ខេត្តត្បូងឃ្មុំ៖ ស្នូរគ្រាប់កាំភ្លើង បានផ្ទុះឡើងទ្រហឹងចំនួន២គ្រាប់ ដែលបង្កដោយក្រុមចោរប្លន់ប្រដាប់អាវុធ១ក្រុមមានគ្នា២នាក់ បានចូលប្លន់ផ្ទះដង្ខៅគោនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ បណ្តាលឲ្យកូនប្រសារប្រុសម្ចាស់ផ្ទះម្នាក់រងរបួសចំភ្លៅខាងឆ្វេង ហើយចោរប្លន់បានប្រមូលលុយព្រមទាំងគ្រឿងអលង្ការជាច្រើនផងដែរ ។
កូនប្រសាររងគ្រោះមានឈ្មោះ អ៊ីម ភាព ភេទប្រុស អាយុ៣១ឆ្នាំ រងរបួចំភ្លៅឆ្វេង ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ផ្ទះដែលរងដោយអំពើប្លន់ឈ្មោះ តុល តុងភេទប្រុស អាយុ៥៣ឆ្នាំ ស្របពេលដែលសមាជិកក្រុមគ្រួសារកំពុងតែនៅជុំគ្នា មិនទាន់នឹងបិទទ្វារផងនោះក៏ស្រាប់តែមានក្រុមចោរប្រដាប់អាវុធ២នាក់បានដើរសំដៅ ចូលមកដល់ក្នុងផ្ទះ រួចដកកាំភ្លើងខ្លី K59 ភ្ជង់គំរាមបាញ់សម្លាប់ ប្រសិនបើអ្នកណាតដៃនោះ ។ប្រភពដដែលបន្តថា គ្រានោះដោយសារកូនប្រសារប្រុសម្ចាស់ផ្ទះ មិនបានស្តាប់បង្គាប់ចោរទើបចោរបាញ់ចំនួន២គ្រាប់ចំភ្លៅ១គ្រាប់ រួចក្រុមចោរបានធ្វើសកម្មភាព រើកកាយរកទ្រព្យសម្បត្តិមានតម្លៃ រួចគេចខ្លួនបាត់តែម្តង ។
បន្ទាប់ពីក្រុមចោរគេចខ្លួនអស់ ទើបក្រុមគ្រួសារហ៊ានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ ចំណែកសមត្ថកិច្ចទាល់តែក្រុមចោរគេចខ្លួនបាត់អស់ទើបឃើញទៅដល់កន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ