ខេត្តស្វាយរៀង ៖ កូនប្រុសចិត្តមារម្នាក់បានវាយឪពុករបស់ខ្លួនបាក់ដៃត្រូវប៉ូលិសចាប់ខ្លួន។ រឿងហេតុគួរឱ្យភ្ញាក់ផ្អើលនេះកើតឡើង ខណៈរូបគេយកព្រនង់វាយទៅលើឪពុករហូតបាក់ដៃស្តាំ ធ្វើឱ្យអ្នកស្រុកផ្អើលទៅមើលរួចប្តឹងសមត្ថកិច្ចប៉ូលិសឱ្យចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ មេសា នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប។
សមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះធុន រដ្ឋនី អាយុ២៣ឆ្នាំ និងឪពុកឈ្មោះធុធ ម៉ាន់ឌី អាយុ៥៩ឆ្នាំ។ បុរសជាឪពុកនេះបាក់ដៃខាងស្តាំ។ ឈ្មោះធុន រដ្ឋនី ជាអ្នកស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតឱ្យអ្នកស្រុក ហើយនៅថ្ងៃកើតហេតុរូបគេយកម៉ូតូរបស់ឪពុកម៉ាកវ៉េវស៊េរី២០១១ ជិះទៅភូមិត្បែង ដើម្បីកាប់ស្លឹកត្នោត ដោយមិនបានប្រាប់ឱ្យដឹងទេ។ លុះល្ងាចឡើងគេជិះម៉ូតូត្រឡប់មកផ្ទះវិញ ត្រូវឪពុកទាញយកព្រនង់វាយចំនួន២ព្រនង់ ដោយសារខឹងយកម៉ូតូគាត់ជិះមិនប្រាប់។ ដោយយុវជនជាកូនទ្រាំពុំបានក៏ទាញព្រនង់វាយឪពុកវិញ២ទៅ៣ព្រនង់ធ្វើឱ្យបាក់ដៃស្តាំ ពេលគាត់លើកដៃរង និងជាំលើដងខ្លួន។
ប្រភពដដែលបន្តថា ពេលនោះមនុស្សម្នាក្នុងភូមិភ្ញាក់ផ្អើលទៅមើល ហើយចាប់អ្នកទាំង២ចេញពីជម្លោះ។ អ្នកភូមិបានទូរស័ព្ទប្តឹងសមត្ថកិច្ច ទើបនៅថ្ងៃទី២៦ មេសា វេលាម៉ោង២រសៀល សមត្ថកិច្ចឃាត់ខ្លួនយុវជនជាកូនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៧ មេសា វេលាម៉ោង៩ព្រឹក៕
ចែករំលែកព័តមាននេះ