ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ពៅ បញ្ញា​ពេជ្រ ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​ផ្តល់​កម្លាំងចិត្ត​ដល់​នាង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ ដែល​តែងតែ​លើកទឹកចិត្ត​ដល់​រូប​នាង ដោយ​ចាត់​ទុក​ការ​ផ្តល់​កម្លាំងចិត្ត​នេះ​ពិតជា​មិន​អាច​ខ្វះ​បាន​…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ ដែល​តែងតែ​លើកទឹកចិត្ត​ដល់​រូប​នាង ដោយ​ចាត់​ទុក​ការ​ផ្តល់​កម្លាំងចិត្ត​នេះ​ពិតជា​មិន​អាច​ខ្វះ​បាន ហើយ​ជា​បុព្វហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​មើលឃើញ​ពិភពលោក​ធំ​ជាង​មុន ។

កញ្ញា​ពៅ បញ្ញា​ពេជ្រ ស្ទើរតែ​គ្មាន​សង្ឃឹម​ក្នុង​ជីវិត ខណៈ​នាង​ក្លាយជា​ជន​ពិការ​អង្គុយតែ​លើ​រទេះរុញ បន្ទាប់​ពី​នាងរង​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​កាលពី​ជិត​១០​ឆ្នាំ​មុន ។ ការ​ផ្ញើ​សារ​របស់់​កញ្ញា​ពៅ បញ្ញា​ពេជ្រ នេះ​បន្ទាប់​ពី​រូប​នាង​តែងតែ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ជាមួយនឹង​ការ​បកស្រាយ​បទ​ចម្រៀង ហើយ​មាន​អ្នក​ចូល​ទស្សនា​ជា​ច្រើន​នាក់ ក្នុង​នោះ​បាន​ភ្ជាប់​សារ​លើកទឹកចិត្ត និង​ជូនពរ​ដល់​រូប​នាង​ឲ្យ​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ ។

កញ្ញា​ពៅ បញ្ញា​ពេជ្រ ចាត់​ទុក​ការ​ផ្តល់​កម្លាំងចិត្ត គឺជា​ស្ពាន​មួយ​ចម្លង​ឲ្យ​នាង​ដើរទៅ​មុខ​បន្ត​ទៀត និង​មើលឃើញ​ពិភពលោក​កាន់តែ​ធំ​ជាង​មុន បន្ទាប់​ពី​មុន​នេះ​នាង​ស្ទើរតែ​បាត់បង់​កម្លាំងចិត្ត ដោយសារ​អាការ​ជំងឺ​របស់​នាង​ចេះ​តែ​ធ្វើទុក្ខ​ស្ទើរ​មិន​លស់​ថ្ងៃ និង​មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​ជា​សះស្បើយ ។

កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បទ​ចម្រៀង រួម​ជាមួយនឹង​សារ​សរសេរ​ថ្លែងអំណរគុណ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​មែនទែន​ដោយសារ​តែ​បងប្អូន​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​នាង​ខ្ញុំ​ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មើលឃើញ​ពិភពលោក​នេះ​កាន់តែ​ធំ​ទូលាយ ដូចនេះ​នាង​ខ្ញុំ​ត្រូវ​តែ​ខំប្រឹង​ប្រែង​តទៅ​ទៀត នាង​ខ្ញុំ​នឹង​មិន​ធ្វើ​ឱ្យ​បងប្អូន​ខកបំណង​ទេ ហើយ​ថ្ងៃនេះ​បញ្ញា​ពេជ្រ​សូម​ជូន​នូវ​ចម្រៀង​ជា​បន្តបន្ទាប់​ដែល​ច្រៀង​ដោយ ផ្ទាល់​របស់​នាង​ខ្ញុំ សូម​បងប្អូន​ទទួល​រីករាយ ។ បងប្អូន​បាន​កម្សាន្ត​អារម្មណ៍ ចំណែក​នាង​ខ្ញុំ​ទទួល​បាន​នូវ​កម្លាំងចិត្ត​ពី​បងប្អូន ដូចនេះ​មាន​ន័យ​ថា យើង​ចំណេញ​ទាំងអស់​គ្នា​» ។

កន្លង​មក ពៅ បញ្ញា​ពេជ្រ ធ្លាប់​អះអាង​ថា ក្រុម​គ្រូ​ពេ​ទ្រ​បាន​រក​ឃើញ​ថ្នាំ​ម្យ៉ាងដែ​លអាច​ព្យាបាល​ជំងឺ​នាង តែ​ថ្នាំ​នោះ​នៅ​មិន​ទាន់​មាន​លក់​ក្នុងស្រុក​ខ្មែរ​ទេ ហេតុនេះ​នាង​ត្រូវ​បន្ត​តាមដាន​បន្ថែម​ទៀត ម្យ៉ាង​នាង​ត្រូវ​តាមដាន​ទៅ​លើ​ប្រសិទ្ធភាព​ថ្នាំ​នោះ​ផង​ដែរ ព្រោះ​វា​នៅ​មិន​ទាន់​ប្រាកដ​ថា​ពូកែ​មួយ​រយ​ភាគរយ​នៅឡើយ​ទេ ។

ទោះជា​យ៉ាងណា​ក្តី ពៅ បញ្ញា​ពេជ្រ បញ្ជាក់​ថា ប្រសិនបើ​ថ្នាំ​នោះ​ពិតជា​ពូកែ​មែន​នោះ​នាង​មិន​ទាន់​សង្ឃឹមថា អាច​មាន​លទ្ធភាព​ទិញ​យក​មក​ប្រើ​ដែរ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ  ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​ក្រុម​គ្រូ​ពេ​ទ្រ​ដដែល ដើម្បី​ឲ្យ​អាការ​ជំងឺ​របស់​នាង​បាន​ធូរស្បើយ និង​មិន​ធ្វើទុក្ខ ខណៈ​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​មិន​អាច​ដើរ​បាន​នៅឡើយ ។

ក្នុង​ពេល​ទទួល​បាន​ភាព​ល្បីល្បាញ​ជា​ច្រើន​ឆ្នាំ ជាប់​ៗ​គ្នា​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ជាមួយ​សម្រស់​ក្មេងខ្ចី តារាចម្រៀង កញ្ញា​ពៅ បញ្ញា​ពេជ្រ ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០០៧ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសាបរទេស​មួយ​ក្បែរ​របង​អតីត​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ អ្នក​របួស​រូប​នេះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ហើយ​បន្ទាប់​មក​បន្ត​ទៅ​ប្រទេស​ថៃ និង​ចុង​ក្រោយ​វិល​មក​កម្ពុជា​វិញ​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១២​ ។

មុន​វិល​ត្រឡប់​មក​កាន់​ស្រុក​វិញ​ម្ចាស់​បទ​ចម្រៀង «​ស្នេហ៍​គ្មាន​ខណ្ឌ​» កញ្ញា​ពៅ បញ្ញា​ពេជ្រ ធ្លាប់​អះអាង​ថា នាង​មិន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ខ្លាំង​ពេក​ឡើយ​ដោយសារ​ថា នៅ​ពេល​នេះ​នាង​មិនមែន​ជាតា​រា​ដែល​អាច​កាន់​ក្បាល​មេក្រូ​ច្រៀង​ដូច​មុន​ឡើយ ពោល​គឺ​នាង​ក្លាយជា​ជន​ពិការ​ម្នាក់​ទៅ​ហើយ ។ អ្វី​ដែល​នាង​ប្រាថ្នា​ចង់បាន​នា​ពេល​នេះ គឺ​សុំ​ត្រឹមតែ​បន្ត​ការ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ទឹកដី​កំណើត​ក្នុង​ក្តី​សង្ឃឹមថា ប្រសិនបើ​អាច​បានជា​សះស្បើយ នាង​អាច​មានឱកាស​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី​ទៀត ៕