រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនAPIGដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនMidrich Capital Groupមកពីចក្រភពអង់គ្លេស នឹងបោះទុនវិនិ យោគចំនួន២០លានដុល្លារលើគម្រោងឧស្សាហកម្មកាស៊ីណូ នៅខេត្តព្រៃវែង នាពេលឆាប់ៗខាងមុខនេះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Midrich Capital Group ។
ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុន APIG កាលពីថ្ងៃទី២៩ សីហា លោក ហួត សារ៉ាវុត អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនAPIG ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា APIGមិនត្រឹមតែបម្រើឧស្សាហកម្មកាស៊ីណូប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទីក្រុងកម្សាន្តដ៏សម្បូរបែបមួយ ។
លោក ហួត រ៉ាវុត បញ្ជាក់ថា ៖ « ក្នុងដំណាក់កាលដំបូងនេះ យើងនឹងវិនិយោគលើ ទឹកប្រាក់ចំនួន២០លានដុល្លារ ហើយទីក្រុងកម្សាន្តនេះ យើងនឹងផ្លាស់ប្តូរចំណាប់អារម្មណ៍ទូទៅនៃឧស្សាហកម្មកាស៊ីណូ ដោយបន្ថែមនូវ សណ្ឋាគារ បន្ទប់សន្និសីទ ភោជនីយដ្ឋាន អាងហែលទឹក សម្ភារកីឡា និងសម្ភារកម្សាន្តផ្សេងៗ ទៀត ដែលធំជាងគេនៅខេត្តព្រៃវែង និងនៅតំបន់ជាប់ព្រំដែនប្រទេសវៀតណាម » ។
ទាក់ទងជាមួយនឹងការបើកនូវឧស្សាហកម្មកាស៊ីណូ និងទីក្រុងកម្សាន្តថ្មីនេះ លោកអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនAPIGមានប្រសាសន៍ថា ក្រុមហ៊ុនលោកបានមើលឃើញពីស្ថានភាព នយោបាយ ស្ថានភាពសេដ្ឋកិច្ច ការចំណាយរបស់ប្រជាពលរដ្ឋ និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង និងមួយវិញទៀត កម្ពុជាជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅអាស៊ី ។
លោក រស់ ភារុណ អនុប្រធានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចធ្លាប់បានប្រាប់ កោះសន្តិភាពកន្លងមកថា ចំណូលពន្ធពីឧស្សាហកម្មកាស៊ីណូប្រមូលបានជាង២០លានដុល្លារក្នុង ឆមាសទី១ឆ្នាំនេះ ធៀបទៅនឹងឆមាសទីមួយឆ្នាំ២០១៤មានត្រឹមតែជាង១០លានដុល្លារ ប៉ុណ្ណោះ ។
លោកក៏បានឲ្យដឹងទៀតថា ភាពល្អប្រសើរនៃទំនាក់ទំនងរបស់កម្ពុជា ធ្វើឲ្យលំហូរភ្ញៀវដែលចូលមកលេងល្បែងតាមកាស៊ីណូនានានៅជាប់ ព្រំដែនកម្ពុជា-ថៃកាន់តែមានភាពប្រសើរឡើង ។
លោកមានប្រសាសន៍ទៀតថា ៖ « យើងសង្កេតឃើញថា បច្ចុប្បន្ននេះគឺមានភ្ញៀវមកពីថៃកាន់តែច្រើនឡើង បន្ទាប់ពីស្ថានភាពមិនចុះសម្រុងដាក់គ្នាលើបញ្ហាព្រំដែនបានបញ្ចប់ » ។
ដោយឡែកលោក ភារុណ ក៏ធ្លាប់បានបញ្ជាក់ទៀតដែរថា ភ្ញៀវមកពីប្រទេសវៀតណាមមានការធ្លាក់ចុះបន្តិច ចាប់តាំងពីរដ្ឋាភិបាលរបស់ពួកគេបានអនុញាត្តឲ្យមានការបើកកាស៊ីណូ ក្នុងប្រទេសគេមក និងការធ្លាក់ចុះនៃភ្ញៀវចិនដែលស្នាក់នៅ និងបម្រើការនៅប្រទេសវៀតណាម ដោយសារបញ្ហាផ្ទុះឡើងនូវអំពើហិង្សាដុតរោងចក្រកន្លងមក ដែលធ្វើឲ្យវិនិយោគគិនចិនចាកចេញពីប្រទេសរបស់ខ្លួន ។
លោក ហួត សារ៉ាវុត អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនAPIG ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កាស៊ីណូ APIG នឹងទទួលបានជោគជ័យដោយសារតែលោកមើលឃើញពីសក្ដានុពល ទីផ្សារក្រៅប្រទេសកំពុងតែជួបនូវបញ្ហាជាច្រើន ហើយម្យ៉ាងទៀត ឱកាសសេដ្ឋកិច្ចនៅកម្ពុជាកំពុងអំណោយផល។ ដូច្នេះAPIGនឹងចាប់ផ្តើមដណ្តើមទីផ្សារនៅប្រទេសកម្ពុជាដើម្បី ប្រកួតប្រជែងកាស៊ីណូនៅសង្ហិបុរី ហ្វ៊ីលីពិន និងបណ្តាប្រទេសដទៃទៀត ។
លោក ហួត សារ៉ាវុត បន្តថា ៖ « រវាងកាស៊ីណូទាំងពីរ Naga World និង APIGមានស្តង់ដាខុសគ្នា ពីព្រោះខេត្តព្រៃវែងឆ្ងាយពីភ្នំពេញ ដូច្នេះយើងទទួលភ្ញៀវដែលមកពីប្រទេសវៀតណាម ប្រទេសចិន និងប្រទេសនៅបណ្តាអាស៊ីអាគ្នេយ៍មួយចំនួនទៀត » ។
បើតាមសម្តីលោកភារុណ បានប្រាប់កោះសន្តិភាពកន្លងមកថា មានការកើនឡើងខ្ពស់នូវចំណូលដែលបានមកពីកាស៊ីណូក្នុងចុងត្រីមាសទី ១នេះ ដោយសារការហូតពន្ធបានខ្ពស់ពីកាស៊ីណូណាហ្គាវើលប្រមាណជា៩លាន ដុល្លារអាមេរិក ។
ទោះបីយ៉ាងណា លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់មានប្រសាសន៍ប្រាប់កោះសន្តិភាពថា លោកមិនគាំទ្រឲ្យរាជរដ្ឋាភិបាលធ្វើការខិតខំទាក់ទាញវិនិយោគិនមក ធ្វើការវិនិយោគលើវិស័យនេះឡើយ ខណៈពេលដែលខ្លួនពុំទាន់មានច្បាប់គ្រប់គ្រងច្បាស់លាស់ ។
រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងធ្វើការអនុម័តនូវច្បាប់គ្រប់គ្រង កាស៊ីណូនាដំណាច់ឆ្នាំនេះ ក្នុងបំណងដើម្បីបង្កើនការប្រមូលចំណូលឲ្យមានចំនួនទេ្វដង ហើយកាលពីដំណាច់ឆ្នាំមុន កម្ពុជាទទួលបានចំណូលប្រមាណជា២៥លានដុល្លារ ។ ចំណូលពីឧស្សាហកម្មកាស៊ីណូនៅដំណាច់ឆ្នាំនេះ នឹងសម្រេចបានប្រមាណជា៣៤លានដុល្លារ។ ដោយឡែក កម្ពុជាមានកាស៊ីណូប្រមាណ៦៤ កើនពីចំនួន៥៥កាលពីឆ្នាំមុន ។ នេះបើតាមអនុប្រធានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ប្រាប់កោះសន្តិភាព នាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ