ខេត្តឧត្តរមានជ័យ ៖ ព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ ស្នូរកាំភ្លើងមិនបានស្ងាត់ទេគឺទាហានសៀមនៅតែបាញ់ផ្លោង កាំភ្លើងធំ និងបោកគ្រាប់បែកចូលមកក្នុងទឹកដីកម្ពុជា និងចូលមកសំដៅបន្ទាយទាហានកម្ពុជាដដែលជាដដែល កាលពីរាត្រីម៉ោង៨និង៣០នាទីថ្ងៃទី២៨ មេសា ២០១១ និងបន្តមកដល់វេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ នៅតំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ធំ ប៉ុន្តែទាហានកម្ពុជាមិនតបតទេ សុខចិត្តសម្ងំនៅក្នុងលេណដ្ឋានរបស់ខ្លួនពួនគេចគ្រាប់ឡើងញ័រចំប្រប់ដូចកូនសត្វ ។
លោកឧត្តមសេនីយ៍ត្រីប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំនៅសមរភូមិមុខបានឱ្យដឹងថា ទាហានសៀមបាញ់កាំភ្លើងធុនធ្ងន់ចូលទឹកដីកម្ពុជា និងសំដៅលើបន្ទាយទាហានកម្ពុជាជាច្រើនគ្រាប់ រំខានដល់ទាហានកម្ពុជាចាប់តាំងពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ មេសា ២០១១ គឺផ្លោងចូលតំបន់ប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទតាក្របី ហើយបានអូសបន្លាយមកដល់វេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៩ មេសា ២០១១ ទើបស្នូរកាំភ្លើងរបស់សៀមបានស្ងាត់ ។
គេមិនយល់សោះថា ហេតុអ្វីបានជាទាហានសៀមមិនគោរពកិច្ចយល់ព្រមនៅក្នុងជំនួបចរចាបែបនេះ? តាមប្រភពខ្លះថា សៀមបាញ់នេះគឺបាញ់បន្លាចខ្មោចកុំឱ្យមកលងពួកគេ…ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអ្នកតាមដានរិះគន់ថា បើត្រឹមខ្លាចខ្មោចទៅបាញ់ឯណាបាញ់ទៅកុំមកបាញ់ចូលទឹកដីកម្ពុជាទៅវាចប់ទៅហើយ! តែពេលនេះទាហានសៀមនៅតែបាញ់ចូលទឹកដីកម្ពុជាទៀតមានន័យថា ទាហានសៀមបង្ករឿងមិនគោរពបទឈប់បាញ់ដែលមានមេបញ្ជាការភូមិភាគនៃភាគីទាំង២បានព្រមព្រៀងគ្នា ។
ប្រភពខ្លះទៀតថា គឺមកពីពួកទាហានសៀមខឹងមួម៉ៅអំពីមេបញ្ជាការរបស់ពួកគេស្លាប់ច្រើនពេកនៅក្នុងសមរភូមិ ខណៈវាយប្រយុទ្ធគ្នារយៈពេល៧ថ្ងៃកន្លងមកជាមួយទាហានកម្ពុជា។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រីប៉ែន វ៉ូយ បានបញ្ជាក់ទៀតថា ពេលនេះទាហានកម្ពុជាសុខចិត្តអត់ធ្មត់បន្តិចទៀតដើម្បីគោរពបទឈប់បាញ់ឈរលើសុច្ឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធី…ប៉ុន្តែបើអ្នកឯង (សៀម) ចូលកៀក ឬចូលមកឈ្លានពានទៀតនោះ យើងនឹងបាញ់ប្រឆាំងនឹងបណ្តេញឱ្យខ្ទាតទៅវិញ ៕
ចែករំលែកព័តមាននេះ