ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៥ ៖ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាចតុមុខ (JCI Cambodia Chaktomuk) នឹងរៀបចំគម្រោង «ឯកសណ្ឋានសម្រាប់សាលារៀន» នៅថ្ងៃទី០៤ ធ្នូ ២០១៥ នៅសាលាបឋមសិក្សាទួលរវៀង ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវឯកសណ្ឋានសាលារៀនសមរម្យដល់សិស្សទីទ័លក្រ ដើម្បីកាត់បន្ថយអវត្តមាន ក្នុងថ្នាក់ និងអត្រាឈប់រៀន បង្កើនអនាម័យសម្លៀបបំពាក់ និងលើកកម្ពស់ការអប់រំកម្រិតបឋម។
ជាងនេះ ទៅទៀត គណៈប្រតិភូ JCI Cambodia – Chaktomuk នឹងចូលរួមការជិះកង់ ដើម្បីសហគមន៍នៅថ្ងៃទី០៥ និងរត់ម៉ារ៉ាតុននៅអង្គរវត្តនាខែឆ្នាំដដែល។ សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបានក៏ដោយសារមាន កិច្ចសហការ និងសម្របសម្រួលពីក្លិបជិះកង់ ដើម្បីសហគមន៍ (Cycling Community Club) ដែលមានមូលដ្ឋាននៅក្រុងសៀមរាបស្រាប់។
លោកស្រី ជា សុខលាង ប្រធានរបស់ JCICambodia – Chaktomuk ប្រចាំឆ្នាំ២០១៥ មានប្រសាសន៍ថា «ពួកយើងលើកគម្រោងនេះឡើង ដើម្បីលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសជាមួយកុមារទីទ័លក្រតាមជនបទ ដូចនៅភូមិរវៀង ក្នុងខេត្តសៀមរាបនេះ។ កង្វះខាតឯកសណ្ឋានសមរម្យជាមូលហេតុធំមួយនៃអវត្តមានច្រើនក្នុងថ្នាក់មិនចូលសាលារៀន និងបញ្ឈប់ការសិក្សា។ ដូច្នេះយើងចង់ជំរុញឱ្យកុមារទាំង៥០០នាក់ មកពីសាលារៀនេះ និងសាលារៀងជិតខាង២ទៀត ចូលចិត្ត និងបន្តការអប់រំជាមួយនឹងការផ្តល់ជូននូវសម្លៀកបំពាក់ ប្រដាប់ប្រដាសិក្សា និងអាហារូបត្ថម្ភមួយចំនួនដល់ពួកគេ»។
ចំណែកលោកគីម ប៊ុនថាន់វិញ តំណាងឱ្យក្លិបជិះកង់ដើម្បីសហគមន៍យល់ថា «ក្លឹបអ្នកជិះកង់ ដើម្បីសហគមន៌ផ្តោតសំខាន់ទៅលើគ្រប់សកម្មភាពដែលជួយដល់សហគមន៍។ យើងចូលរួមចំណែក ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍ទាំងមនុស្សចាស់ជរា កុមារ និងការជួយជ្រោមជ្រែង ដើម្បីឱ្យការរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ ក្នុងនោះវិស័យអប់រំគ្រប់សកម្មភាពយើងតែងតែចួលរួមជាកម្លាំងកាយចិត្ត និងថវិកាផ្សេងៗ ដើម្បីជំរុញ និងផ្សព្វផ្សាយឱ្យអាណាព្យាបាលបានបញ្ជូនកូនៗមកសាលា និងកុមារទាំងអស់ស្រលាញ់ការសិក្សា»។
ព្រឹត្តិការណ៍នេះ បានដំណើរការទៅបាន គឺដោយសារតែមានការរួមចំណែកពីក្រុមហ៊ុនឧបត្ថម្ភក្នុងស្រុក ដូច ជា San Mode, Cheers, JS Service, Phnom Penh Biopharma, RTD, KS SeaStar, Sophiya Tours, 3 Sister (Cambodia) Enterprise, MOB Cooperation, KC Food, Dream Land, U&Me Spa, Ocean, និងសប្បុរសជនជាច្រើនទៀត។ JCI Cambodia – Chaktomuk សង្ឃឹមថា នឹងរៀបចំ ព្រឹត្តិការណ៍ និងគម្រោងដ៏អស្ចារ្យផ្សេងៗដែលអាចជួយនាំមកនូវឥទ្ធិផលជាច្រើនទៀតដល់សង្គម និងជា ពិសេសសហគមន៍របស់យើងដែលកំពុងខ្វះខាត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖ កញ្ញា ព្រឿង ណារ័ត្ន ប្រធានគម្រោង «ឯកសណ្ឋាន សម្រាប់សាលារៀន»
លេខទូរស័ព្ទ៖ 017 284 466
អីុម៉េល ៖ proeungnaroth@yahoo.com
ចែករំលែកព័តមាននេះ