​ក្តី​សោមន​ស្ស​រីក​រាយ សាមគ្គី​ភាព និង​ភាតរ​ភាព ដើម្បី​ឱ្យ​ស័ក្តិ​សម​ជា​បុណ្យ​ការ​ងារ​របស់​ប្រទេសជាតិ​យើង​​ដែល​ជា​សមា​ជិក​សហ​គមន៍​​អន្តរជាតិ​នានា​នៅ​លើ​ពិភព​លោក​៕