មេទ័ពលើសមរភូមិនិយាយពីការប្រយុទ្ធ
លោកវរសេនីយ៍ឯក នាក់ វង្ស មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងបានឱ្យកោះសន្តិភាពដឹងថា ការផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែនចាប់ពីប្រាសាទតាក្របី រហូតដល់ប្រាសាទតាមាន់ធំកន្លងមកនេះ គឺកងទ័ពកម្ពុជាបានប្រើសិទ្ធិការពារនៅគ្រប់គោលដៅមិនអាចឱ្យ ក្រុមទាហានសៀមឈ្លានពានដណ្តើមយកគោលដៅណាបានទេ ។
លោកវរសេនីយ៍ឯកបញ្ជាក់ថា ការប្រយុទ្ធគ្នានេះក្រុមទាហានសៀមបានប្រើប្រាស់អាវុធគ្រប់ធុន បាញ់ផ្លោងដាក់ទីតាំងកងទ័ព ជាពិសេសបាញ់ផ្លោងចូលក្នុងភូមិរបស់ប្រជាពលរដ្ឋរស់នៅរាប់ពាន់ គ្រាប់ និងបានប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់ផ្សែងពុលជាច្រើនគ្រាប់ផ្លោងចូលក្នុងប្រទេសកម្ពុជាធ្វើ ឱ្យខូចខាតដល់លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិជាច្រើន និងបានធ្វើឱ្យពលីកងទ័ព និងរងរបួសមួយចំនួនផងដែរ ។ ដោយឡែកក្រុមទាហានសៀមក្នុងការប្រយុទ្ធគ្នានោះ គឺយើងបានសង្កេតឃើញមានការស្លាប់បាត់បង់ជីវិតច្រើនជាង២០នាក់ និងរងរបួសចំនួនជាង៤០នាក់។
លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២៥ មេសា ទាហានសៀមបានប្រើប្រាស់យន្តហោះយោធាចំនួន២ទៅ៣គ្រឿងហោះតាមខ្សែបន្ទាត់ព្រំដែន។ យន្តហោះទី១ គឺយន្តហោះប្រដេញបានហោះហើរ ហើយបង្កសម្លេងផ្ទុះ រួចហោះហើរចូលក្នុងទឹកដីរបស់ខ្លួនវិញ និងយន្តហោះទី២ គឺយន្តហោះប្រភេទស៊ើបការណ៍បានហោះទៅមកតាមខ្សែបន្ទាត់ព្រំដែន ជាច្រើនលើក ។ លោកកត់សំគាល់ថា បន្ទាប់ពីបញ្ចប់វត្តមានយន្តហោះ ក្រុមទាហានសៀមក៏បានរុលចូល ហើយមានការផ្ទុះអាវុធ។
ទោះបីជាកម្ពុជាបានរ៉ាប់រងនឹងការវាយប្រហារដោយអាវុធគ្រប់ធុនពី សំណាក់ទាហានសៀមក៏ពិតមែន តែការអត់ធ្មត់មិនប្រើអាវុធគាំទ្រធុនធ្ងន់នៅឡើយទេ រហូតដល់ថ្ងៃទី២៦ មេសា ទើបមានការឆ្លើយតបដោយកាំជ្រួចហ្វូងBM 21។ ការប្រើប្រាស់អាវុធដ៏មានសក្តានុពលនេះបានបំផ្លាញទីតាំងកាំ ភ្លើងធំសៀមអស់ជាច្រើន ។
សេចក្តីរាយការណ៍ពីប្រាសាទព្រះវិហារ
នៅតំបន់ប្រាសាទព្រះវិហារនិងនៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនកម្ពុជា-សៀម ចាប់ពីចំណុចព្រំប្រទល់មុំបី រហូតដល់ប្រាសាទព្រះវិហារមិនមានការប្រឈមមុខដាក់គ្នារវាង កងទ័ពទាំងពីរភាគីដូចនៅតំបន់ប្រាសាទតាមាន់ធំ-ប្រាសាទតាក្របី នោះទេ ទោះបីកាលពីរសៀលថ្ងៃទី២៦ មេសា កន្លងទៅនេះ ទាហានទាំងពីរភាគីបានប៉ះទង្គិចគ្នាមួយប្រាវក៏បានស្ងាត់ ទៅវិញហើយរហូតមកដល់ពេលនេះ កងកម្លាំងទាំងពីរភាគីនៅតែមានភាពស្ងាត់ស្ងៀមមិនមានការផ្ទុះ អាវុធដាក់គ្នាទេ។
ប៉ុន្តែតាមប្រភពព័ត៌មានពីមន្ត្រីយោធាខ្មែរនៅជួរមុខតំបន់ប្រាសាទ ព្រះវិហារក៏ដូចជានៅគ្រប់គោលដៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-សៀម ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់មុំបីបានបញ្ជាក់ថា គ្រប់ចំណុចទាំងអស់ខាងលើគឺអស់រយៈពេលមួយសប្តាហ៍ហើយដែលកង កម្លាំងទាំង២ភាគីបានត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ក្នុងការប្រយុទ្ធ ពិសេសគឺតំបន់ប្រាសាទព្រះវិហារ ដោយភាគីសៀមជាអ្នកមានមហិច្ឆតាឈ្លានពាន ឯភាគីកម្ពុជាគឹជាម្ចាស់ផ្ទះ ជាអ្នកការពារអធិបតេយ្យភាពរបស់ខ្លួន ។ ស្ថានការណ៍ទាំងអស់ខាងលើមកដល់ថ្ងៃនេះមានភាពស្ងាត់ស្ងៀម មិនមានការប្រឈមមុខដាក់គ្នាទេ តែការត្រៀមលក្ខណៈប្រយុទ្ធគឺនៅដដែល ស្ថិតក្នុងអាកាសធាតុមេឃស្រទំនៅពេលថ្ងៃ និងមានភ្លៀងខ្យល់យ៉ាងខ្លាំងម្តងៗក្នុងពេលយប់ ។ ចំណែកព្រះសង្ឃ៧អង្គ តាជី យាយជី និងសិស្សលោកចំនួន៥នាក់ កំពុងគង់នៅ និងរស់នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈជាធម្មតា ។
ស្ថានភាពពីសមរភូមិ
លទ្ធផលនៃការជួបចរចាគ្នារវាងមន្ត្រីយោធាថ្នាក់ភូមិភាគ កម្ពុជា-សៀម ដែលត្រូវបានប្រកាសចេញភ្លាមៗនោះ ពិតជាបង្កឱ្យមានការស្ងប់ស្ងាត់ជាទូទៅតាមបន្ទាត់ព្រំដែនចាប់ ពីជប់គគីររហូតដល់ប្រាសាទតាមាន់ធំ ដែលមុននេះ ស្ទើរតែ១សប្តាហ៍បានក្លាយជាសមរភូមិបង្ហូរឈាមគ្នាយ៉ាងស្វិត ស្វាញ ។ លោកឧត្តមសេនីយ៍ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ មានប្រសាសន៍ថា ទោះបីជាមានការព្រមព្រៀងគ្នាបែបនេះក្តីក៏កងទ័ពកម្ពុជានៅតាម គោលដៅទាំងអស់នៅតែត្រៀមប្រយុទ្ធ ព្រោះយើងមិនអាចទុកចិត្តបានទេចំពោះកលល្បិចរបស់សៀម ព្រោះតែកន្លងមកយើងមិនដែលបង្កបញ្ហាម្តងណាទេ តែសៀមបានបង្កបញ្ហាមុនជានិច្ច ។ លោកមានប្រសាសន៍ថា សៀមចោទខ្មែរថា ឈ្លានពាន ខណៈដែលកងទ័ពកម្ពុជា ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយសៀមចូលមកវាយលុកចង់ដណ្តើមកាន់កាប់ទីតាំងរបស់កងទ័ពកម្ពុជា មានន័យថា សៀមឈ្លានពាន ។
លោកឧត្តមសេនីយ៍ដែលបានគ្រប់គ្រងកម្លាំងកងទ័ពតាមបណ្តោយព្រំដែន និងធ្វើការប្រយុទ្ធយ៉ាងប្តូរផ្តាច់កន្លងមកនេះ នៅតែបង្ហាញថា លោកមិនទុកចិត្តសៀមទេ ព្រោះកលល្បិចថោកទាបបែបណាក៏សៀមហ៊ានធ្វើដែរ។ លោកប្រលយថា ការចរចានេះប្រហែលជាសៀមចង់ចូលយកខ្មោចទាហានដែលស្លាប់ពេញ ព្រៃក្នុងសមរភូមិនោះហើយ ដូច្នេះកងទ័ពកម្ពុជានៅតែត្រៀមប្រយុទ្ធជានិច្ច ដើម្បីការពារបូរណភាពទឹកដី ៕
ចែករំលែកព័តមាននេះ