រាជធានីភ្នំពេញ ៖ រថយន្តISUZU mu-X ដែលជាបច្ចេកវិទ្យាថ្មីបំផុតរបស់ ISUZU Motors បាននាំចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយរថយន្តស៊េរីទំនើបៗ ជាប្រភេទ រថយន្ត ដំណើរកម្សាន្តលក្ខណៈគ្រួសារ និងមុខជំនួញ ។ រថយន្តប្រភេទនេះបានចូលមកកាន់ទីផ្សារកម្ពុជា ចាប់តាំងពីអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ ហើយវា បានទាក់ទាញអតិថិជនកម្ពុជា គួរសមដែរ ដោយសារតែរថយន្តនេះ ផលិតឡើងមានរូបរាងស្អាត និងរឹងមាំដោយវាផលិតឡើងពីដែកម្យ៉ាងរឹងស្វិត ។
លោក Koi giro Yoshida ជំនួយការ អ្នកគ្រប់គ្រង ក្រុមហ៊ុន Isuzu នៅមជ្ឈិមបូព៌ា អាមេរិកកណ្ដាល អាមេរិកខាងត្បូង ឡាវ និងកម្ពុជា បានអោយដឹងថា ដោយសារតែកម្ពុជា ជាប្រទេសមួយដែលនិយមរថយន្តស៊េរីថ្មីគួរសមដែរនោះ យើងក៏បាននាំរថយន្តស៊េរីថ្មីដែលយើងទើបតែផលិតបាននោះ មកកាន់ទីផ្សារដើម្បីបង្ហាញជូនអតិថិជនក្នុងប្រទេសកម្ពុជា ។
លោកបន្តថាបើតាមការសង្កេតជាក់ស្ដែង ទីផ្សាររថយន្តនៅកម្ពុជាមួយចំនួនធំនាំចូលរថយន្តមួយទឹក ហើយប្រជាជនកម្ពុជាមួយចំនួនទៀតក៏ពេញនិយមប្រើប្រាស់រថយន្តថ្មីៗ ហើយការប្រើប្រាស់រថយន្តថ្មីៗ នៅកម្ពុជា ក៏បានវិវត្តន៍កើនឡើងបន្តិចម្ដងៗ ដែលជាហេតុធ្វើអោយក្រុមហ៊ុន របស់យើងខិតខំធ្វើយ៉ាងណាដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនក៏ដូចជាបង្ហាញជូនអតិថិជន ពីអានុភាពរថយន្តរបស់យើង ។ យើងតែងតែអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ទំនើបៗបំពាក់ក្នុងរថយន្តស៊េរីថ្មីរបស់យើង ជាពិសេសប្រពន្ធ័ការពារសុវត្ថិភាពក្នុងពេលបើកបរ ដោយយើងបានបំពាក់ពោងសុវត្ថិភាពមុខរឹងមាំជាងមុន ហើយកន្លែងអង្គុយទាំងអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តត្រូវធានាសុវត្ថិភាព និងផាសុកភាព ។ ហើយអ្វីដែលយើងគិតគូរជាងគេទៀតនោះ គឺកម្រិតស៊ីប្រេងរបស់រថយន្តអោយកាន់តែតិច ដើម្បីសន្សំសំចៃថាមពល និងថវិកា អ្នកប្រើប្រាស់ ផងដែរ ។
លោក ហ៊ន សេម នាយកទីផ្សារនៃក្រុមហ៊ុន K (Cambodia .,Ltd ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយរថយន្ត ISUZU mu-X ក៏បានមានប្រសាសន៍ដែរ ចាប់តាំងពីរថយន្តISUXU mu-X បានចូលមកកាន់ទីផ្សារកម្ពុជា តាំងពីអំឡុង ចុងឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ យើងបានលក់ជូនអតិថិជនជាបន្តបន្ទាប់ដែរ សម្រាប់ជាលក្ខណៈដំណើរកម្សាន្ត និងលក្ខណៈមុខជំនួញ ផ្ទាល់ខ្លួន ហើយក៏មានអតិថិជនជាបន្តបន្ទាប់ទៀតដែរ ដែលបាននឹងកំពុងសាកសួរទិញរថយន្តថ្មីនេះសម្រាប់ប្រើប្រាស់ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន K(Cambodia) .,Ltd បានបង្កើតនៅកម្ពុជា ក្នុងឆ្នាំ២០០៩ និងទទួលបានសិទ្ធិចែកចាយរថយន្តម៉ាកISUZU នៅកម្ពុជា ពីក្រុមហ៊ុន ISUZU Motors Limited (Japan ) និងក្រុមហ៊ុន ISUZU Operation Thailand ជាអ្នកចែកចាយបន្តរថយន្តISUZU D-MAX, Pick Up និងរថយន្ត ដឹកទំនិញជាដើម ៕
ចែករំលែកព័តមាននេះ