ខេត្តប៉ៃលិន ៖ បុរសម្នាក់ជាបុគ្គលិកកាស៊ីណូផ្នែកអនាម័យបានរងរបួសធ្ងន់ ប្រេះឆ្អឹងស្មាផ្នែកខាងឆ្វេង រយះក្បាលជង្គង់ទាំងសងខាង ត្រូវក្រុមគ្រួសារដឹកតាមរថយន្តឈ្នួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជិះម៉ូតូដឹកកូនស្រីទៅសាលារៀន លុះត្រឡប់មកវិញជិតដល់ផ្ទះ ស្រាប់តែមានសត្វគោជំទង់១ក្បាលផ្អើលសត្វឆ្កែដេញព្រុស រត់បុកចំកង់មុខពេញទំហឹង ដួលប្រាវបោកនឹងផ្លូវថ្នល់សន្លប់តែម្តង ។
ហេតុការណ៍សត្វគោផ្អើលរត់បុកម៉ូតូដួលរបួសធ្ងន់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចអូរកម្មករ ចំងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះភិន វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយកន្លែងនៅភូមិផ្សារព្រំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះវ៉ន ឆៃ អាយុ៣៣ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ដឹកកូនស្រីឈ្មោះសុខ ស្រីកា អាយុ១២ឆ្នាំ ទៅសាលារៀនឯកជនមួយកន្លែងក្នុងភូមិផ្សារព្រំ ក្នុងទិសដៅពីជើងទៅត្បូង ខណៈកំពុងតែជិះម៉ូតូត្រឡប់មកផ្ទះវិញជិតដល់ផ្ទះទៅហើយ ក៏ឮសំឡេងឆ្កែ២-៣ក្បាលដេញព្រុសសត្វគោ២ក្បាលដែលកំពុងស៊ីស្មៅក្នុងព្រៃ បណ្តាលឱ្យសត្វគោជំទង់១ក្បាលផ្អើលស្ទុះរត់យ៉ាងលឿនបោលទៅបុកប៉ះចំកង់ម៉ូតូផ្នែកខាងមុខ បណ្តាលឱ្យដួលប្រាវរងរបួសសន្លប់នៅនឹងកន្លែងតែម្តង ។
ប្រភពបន្តទៀតថា ពេលនោះមានអ្នកជិតខាងឃើញក៏ទៅប្រាប់គាត់ឱ្យប្រញាប់រករថយន្តឈ្នួលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។ ចំណែកម្ចាស់គោគាត់ស្គាល់ឈ្មោះហើយ ថែមទាំងបានប្រាប់ឱ្យចេញសងលុយកាក់មួយចំនួនថ្លៃព្យាបាលរបួស តែហាក់ដូចជាមិនអើពើ និងយកចិត្តទុកដាក់នោះឡើយ ។
តែទោះបីជាយ៉ាងណា គាត់រង់ចាំដល់ពេលប្តីដឹងខ្លួនឡើងវិញនឹងទៅប្រាប់ម្ចាស់គេម្តងទៀត ហើយក៏មិនចង់ប្តឹងផ្តល់អ្វីដែរ ព្រោះជាអ្នកជិតខាងនឹងគ្នា ៕
ចែករំលែកព័តមាននេះ