រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានធ្លាយចេញពីសាលាដំបូងរាជធានី កាលពីថ្ងៃទី២៨ មេសា ឱ្យដឹងថា លោក ជា សុខហៀង ចៅក្រមសាលាដំបូងបានបន្តនិងកំពុងចាត់ការលើសំណុំរឿងទំនាស់់វាយតប់កាប់ចាក់គ្នាមួយរវាងភាគីម្ខាង២នាក់ និងម្ខាង៧នាក់ ដែលសំណុំរឿងនេះបានធ្វើឱ្យមានការច្របូកច្របល់ សមត្ថកិច្ចចាប់ភាគីខាង២នាក់ ឪពុកនិងកូនដាក់គុក ហើយភាគី៧នាក់ដែលលើកគ្នាទៅគេទាំង២នាក់ដល់ផ្ទះនៅដើរញញឹម ។ ប៉ុន្តែក្រោយពីមានការចុះផ្សាយលើទំព័រសារព័ត៌មានកោះសន្តិភាព ដែលស្ត្រីម្នាក់មានកូនខ្ចីបានទៅយំសោកបោកខ្លួនក្នុងអធិការខណ្ឌចំការមន ដែលប្តីនិងកូនត្រូវជាប់គុកនោះបានចេញប្រតិកម្មពីសំណាក់លោកជីវ កេង ប្រធានតុលាការ ទើបបានដោះលែងមកវិញ ។
សំណុំរឿងទឹកភ្នែកស្ត្រីកូនខ្ចីនោះមិនទាន់បានផុតរលត់នៅឡើយទេ និងកំពុងតែក្តៅគគុកទៀតផង ។ ប្រភពព័ត៌មានបន្តទៀតថា លោកជា សុខហៀង ចៅក្រមស៊ើបអង្កេតលើសំណុំរឿងនេះបានចេញដីកាកោះហៅនគរបាលខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ផងដែរ ព្រមទាំងសាក្សីឱ្យចូលឆ្លើយបំភ្លឺពីករណីវាយតប់និងកាប់ចាក់គ្នានោះ ។
ក្រោយពេលកោះហៅប៉ូលិសនិងសាក្សីឱ្យចូលឆ្លើយបំភ្លឺជុំវិញថ្ងៃកើតហេតុនោះហើយ លោកចៅក្រមអាចនិងចេញដីកាកោះហៅភាគី៧នាក់ទៀត ឱ្យចូលឆ្លើយជុំវិញការលើកគ្នាទៅវាយខាងភាគី២នាក់ដល់ផ្ទះ ។ ក្រុម៧នាក់ពាក់ព័ន្ធក្នុងរឿងនេះ ១-ឈ្មោះចាន់ ម្លប់សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះចាន់ សុបញ្ញារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ៣-ឈ្មោះចាន់ អមរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាយោធា ៤-ឈ្មោះចាន់ ម្លប់សិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ៥-ឈ្មោះចាន់ គារវៈសុខន្តី ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្ស ៦-ឈ្មោះប្រាក់ បូរ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ។ ពួកគេមានទីលំនៅរួមគ្នា ផ្ទះលេខ២២៤ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន និង៧-ឈ្មោះងិន សុរិយា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ជាយោធា ។
ករណីទំនាស់វាយតប់ចាក់គ្នានេះ កោះសន្តិភាពបានចុះផ្សាយ២លើកមកហើយ ព្រោះជារឿងក្តៅគគុកមួយដែលដំបូងលោកស្រីចៅក្រម១រូបបានសម្រេចឃុំខ្លួន តែភាគីម្ខាងឪពុកនិងកូន ។ ដោយសារការឃុំខ្លួនមិនប្រក្រតី ត្រូវបានស្ត្រីម្នាក់មានកូនខ្ចីបានទៅយំសោកបោកខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនបញ្ជាក់ពីជំហរដែលសមត្ថកិច្ចមានចំណាត់ការនោះមិនយុត្តិធម៌ បានធ្វើឱ្យមានប្រតិកម្មពីសំណាក់លោកជីវ កេង ប្រធានសាលាដំបូងសម្រេចឱ្យចៅក្រមម្នាក់ទៀតចេញដីកាដោះលែងភាគី២នាក់ ឪពុកនិងកូនវិញភ្លាម ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
គួរបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី១១ មេសា វេលាម៉ោង៨និង១០នាទីយប់ មានករណីទំនាស់វាយតប់គ្នាមួយ ដោយមនុស្ស២ក្រុមម្ខាងមានគ្នា៧នាក់ និងម្ខាងទៀតមានគ្នា២នាក់ នៅចំណុចផ្ទះជួលដីឡូត៍លេខ៥៤ ផ្លូវលេខ៤៦០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បណ្តាលឱ្យភាគីទាំងសងខាងរងរបួសដូចគ្នា ។ រឿងនេះដំបូងឈ្មោះចាន់ គារវៈសុខន្តី ហៅតី ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះប្រាក់ បូរ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតមិនស្គាល់ឈ្មោះជាក្រុមខាង៧នាក់ បានជិះម៉ូតូ១គ្រឿងទៅរកទិញសាច់កាប់នៅផ្សារទួលទំពូងទាំងយប់ ។ លុះពេល៣នាក់នោះជិះម៉ូតូទៅដល់មុខផ្ទះជួលដីឡូត៍ខាងលើបានជួបឈ្មោះសួរ សំខាន់ ដែលជាភាគីខាង២នាក់ ឪពុកកូន។ ពេលនោះឈ្មោះចាន់ គារវៈសុខន្តី បានបបួលឈ្មោះសួរ សំខាន់ ទៅដើរលេង តែឈ្មោះសួរ សំខាន់ បានបដិសេធមិនទៅ រួចបានធ្វើឱ្យក្រុមចាន់ គារវៈសុខន្តី ទាំង៣នាក់ជិះម៉ូតូបង្ហួសទៅទៀត។
ការបបួលជាលើកទី២ ក៏មិនបានសម្រេចបែបនេះឈ្មោះសុខន្តី បានស្តីបន្ទោស និងជេរប្រមាថទៅឈ្មោះសំខាន់ ថា ឈ្លើយលែងស្គាល់អញជាបង។ បន្ទាប់មកក៏ស្ទុះទៅទះកំផ្លៀងឈ្មោះសំខាន់ ហើយសំខាន់ឈឺក៏ស្ទុះទៅទះមួយកំផ្លៀងវិញ ទើបកើតមានទំនាស់ឡើង។ ក្រោយពីមានទំនាស់នោះហើយ ឈ្មោះចាន់ គារវៈសុខន្តី ដែលមានគ្នា៣នាក់បានឡើងជិះម៉ូតូទៅហៅបងប្អូនគេប្រមាណជិត១០នាក់មកសួរនាំពីរឿងទំនាស់គ្នានេះក៏បានកើតរឿងឈ្លោះប្រកែកគ្នាកាន់តែធំ។ ពេលកើតមានជម្លោះនោះ ឈ្មោះយិន សុខន ដែលជាឪពុកបានចេញពីផ្ទះទៅជួយកូន និងដោយប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឱ្យភាគី៧នាក់រងរបួស និងខ្លួនឯងឪពុក និងកូនក៏រងរបួសដែរ។
ក្រោយពីកើតហេតុ នគរបាលប៉ុស្តិ៍ទួលទំពូងទី២បានចុះទៅដល់ ហើយក៏ឃាត់ខ្លួនលោកយិន សុខន និងឈ្មោះសួរ សំខាន់ ២នាក់ឪពុកកូនទៅសាកសួរ និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន។ បន្ទាប់មកនគរបាលខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ មេសា លោកជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងបានធ្វើការចោទប្រកាន់ឪពុក និងកូនពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសរួចបញ្ជូនទៅខាងចៅក្រមស៊ើបសួរដែលសំណុំរឿងនេះធ្លាក់លើដៃលោកស្រី គឹម ដានី ទើបលោកស្រីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត។ ចំណែកភាគី៧នាក់ទៅវាយគេដល់ផ្ទះនោះ លោកប៉ូលិសខណ្ឌចំការមនអត់កោះហៅទេ។ រឿងទំនាស់វាយតប់គ្នានេះ បានកើតឡើងចំពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលមន្ត្រីត្រូវឈប់សម្រាកទៀតផង។
ក្រោយពីមានការឃុំខ្លួនតែភាគីម្ខាង នៅថ្ងៃទី១៨ មេសា ស្ត្រីកូនខ្ចីម្នាក់ និងសាច់ញាតិកូនចៅខាងភាគីដែលតុលាការឃុំខ្លួនបានទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំរឿងនេះ។ ស្ត្រីរូបនោះបានដួលសន្លប់នៅពេលដឹងថា ឪពុក និងកូនត្រូវជាប់ពន្ធនាគារដែលប៉ូលិសឆ្លើយដាក់តុលាការ។ ទឹកភ្នែកស្ត្រីកូនខ្ចីនេះហើយទើបនៅព្រឹកថ្ងៃទី២០ មេសា ក៏មានប្រតិកម្មពីសំណាក់លោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ពេលលោកបានឃើញការចុះផ្សាយក្នុងទំព័រសារព័ត៌មាន«កោះសន្តិភាព» ដែលលោកយល់ថាជារឿងមិនយុត្តិធម៌ ក្នុងការសម្រេចឃុំខ្លួនតែភាគីម្ខាងបែបនេះ។ ឃើញដូច្នេះលោកប្រធានសាលាដំបូងបានយល់ព្រមឱ្យលោកសុខ រឿន ព្រះរាជអាជ្ញារងពិនិត្យលើសំណុំរឿងនេះឡើងវិញ និងបានស្នើឱ្យមានការដោះលែងឪពុក និងកូនបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ ប្រតិកម្មនេះមានប្រសិទ្ធភាពភ្លាមៗ ដោយគ្មានលក្ខខណ្ឌ ។ មិនបានប៉ុន្មានម៉ោងផងលោកជា សុខហៀង ចៅក្រមសាលាដំបូងបានចេញដីកាមួយទៅពន្ធនាគារព្រៃស សម្រេចឱ្យឪពុកនិងកូនបាននៅក្រៅឃុំ ។ ចំណែកសំណុំរឿងត្រូវចាត់ការបន្ត ។ ដោយប្រការនេះហើយ ទើបតុលាការឱ្យប៉ូលិសកោះហៅជន៧នាក់នេះមក សាកសួរដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ