រាជធានីភ្នំពេញ ៖ សាកសពរបស់ស្ត្រីវ័យចំណាស់ជនជាតិអាឡឺម៉ង់ម្នាក់ត្រូវបានបុរសជនជាតិបរទេស៤នាក់ដឹកតាមរថយន្តម៉ាកហ្វត១គ្រឿងមិនដឹងជាមកពីណាយកមកទម្លាក់ចោលនៅខាងមុខមន្ទីរពេទ្យឯជនយីហោ«មន្ទីរពេទ្យមេគង្គ» រួចនាំគ្នាឡើងជិះរថយន្តត្រឡប់ទៅវិញបាត់អស់ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅមុខមន្ទីរពេទ្យមេគង្គ ដែលមានអាសយដ្ឋានផ្ទះលេខ១៩៨ ផ្លូវលេខ៦៣ កែងផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីបុគ្គលិកពេទ្យម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានបុរសជាជនជាតិបរទេស៤នាក់បានដឹកស្ត្រីម្នាក់ឈ្មោះ WETHEKAM TANJA MARIA អាយុ៦០ឆ្នាំ ជនជាតិអឡឺម៉ង់ តាមរថយន្តម៉ាកហ្វត ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-5764 មួយគ្រឿងដោយពុំមានអ្នកណាដឹងថា មានជម្ងឺអ្វីឡើយមកកាន់មន្ទីរពេទ្យខាងលើក្នុងបំណងឱ្យជួយសង្គ្រោះរូបគាត់ ។ ពេលនោះបុគ្គលិកពេទ្យដែលបម្រើការនៅក្នុងគ្លីនិកខាងលើក៏បានចេញទៅធ្វើការពិនិត្យស្ត្រីរងគ្រោះនៅក្នុងរថយន្ត ហើយក៏បានប្រាប់ទៅបុរសជាជនជាតិបរទេសទាំងនោះថា ស្ត្រីរូបនេះបានស្លាប់បាត់ទៅហើយ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបានឮថា ក្រុមគ្រូពេទ្យបានប្រាប់ថា ស្ត្រីវ័យចំណាស់រងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនោះ ពួកគេទាំង៤នាក់នោះក៏នាំគ្នាដើរសំដៅរថយន្តហើយលើកសពរបស់ស្ត្រីរងគ្រោះចុះយកទៅដាក់ទុកចោលនៅខាងមុខមន្ទីរពេទ្យ រួចក៏នាំគ្នាឡើងជិះរថយន្តជិះគេចខ្លួនទៅបាត់អស់ ។ ពេលដែលក្រុមជនបរទេសទាំងនោះនាំគ្នាឡើងជិះរថយន្តចេញទៅបាត់ភ្លាម ដោយបន្សល់ទុកនូវសាកសពស្ត្រីរងគ្រោះតែម្នាក់ឯងនោះ បុគ្គលិករបស់គ្លីនិកខាងលើក៏បានរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកធ្វើការត្រួតពិនិត្យភ្លាមផងដែរ ។
ក្រោយមានការភ្ញាក់ផ្អើលកើតឡើងនោះ គេក៏បានឃើញមានជនបរទេសប្រុស-ស្រីដូចគ្នាជាច្រើននាក់បានមកដល់កន្លែងកើតហេតុ ដោយបានធ្វើការទាមទារឱ្យកម្លាំងមានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យឱ្យបានល្អិតល្អន់ទៅលើការស្លាប់របស់ស្ត្រីរងគ្រោះខាងលើផងដែរ ។
ពាក់ព័ន្ធទៅនឹងការស្លាប់របស់ស្ត្រីវ័យចំណាស់ជនជាតិអាឡឺម៉ង់ខាងលើនេះ កម្លាំងមានសមត្ថកិច្ចមិនទាន់បានដឹងថា នាងស្លាប់ដោយសារអ្វី និងត្រូវបានបុរសជនបរទេសទាំង៤នាក់នោះដឹកយកមកពីណានៅឡើយទេ ។ សមត្ថកិច្ចបានបញ្ជូនសពទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីធ្វើការស្រាវជ្រាវជាបន្តទៀតផងដែរ ៕
ចែករំលែកព័តមាននេះ