ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ឈ្មោះហួន ស អាយុ២៣ឆ្នាំ នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បានត្រូវរន្ទះបាញ់ស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ មេសា ។
លោកអនុសេនីយ៍ឯកកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុនោះនៅភូមិខាងលើមានភ្លៀងយ៉ាងខ្លាំង លាយឡំនឹងខ្យល់ផ្គររន្ទះ ផង ។ ពេលនោះជនរងគ្រោះបានចុះពីលើផ្ទះមកក្រោមផ្ទះ ដើម្បីបុកអំបិលទៅដាក់អង្គប់សត្វកណ្តុរដែលពេលកំពុងអង្គុយបុកអំបិលនោះ ស្រាប់តែរន្ទះបាញ់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងក្រោមផ្ទះរបស់ខ្លួនហើយសសរផ្ទះខាងមុខមួយដើមក៏ត្រូវខូចខាតដែរ ។ ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
ដោយឡែកនារីម្នាក់នៅស្រុកស្វាយចេក ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរនៅនឹងចំការរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ នៅដីចំការខាងលិចភ្នំស្លក្រាម ស្ថិតក្នុងភូមិសាស្ត្រឃុំស្លក្រាម ។
លោកវរេសនីយ៍ត្រីស៊ី ឌី អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា នារីរងគ្រោះឈ្មោះសួន រី អាយុ២០ឆ្នាំ នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ។ មុនពេលកើតហេតុនារីរងគ្រោះកំពុងដាំដំឡូងក្នុងដីចំការរបស់ខ្លួន ពេលនោះមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងព្រមទាំងមានផ្គររន្ទះនិងផ្លេកបន្ទោរផងនិងបានបាញ់នារីរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងដីចំការតែម្តង ។ សពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ