ខេត្តកំពង់ស្ពឺ ៖ ផ្ទះឈើប្រក់ស័ង្កសី២ខ្នង, ម៉ាស៊ីនភ្លើង១គ្រឿង និងត្រាក់ទ័រ១គ្រឿង ត្រូវជនមិនស្គាល់មុខលួចដុតឆេះគ្មានសល់ ខណៈម្ចាស់រវល់ទៅភ្នំពេញព្យាបាលជម្ងឺ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២រំលងអ្រធាត្រឈានចូលថ្ងៃទី៣០ មិថុនា ២០១៥ នៅចំណុចភូមិស្រែជើងរាស្ត្រ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះមានឈ្មោះផល ចាន់លី ភេទស្រី អាយុ៤៨ឆ្នាំ ។
តាមការអះអាងពីម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះបានឱ្យដឹងថា មួយរយនេះក្រុមគ្រួសារគាត់មិនសូវបានស្នាក់នៅផ្ទះកើតហេតុនេះទេ គឺទៅព្យាបាលជំងឺនៅភ្នំពេញ ។ ម្ចាស់ផ្ទះបន្តថា នៅយប់កើតហេតុមានព្រលឹងមួយមកពន្យល់សប្តិរូបគាត់ឱ្យនាំក្រុមគ្រួសារត្រឡប់ទៅផ្ទះវិញ(កន្លែងកើតហេតុ)ឱ្យលឿនបំផុត ព្រោះមានមនុស្សមិនល្អចង់ដុតបំផ្លាញផ្ទះ និងត្រាក់ទ័ររបស់គាត់ចោលហើយ និយាយចប់ព្រលឹងនោះក៏រលាយបាត់ទៅ ។
លុះភ្លឺឡើងថ្ងៃខែឆ្នាំដដែល អ្នកស្រុកក៏បានទូរស័ព្ទមកប្រាប់គាត់ថា មានជនមិនស្គាល់មុខមកលួចដុតផ្ទះរបស់គាត់ និងត្រាក់ទ័រឆេះខេ្ទចអស់ហើយ ។ គ្រាន់តែលឺអ្នកស្រុកនិយាយបែបនេះ ធ្វើឱ្យគាត់ព្រមទាំងក្រុមគ្រួសារមានការក្តុកក្តួលយ៉ាងខ្លាំង ម្នាក់ៗនិយាយលែងចេញ បានត្រឹមតែសម្លឹងមើលមុខគ្នាទាំងក្តីអស់សង្ឃឹម ។
ផ្ទះដែលគេលួចដុតនោះមានទំហំ៨ម៉ែត្រគុណនឹង១០ម៉ែត្រ ១ខ្នង និង១ខ្នងទៀតមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ដែលមានចំងាយពីគ្នា១០ម៉ែត្រ ត្រូវគេលួចដុតឆេះខ្ទេចគ្មានសល់អ្វីឡើយ ។ ការឆេះនោះខូចខាតអស់ផ្ទះ២ខ្នង ខ្ចូសសំរាប់អង្គុយហូបបាយ១កន្លែង និងសម្ភារប្រើប្រាស់មួយចំនួនធំ(មិនមានមាសប្រាក់ទេ) តែអ្វីដែលខូចខាតធ្ងន់គឺត្រាក់ទ័រ១គ្រឿងដែលមានតម្លៃជិត៤០.០០០ដុល្លារ និងម៉ាស៊ីនភ្លើង១គ្រឿង ។
អ្វីដែលគាត់ជឿថាមានអ្នកលួចដុត ព្រោះរយៈពេលកន្លងមកមានមនុស្សគំរាមកូនក្មួយ និងអ្នកចាំផ្ទះគាត់ថា បើហ៊ាននៅទីនេះទៀតប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត ។ ក្រោយពីនោះកូនក្មួយគាត់មិនបាននៅផ្ទះដូចសព្វដងនោះទេ គឺបានបែកគ្នាទៅរកស៊ីរៀងខ្លួន ដោយទុកផ្ទះនោះឱ្យនៅទំនេរចោល ។ រឿងនេះកូនក្មួយគាត់ក៏បានប្រាប់គាត់ពីបញ្ហានេះដែរ តែគាត់បានប្រាប់វិញថា កុំយកចិត្តទុកដាក់ធ្វើអី អ្នកភូមិជាមួយគ្នា មិនអាចធ្វើរឿងនេះកើតទេ ។
ម្យ៉ាងទៀតបានជាគាត់ហ៊ានអះអាងថាមានគេលួចដុតបែបនេះ ដោយសារតែប៉ុន្មានថ្ងៃនេះមេឃភ្លៀងជាប់គ្នាទើបតែរាំងមុនពេលភ្លើង ឆេះមួយថ្ងៃ ណាមួយផ្ទះគ្មានមនុស្សនៅ គឺមិនមានប្រើប្រាស់ភ្លើងចង្ក្រាន ឬក៏ភ្លើងអ្វីទៀតឡើយ ។
ម្ចាស់ផ្ទះបានបន្តទៀតថា ទើបតែមានអ្នកស្រុកទូរស័ព្ទប្រាប់គាត់ថាផ្ទះឆេះអស់ហើយ ទើបគាត់នឹកដល់រឿងដែលកូនក្នួយនិយាយប្រាប់ ។ ពេលនេះគាត់កំពុងតែរៀបចំដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្ត ដើម្បីឱ្យជួយស្រាវជ្រាវរកមុខជនដែលលួចដុតផ្ទះរបស់គាត់យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ